ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតមួយ កាលពីថ្ងៃសុក្រ សុំឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើ លោក មឿន តុលា សកម្មជនសិទ្ធិការងារ ដែលត្រូវរងការចោទប្រកាន់ពីការកិបកេងបច្ច័យបុណ្យសពលោក កែម ឡី អ្នកវិភាគនយោបាយ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់ចំពោះលោក មឿន តុលា ព្រមជាមួយព្រះអង្គ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង អ្នកតស៊ូមតិប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ពីបទរំលោភលើទំនុកចិត្ត កាលពីខែមករាកន្លងទៅ។
ផ្ទុយទៅវិញខាងសមាជិកក្រុមគ្រួសារលោក កែម ឡីបានអះអាងថា អ្នកទាំង ៣ គ្មានជាប់ពាក់ពន្ធ័នឹងការចាត់ចែងបច្ច័យបុណ្យសពលោក កែម ឡី ទេ។ ការចោទប្រកាន់នេះត្រូវបានថ្កោលទោសពីក្រុមអង្គការសិទ្ធិមនុស្សផងដែរ។
ពេលនេះ ក្រសួងការងារបានស្នើសុំទម្លាក់ចោលការចោទប្រកាន់ប្រឆាំងទៅលើលោក តុលា ដោយបានបញ្ជាក់នៅក្នុងលិខិតស្នើសុំថា ដើម្បីធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ។ លោក តុលា ដែលពេលនេះកំពុងភៀសខ្លួននៅក្រៅប្រទេសបានលើកឡើងថា ការស្នើសុំទម្លាក់ការចោទប្រកាន់មកលើរូបលោក គឺជាការដាក់សម្ពាធពីក្រុមហ៊ុនអ្នកបញ្ជាទិញសម្លៀកបំពាក់។
តំណាងក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំនៅ អាមេរិក និងសហគមអឺរ៉ុបរួមបញ្ចូលទាំង Gap និង H&M ផងនោះ បានជំរុញឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ប្រឆាំងទៅនឹងលោក តុលាផងដែរ។
ក្រុមហ៊ុនវាយនភ័ណ្ឌយក្សរបស់អាមេរិក គឺ VF cooperation ដែលតំណាងឲ្យម៉ាក North Face, JanSport និង Timberland ក៏បានលើកឡើងពីកង្វល់ក្នុងកិច្ចប្រជុំជាមួយក្រសួង ការងារ កាលពីខែមុនថា សកម្មភាពនាពេលថ្មីៗនេះ ហាក់ដូចជាប៉ះពាល់ដល់វឌ្ឍនភាពឆ្ពោះទៅរកការលើកកម្ពស់សិទ្ធិរបស់កម្មករ។
លោកស្រី Naly Pilorge នាយិកាប្រតិបត្តិរបស់អង្គការ LICADHO បានលើកឡើងថា លោកស្រី មិនប្រាកដទេថាហេតុអ្វីបានជាក្រសួងបានធ្វើការស្នើសុំទម្លាក់ចោលការចោទប្រកាន់ តែបានសាទរនិងសង្ឃឹមថា នឹងមានការទម្លាក់ចោលការចោទប្រកាន់នេះមែន។ ការចោទប្រកាន់ទៅលើអ្នកទាំង ៣ គឺលោក តុលា ព្រះអង្គ ប៊ុនតិញ និងលោក ងួនទៀង គួរធ្វើជាបន្ទាន់ និងសរសេរជាលាយលក្ខណ៍អក្សរជាក់លាក់។
លោក តុលា បានលើកឡើងថា ការស្នើសុំទម្លាក់ចោលការចោទប្រកាន់នេះគឺជាដំណើរការមួយប្រកបដោយភាពវិជ្ជមាន តែលោកអះអាងថា លោកនៅរង់ចាំការសម្រេចផ្លូវការពីតុលាការដោយលោកបញ្ជាក់ថា ៖ «ខ្ញុំនៅតែបញ្ជាក់ថា ខ្ញុំមិនបានប្រព្រឹត្តអ្វីខុសទេ ហើយតុលាការគួរចេញលិខិតផ្លូវការក្នុងការទម្លាក់ចោលការចោទប្រកាន់នេះ»។
លោកតុលាបន្ថែម ថា ៖ «ក្នុងករណីនេះអ្នក ២ នាក់ទៀតគួរតែត្រូវបានទម្លាក់ចោល ការចោទប្រកាន់ផងដែរ»។
នៅក្នុងលិខិតដែលស្នើទៅតុលាការ ក្រសួងការងារមិនបានពន្យល់ពីហេតុផលដែលមិនបានស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់ចំពោះលោក ងួនទៀង និងព្រះអង្គ ប៊ុនតិញទេ។ អ្នកនាំពាក្យរបស់ក្រសួងការងារ គឺលោក ហេង សួរ មិនអាចទាក់ទងសុំការពន្យល់បានទេ។
អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា អ្នកស្រីមិនដែលជឿថា អ្នកទាំង ៣ បានប្រព្រឹត្តដូចការចោទប្រកាន់ស្រាប់ទៅហើយ ព្រោះការប្តឹងចោទប្រកាន់អ្នកទាំង ៣ គឺគ្មានភ័ស្តុតាង និងហេតុផលត្រឹមត្រូវទេគឺគ្រាន់តែចង់បង្ខូចកេរ្តិ៍ឈ្មោះពួកគាត់តែប៉ុណ្ណោះទេ។
អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា៖ «ប្រសិនបើតុលាការស៊ើបអង្កេតទៅមានភ័ស្ដុតាងគ្រប់គ្រាន់ក្នុងការចោទនោះតុលាការមានសិទ្ធិអំណាចពេញលេញ ហើយបើរកទៅគ្មានភ័ស្ដុតាងថា មានទោសគឺត្រូវចប់ហើយ។ ការសម្រេចថាត្រូវចោទឬលើកលែងការចោទប្រកាន់ជាសិទិ្ធរបស់តុលាការក្រុងភ្នំពេញ និងមិនចាំបាច់ប្រាប់មកក្រសួងអំពីការសម្រេចរបស់ខ្លួនឡើយ»។
អ្នកនាំពាក្យរបស់តុលាការក្រុងភ្នំពេញ មិនអាចទាក់ទងសុំការបញ្ជាក់បានទេកាលពីថ្ងៃអាទិត្យ។
ព្រះអង្គ ប៊ុនតិញ អះអាងថា ព្រះអង្គមិនបានប្តឹងសុំទម្លាក់ចោលការចោទប្រកាន់មកលើព្រះអង្គទេ ដោយបញ្ជាក់ថា ៖ «អ្វីៗគ្រប់យ៉ាងនៅកម្ពុជាត្រូវបានបង្កើតឡើង ដោយគណបក្សកាន់អំណាច និងតុលាការ ហេតុនេះគេអាចសម្រេចអ្វីៗទាំងអស់ស្រេចលើគេ»។
ព្រះអង្គលើកឡើងថា សម្ពាធពីឧស្សាហកម្មកាត់ដេរអាចជំរុញឲ្យរដ្ឋាភិបាលស្នើលើកលែងការចោទប្រកាន់ដោយបារម្ភថា អាចនឹងមានការតវ៉ាធ្វើកូដកម្មម្យ៉ាងអាចនឹងមានការប៉ះពាល់ផលប្រយោជន៍នៃកិច្ចព្រមព្រៀងជាមួយអាមេរិក និងសហគមន៍អឺរ៉ុប។
ព្រះអង្គ ប៊ុនតិញ បានបន្ថែមថា៖ «អាត្មាមិនស្នើសុំរដ្ឋាភិបាលកខ្វក់នេះឲ្យលើកលែងការចោទប្រកាន់ទេដោយសារគេជាអ្នកបង្កើតវា»៕