ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៣ កាលពីម្សិលមិញ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋជាពិសេសយុវជនក្នុងការស្វែងរកការងារជាង ២០០ កន្លែងពីក្រុមហ៊ុនទាំង ៣ នោះដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញស្ថិតនៅក្នុងទីស្តីការក្រសួងការងារ។
យោងតាមទំព័រហ្វេសប៊ុកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុនទាំង ៣ នោះគឺមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd និងក្រុមហ៊ុន TH CVS Co., Ltd (Circle K )។
នេះជាកម្មវិធី ប្រចាំខែ ដែលជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងរកការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅ ១ កន្លែង។
លោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញជាអ្នកសម្របសម្រួលការរៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែកញ្ញានេះបានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកទាំងពេលបច្ចុប្បន្ន និងអនាគត ដោយភាគីនិយោជកមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើផ្ទាល់ ដើម្បីយកទៅបំពេញបេសកកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។
លោកថ្លែងថា៖ «ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការបង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ»។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានឱ្យដឹងថា ក្នុងកាលៈទេសៈនេះការដែលមានក្រុមហ៊ុនប្រកាសជ្រើសរើសបុគ្គលិកដ៏ច្រើនកន្លែងបែបនេះគឺជាកាតព្វកិច្ចក្រសួងការងារ ដែលត្រូវតែស្វែងរកឱកាសការងារ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។
លោក តុលា ថ្លែងថាតាមការប៉ាន់ប្រមាណ ពលរដ្ឋមិនតិចជាង ២០ ម៉ឺននាក់ ដែលបាត់បង់ការងារក្នុងស្រុក និងពលករខ្មែរប្រមាណ ១២ ម៉ឺននាក់ ដែលបានវិលត្រឡប់មកកម្ពុជាវិញ ដោយហេតុប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩៕