ភ្នំពេញៈ ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន ៣ ផ្តល់ឱកាសការងារជិត ៤០០ កន្លែងដល់យុវជន ហើយដែលឱកាសការងារនេះនឹងរៀបចំឡើងក្នុងកម្មវិធី “កិច្ចសម្ភាសន៍ប្រចាំខែ” នៅថ្ងៃទី ១៧ ខែកុម្ភៈនេះ សម្រាប់អ្នកកំពុងស្វែងរកការងារធ្វើ។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងកាលពីថ្ងៃទី ១៦ កុម្ភៈ ថា ក្រុមហ៊ុនធំៗទាំង ៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសន៍នាខែកុម្ភៈ ដើម្បីជ្រើសរើសបុគ្គលិកនេះរួមមានក្រុមហ៊ុនធានារ៉ាប់រង Manulife ក្រុមហ៊ុន Vital និងធនាគារ ABA Bank។
តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធី “កិច្ចសម្ភាសន៍ប្រចាំខែ” គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងរកការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅ ១ កន្លែង។
ក្រសួងបញ្ជាក់ថា៖ «សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើអាចយកប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យទៅតាមមុខតំណែងដែលខ្លួនចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុននៅថ្ងៃកិច្ចសម្ភាសន៍ចាប់ពីម៉ោង ០៨:០០ ព្រឹកដល់ម៉ោង ០៥:០០ ល្ងាចនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
លោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញដែលសម្របសម្រួលការរៀបចំព្រឹត្តិការណ៍នេះលើកឡើងថា កិច្ចសម្ភាសន៍ការងារប្រចាំខែ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកទាំងពេលបច្ចុប្បន្ន និងអនាគត ឱ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ដើម្បីយកទៅបំពេញបេសកកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។
លោកបានបញ្ជាក់ថា៖ «អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរបទពិសោធការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង»។
ជាមួយគ្នានេះលោកក៏បានអះអាងថា ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការបង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ សម្រាប់ធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងកាលៈទេសៈនេះការដែលមានក្រុមហ៊ុនប្រកាសជ្រើសរើសបុគ្គលិកដ៏ច្រើនកន្លែងបែបនេះ គឺជារឿងដែលប្រសើរ ហើយក្នុងនាមជារដ្ឋាភិបាលក៏ដូចជាក្រសួងការងារត្រូវតែមានកាតព្វកិច្ចស្វែងរកឱកាសការងារ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។
ប៉ុន្តែបើតាមមន្ត្រីសង្គមស៊ីវិលរូបនេះលោកមិនប្រាកដថា ឱកាសការងារទាំងនោះ ពិតជាផ្តល់ដល់ពលរដ្ឋឱ្យមានការងារធ្វើពិតប្រាកដមែនឬយ៉ាងណានោះទេ ព្រោះតាមការសង្កេតរបស់លោកក្នុងពេលបច្ចុប្បន្នមានពលរដ្ឋជាច្រើន រួមទាំងអ្នកកំពុងធ្វើការងារក្នុងវិស័យធនាគារផងនោះ កំពុងតែប្រឈមនឹងការអត់ការងារធ្វើ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនហ៊ានបដិសេធថា អ្វីដែលក្រសួងការងារប្រកាសរើសចំនួនដ៏ច្រើននេះ ជារឿងពិត ឬជារឿង មិនពិតនោះទេ ទាល់តែមានការស្រាវជ្រាវ និងតាមដានណាមួយឱ្យបានច្បាស់លាស់។ តែអ្វីដែលខ្ញុំដឹងកន្លងមកនេះ គឺមានការត្អូញត្អែរពីអ្នកធ្វើការខាងមីក្រូហ្វាយណាន់ ដោយសារតែស្ថាប័នមួយចំនួនកំពុងតែរកវិធីជម្រុះបុគ្គលិករបស់គេដែលមិនមែនប្រកាសរកបុគ្គលិកទេ»។
ទោះយ៉ាងណា លោក មឿន តុលា សង្ឃឹមថា ការប្រកាសផ្តល់ឱកាសការងារទាំងនេះ គឺជាការជ្រើសរើសដ៏ពិតប្រាកដដើម្បីចូលរួមជួយដល់ពលរដ្ឋខ្មែរ ជាពិសេស យុវជនដែលកំពុងតែគ្មានការងារធ្វើ ឬកំពុងតែបាត់បង់ការងារ ក្នុងពេលដែលប្រទេស និងពិភពលោកបន្តប្រឈមនឹងវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ៕