ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ថ្លែង​ថា​នឹង​បង្កើត​ផែនការ​មេ (Master Plan) ​សម្រាប់​រៀបចំ​​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ Technical Vocational Education andTraining (TVET) ​នៅ​ចុង​ឆ្នាំនេះ ដើម្បី​បង្កើន​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ​ឲ្យ​ប្រសើរ​ជាង​មុន ខណៈ​បច្ចុប្បន្នកំពុង​មានការ​ខ្វះខាត​។

ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​ ២៨ ខែសីហា លោក អ៊ិត សំហេង បាន​បង្ហាញ​ក្ដីបារម្ភ​ពី​កង្វះ​ធនធាន​មនុស្ស​ក្នុង​វិស័យ TVET ​នៅក្នុង​ទីផ្សារ​ការងារ​បច្ចុប្បន្ន​។ ប៉ុន្ដែ​ទោះ​ជា​យ៉ាងណា​លោក​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា ក្រសួង​ការងារ​កំពុង​ជំរុញ​ការដោះស្រាយ​បញ្ហា​នេះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូទាំង​ប្រទេស​ដោយ​បាន​និង​កំពុង​ចុះ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​តែម្ដង​។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ថា​៖ «​នៅ​ចុងឆ្នាំ​ ២០១៩ ​នេះ​ក្រសួង​ការងារ​នឹង​បង្កើត​ឲ្យ​បាន​ផែនការ​មេ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទូទាំង​ប្រទេស​ដោយ​គិតគូរ​ទៅ​លើ​អគារសិក្សា រោង​ជាង គ្រូ​បណ្ដុះបណ្ដាល ការបង្រៀន​ពី​បច្ចេកវិទ្យា​ថ្មីៗ សម្រាប់​បណ្ដុះបណ្ដាល​សិក្ខាកាម​សំដៅ​ធ្វើឲ្យ​សម្រេច​បាន​នូវ​ធនធាន​មនុស្ស​ក្នុង​វិស័យនេះ​ទាំង​បរិមាណ និង​គុណភាព​»​។

លោក​ថា​៖ «​ក្រសួង​ការងារ​នឹង​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស្ថិតិ​ការងារ​មួយ ដែល​មាន​ខ្ញុំ​ផ្ទាល់​ជា​ប្រធាន​។ ក្នុងនោះ​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ទៀងទាត់ បង្កើត​ឲ្យ​មាន​ជន​បង្គោល​ស្ថិតិ​ការងារ​នៅតាម​មូលដ្ឋាន​ការងារ​នីមួយៗ​។ ព្រោះ​កន្លងមក​ការងារ​បូកសរុប​ស្ថិតិ​ការងារ​នៅ​ផ្នែក​មួយចំនួន​ហាក់​នៅមាន​ភាពយឺតយ៉ាវ​នៅ​ឡើយ​»​។

ចំពោះ​វឌ្ឍនភាព​ក្នុង​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំងមូល លោក សំហេង បញ្ជាក់​ថា​សមិទ្ធផល​នេះ​គឺ​បាន​មក​ដោយសារ​កត្តាចាំបាច់​ជាច្រើន ជាពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​។

លោក​លើកឡើង​ថា សុខដុមនីយកម្ម​ក្នុង​វិស័យ​កាត់ដេរ​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​អនុវត្ត​បញ្ចៀស​បាន​នូវ​បញ្ហា​បាតុភាព​នានា ហើយ​ផលិតភាព​ការងារ​ក៏​នៅ​តែ​បន្ត និង​​បង្កើន​បន្ថែម​ទៀត​ផង​ដែរ​។

លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា តាមរយៈ​ផែនការ​មេនេះ​នឹង​ធ្វើឲ្យ​ដៃគូ​ពាក់ព័ន្ធ​កាន់តែ​ងាយស្រួល​ក្នុង​​ការចូលរួម​ចំណែក​អភិវឌ្ឍ និង​វិនិយោគ​លើ​វិស័យ​នេះ​។

លោក​ថា​៖ «​តាមរយៈ​ផែនការ​មេ​​នេះ​គឺ​អាច​ឲ្យ​យើង​ដឹង​ចក្ខុវិស័យ​ក្នុង​រយៈពេល​មធ្យម និង​វែង​នៃ​គ្រឹះស្ថាន​នីមួយៗ​។ ​ដូច្នេះ​យើង​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ក្នុង​ការចង់​ចូលរួម​ជាមួយ​គោលនយោបាយ​ជាតិ​ធំៗ​បាន​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ចំនួន​ ១៤ ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ​​ និង​មាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​ចំនួន​ ២ ​ដោយ​នៅ​ភ្នំពេញ​ចំនួន​ ១ និង​នៅ​ខេត្ដ​កំពង់ស្ពឺ ចំនួន ១​។

លោក​ថ្លែងថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់​បញ្ចូល​ជំនាញ​បច្ចេកទេស​ថ្មីៗ​មួយ​ចំនួន​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​វិទ្យាល័យ​ចំណេះ​ទូទៅ និង​អប់រំ​​បច្ចេកទេស​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ និង​សម្រាប់​ចូលរួម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​។ ជំនាញ​បច្ចេកទេស​ថ្មីៗ​នោះ​មានដូចជា អេឡិចត្រូនិក អគ្គិសនី ក្សេត្រសាស្ត្រ មេកានិក និង​គណនេយ្យ​។

លោក សុវាចា បញ្ជាក់ថា​៖ «​ជំនាញ​បច្ចេកទេស​ទាំងនេះ​នឹង​ជួយ​បង្កើន​បរិមាណ និង​គុណភាព​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​បច្ចេកទេស​នៅ​តាម​រោងចក្រ ទីផ្សារការងារ​ផ្សេងៗ និង​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ដល់​សិស្ស​មួយចំនួន​ដែល​ចង់​រៀន​ជំនាញ​នេះ​បន្ត​»​។

លោក​បាន​រំឭក​ថា​កាលពី​ថ្ងៃទី​ ៣១ ​ខែ​ធ្នូ ឆ្នាំ​ ២០១៤ ​ក្រសួង​អប់រំ​បាន​ផ្អាក​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើក​ជំនាញ​គ្រប់គ្រង​គណនេយ្យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា​ដើម្បី​ជំរុញ​ការអនុវត្ត​កំណែទម្រង់​នៅ​ឧត្តមសិក្សា​ឲ្យ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ និង​ការវិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក្នុង​យុគសម័យ​ឧស្សាហកម្ម ៤.០​។

លោក នួន រស្មី នាយក​សាលា​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ អេភីធី (ATP School of Hospitality and Tourism) ​បាន​សាទរ​លើ​គម្រោង​បង្កើត​ផែនការមេ​របស់​ក្រសួង​នេះ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខ្វះខាត​ធនធាន​មនុស្ស​លើ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ជាពិសេស​ខ្វះខាត​គ្រូ​បង្គោល​។

លោក​ថា​៖ «​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ការងារ​បច្ចេកទេស​វិជ្ជាជីវៈ​សម្រាប់​ឆ្នាំ​ ២០២០-២០២៥ អ្វីដែល​សំខាន់​នោះ​គឺ​បញ្ហា​គ្រូ​បណ្ដុះបណ្ដាល ដែល​ត្រូវមាន​ជំនាញ​បង្រៀន​ច្បាស់លាស់​លើ​ជំនាញ​បច្ចេកទេស​នីមួយៗ​»​។

លោក រស្មី បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ជំនាញ​បច្ចេកទេស​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​វិស័យ​ការងារ​ក៏ដូចជា​ឧស្សាហកម្ម​ទេសចរណ៍ ស្រប​ពេល​ដែល​ចំនួន​ភ្ញៀវទេសចរ​ចូលមក​កម្ពុជា​​កំពុង​កើនឡើង ប៉ុន្តែ​ខ្វះ​ជំនាញ​ផ្នែក​នេះ ដោយសារ​សិស្ស និស្សិត មិនសូវ​ចាប់អារម្មណ៍​រៀន​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​កង្វះ​ធនធាន​មនុស្ស​គ្រាន់តែ​លើ​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កំពុង​មាន​ការលំបាក​ក្នុង​ការ​ជ្រើសរើស​មនុស្ស​មក​ចូលធ្វើការ​ រាល់​ឆ្នាំ​តែងមាន​កង្វះ​ខាត​។ បើតាម​ការសង្កេត​របស់​ខ្ញុំ សិស្ស និស្សិត គួរតែ​បែរមក​ចាប់យក​ជំនាញ​សិក្សា​ខ្លី ព្រោះ​ចំណាយពេល​រៀន​តិច ហើយ​ឆាប់​ទទួល​បាន​ការងារ​ធ្វើ និង​មាន​តួនាទី​ល្អ​ផង​ដែរ​»៕