ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ GIZ របស់​អាល្លឺម៉ង់ កាលពី​ម្សិលមិញ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជា​លើក​ទី២ ដើម្បី​អនុវត្ត​កម្មវិធី “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយ​ន​ភណ្ឌ និងកាត់ដេរ​ នៅ​ទ្វីប​អាស៊ី” (GIZ, FABRIC) នៅ​កម្ពុជា។

ពិធីចុះហត្ថលេខានេះ ​បានធ្វើ​ឡើង​រវាង លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងលោក Guenter Riethmacher នាយក​អង្គការ GIZ ប្រចាំ​ប្រទេស​ កម្ពុជា នៅ​ទីស្តីការក្រសួងការងារ ខណៈ​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចូលរួម​ជា​សាក្សី។

នេះជា​លើ​កទី២ ហើយដែល​ភាគីកម្ពុជាបាន​ចុះ MOU ជាមួយ​អង្គការ GIZ របស់​អាល្លឺម៉ង់ក្នុងការ​អនុវត្ត​កម្មវិធី “គម្រោង​ពង្រឹង​និរន្តរភាព​វិស័យ​វាយ​នភណ្ឌ និងកាត់ដេរ ដែល​លើក ទី១ បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១៦ ខណៈ​អនុស្សរណៈលើក​ទី២ នេះ គឺមាន​រយៈពេល ៣ ឆ្នាំ គិតចាប់តាំងពី​ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩ ដល់​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ដែល គិត​ជា​ទឹកប្រាក់​សរុបមាន​ចំនួន ៦ លាន​អឺរ៉ូ សម្រាប់​ប្រទេស មួយចំនួន រួមមាន ​បង់​ក្លា​ដែស​កម្ពុជា​ ចិន​ មីយ៉ាន់ម៉ា ប៉ាគីស្ថាន និង​វៀតណាម។

តាម​ការ​អះអា​ង​របស់ក្រសួង​ការងារ​ អនុស្សរណៈ​នេះ នឹង​គាំទ្រ​ដល់​បណ្តា​ស្ថា​ប័នរ​ដ្ឋ និង​ឯក​ជន​ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន កិច្ច​សន្ទ​នា និង​កិច្ច​សហ​ប្រតិ​បត្តិការនៅ​ថ្នាក់​តំបន់ ថ្នាក់​ជាតិ និង​កម្រិត​សហ​គ្រាស គ្រឹះ​ស្ថាន ដើម្បី​ពង្រឹង​អនុ​លោម​ភាព​ទៅតាម​បទ​ដ្ឋាន​សង្គម​ និង​ការងារ​ដូច​ដែលមាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​ការងារ​នៅ​កម្ពុជា​ និង​អនុសញ្ញា​អន្តរ​ជាតិ​នានា​ដែល​កម្ពុជា​ធ្លាប់​បាន​ផ្ដល់​សច្ចាប័ន។

លើស​ពី​នេះ​ទៀត MOU ក៏​នឹង​ផ្ដោត​លើ «ការ​ផ្ដល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរ​ញ្ញវ​ត្ថុ និង​បច្ចេកទេស​ពី​គម្រោង GIZ, FABRIC ដល់​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​អធិ​ការ​កិច្ច​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​សមត្ថ​ភាព តម្លា​ភាព ប្រសិទ្ធ​ភាពនិង​ទទួល​បាន​ការ​ជឿជា​ក់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ។ ផ្តល់​ជំនួយ​បច្ចេក​ទេស​ដល់​ក្រសួង​ការងារនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់​អនុវត្ត​សកម្ម​ភាព​ទាំងឡាយ​ដែល​គាំទ្រ​ដល់​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជ្រាប​យេន​ឌ័រ​ក្នុង​វិស័យ​ការ​ងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ​ ដើម្បី​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដែល ធ្វើការ​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ»។

បន្ថែម​ពីនេះ លោក ងុ​យ រិ​ទ្ធ អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​ការងារ​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​​ក្រោយ​ជំនួប​ក្នុងពិធីនោះថា វា​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​វិស័យ​វា​យនភណ្ឌ​កាត់​ដេរ នៅ​ប្រទេសកម្ពុជា បើ​ទោះជា​ MOU នេះ មិន​ផ្តោត​តែ​លើកម្ពុជា ព្រោះ​មាន​ប្រ​ទេស​ក្នុង​គម្រោង​ដល់​ទៅ​ ៦ ​ប្រទេស ប៉ុន្តែ​វា​នឹង​ធ្វើ​កា​រផ្លាស់​ប្តូរ​បទ​ពិសោធ​ល្អ និង​របៀប​ដែល​​ប្រទេស​ទាំង នោះ ​បាន​អនុវត្ត​ជោគ​ជ័យ​ក្នុង​ការ​គ្រប់គ្រង​វិស័យ​នេះ នៅ​ប្រទេស​របស់​ខ្លួន។

លោក​បញ្ជាក់​ថា៖​ «ស​មិទ្ធ​ផល​ទាំង​នេះ យើង​ទទួល​បាន​ច្រើនរហូត​បង្កើត​ឲ្យ​មាន​ក្រម​របស់​អធិ​ការកិ​ច្ច បទ​បញ្ជា​ និង​សៀវ​ភៅ​ណែនាំ ក្នុង​ការ​ដោះស្រាយ​វិវាទ ដើម្បី​ឲ្យ​ការ​ចូល​រួម​អនុវត្ត​ច្បាប់។ តាម​រយៈ​គម្រោង​ដ៏​ជោគ​ជ័យនេះ​បាន​ធ្វើ​ឲ្យ GIZ ​បង្កើត​នូវ​គម្រោង​ទី​២​ នេះ ដើម្បី​លើក​កម្ពស់​បទ​ដ្ឋាន​សង្គម​ដែល​ធ្វើ​ឡើង​ដល់​ទៅ ៦ ប្រទេស»។

លោក ងុ​យ រិ​ទ្ធ បាន​អះ​អាង​ថាគ​ម្រោ​ង​ទី១ ដែល​បាន​អនុវត្ត​កាល​ពី​ឆ្នាំ ២០១៦ រហូត ដល់ឆ្នាំ ២០១៨ បាន​ទ​ទួ​ល​​ជោគជ័យ​ច្រើន ហើយ​ក្រុមកា​រងារ នឹង​អនុវត្ត​សកម្ម​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន ក្នុង​រយៈ​ពេល​ ៣​ ឆ្នាំ​ខាង​មុខ​នេះ ​ខណៈ​ភាគី GIZ ប្រកាស​ពី​ការ​ពេញ​ចិត្ត​ចូល​រួម​កិច្ច​សហ​ប្រតិ​បត្តិ​ការ ផ្តល់​ជំនួយ​ក្នុង​ការ​អនុវត្ត​គម្រោង​ឲ្យ​ទទួល​ជោគជ័យ​បន្ថែម​ទៀត។

លោក អុិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងា​រ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈក៏​បាន​ថ្លែង​ដែរថា ឆ្លង​តាម​រយៈ​ការ​ជួយ​របស់​ GIZ កន្លង​មក​នេះ បានធ្វើ​​ឲ្យ​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់​ដេរ​នៅ​ប្រទេស កម្ពុជា​ មាន​​ភាព​ល្អប្រ​សើ​រតាមរយៈ​កា​រកសាង​ប្រព័ន្ធ​អធិ​ការ​កិច្ច​ និង​ការ​បង្កើត​លក្ខខណ្ឌ​ការ​ងារ កាន់​តែ​មាន​ប្រសិទ្ធ​ភាព ខណៈដែល​ក្នុង​ឆ្នាំនេះ រាល់​វិវាទ​នានា​ ក្នុង​វិស័យ​នេះ ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ។ លោកពេញ​ចិត្ត​ចំពោះ​ការ​អនុវ​ត្ត​គម្រោង GIZ ក៏ដូ​ចជា​ ការ​ជួយ​រប​ស់​រដ្ឋាភិ​បាល​​អាល្លឺម៉ង់ មកដល់​កម្ពុជា​ពិសេស​វិស័យ ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោក​បញ្ជាក់​ថា៖​ «តាមរ​យៈ​នេះខ្ញុំ​ក៏​ជឿថា វា​ជា​ដៃគូ​ក្នុងការពង្រឹង​និរ​ន្តរភាព​ក្នុង​វិស័យ​ការងារ​របស់​រដ្ឋាភិ​បាល​ ទទួលបាន​ជោគជ័យ។ ​តាម​រយៈ​នេះ វា​នឹង​ចូល​រួម​ជួយ​កសាង​បន្ថែម ជាពិ​សេស​ក្នុង​វិស័យ​អធិការកិច្ច​និង​ការ​ផ្សព្វផ្សាយ»៕