ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា ក្រសួង​នឹង​ត្រៀម​មន្ត្រី​សម្រាប់​ចុះ​ធ្វើការ​តាមដាន​ការបើកប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​រោងចក្រ​វាយនភណ្ឌ កាត់ដេរ​ក្នុង​ដំណាក់កាល​ទី​ ២ នៅ​ចុង​ឆ្នាំនេះ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​នូវ​ដំណើរ​ការបើក​ផ្តល់ជូន​កម្មករ​ទូទាំង​ប្រទេស​កាលពី​ខែ​មិថុនា​។

កាលពី​ឆ្នាំ ២០១៨ ក្រសួង​ការងារ​បានប្រកាស​ពី​ការផ្លាស់ប្តូរ​នីតិវិធី​អនុវត្ត​ទូទាត់​ប្រាក់បំណាច់​អតីតភាព​ការងារ​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ពី​ការបើក​សរុប​ប្រាក់​បំណាច់​នេះ​នៅពេល​បញ្ចប់​ការងារ​របស់​កម្មករ​មក​ជា​ការបើក​ជា​ទៀងទាត់​ក្នុង ១ ឆ្នាំ ២ ​ដង ចាប់ពី​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ក្រសួង​បានប្រកាស​ថា ការបើកប្រាក់​អតីតភាព​ការងារ​លើក​ទី​ ១ ត្រូវធ្វើ​ឡើង​នៅ​ខែមិថុនា និង​លើក​ទី​ ២ នៅ​ខែធ្នូ​។

លោក ហេង សួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​ដំណាក់​ការ​ទី​ ១ ដែល​យើង​ត្រូវ​បើក​នៅក្នុង​ខែ​មិថុនា​កន្លង​មក​នេះ​មិនមាន​បញ្ហា​អ្វី​នោះទេ​។ ដូច្នេះ​យើង​រំពឹង​ថា​នៅក្នុង​ការបើក​ដំណាក់កាល​ទី​ ២ នៅ​ចុង​ឆ្នាំនេះ​ក៏​នឹង​មិនមាន​បញ្ហា​អ្វី​ដែរ​»​។

លោក​ថ្លែងថា​៖ «​ទោះបី​យ៉ាងណា​ក៏ដោយ ក្រសួង​បាន​ត្រៀម​មន្ត្រី​សម្រាប់​ចុះ​ធ្វើការ​តាមដាន និង​អនុវត្ត​នៅតាម​រោងចក្រ​វាយនភណ្ឌ និង​កាត់ដេរ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​អនុវត្ត​ស្រប​ទៅ​តាម​អ្វី​ដែលជា​គោលការណ៍​កំណត់​របស់​ក្រសួង​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC ​មិនអាច​ទំនាក់ទំនង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះបានទេ​កាលពី​ម្សិលមិញ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាម​ការសង្កេត​របស់​លោក ការអនុវត្ត​លើក​ទី​ ១ គឺ ដំណើរការ​ទៅដោយ​ប្រក្រតី និង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ​។ ប៉ុន្តែ​បញ្ហា​នៅតែ​បារម្ភ​នៅ​ដំណាក់កាល​ទី​ ២ ​នេះ​នៅតាម​បណ្តា​រោងចក្រ​មួយចំនួន​ដែល​មិនមាន​សហជីព​នៅក្នុង​រោងចក្រ​អាច​ប្រឈម​នឹង​បញ្ហា​ដោយ​ការកេងប្រវ័ញ្ច​ពី​ថៅកែ ប្រៀបធៀប​នឹង​រោងចក្រ​ដែលមាន​សហជីព​ដែល​គេ​អនុវត្ត​បាន​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​ជា​រឿង​មួយ​ល្អ​មែនទែន​ដែល​ក្រសួង​ចាត់​ឲ្យ​មន្ត្រី​ចុះទៅ​ពិនិត្យ​មើល​អំពី​ការបើកប្រាក់​អតីតភាព​ការងារ​នេះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ខ្ញុំ​គិតថា​ក្រសួង​គួរតែ​ណែនាំ​ឲ្យ​និយោជក​ទាំងអស់ ប្រកាស​មក​កាន់​ក្រសួង​ការងារ​អំពី​ការកំណត់​ពេលវេលា​ពី​ការបើកប្រាក់​អតីតភាព ដើម្បី​ងាយស្រួល​ឲ្យ​មន្ត្រី​ចុះទៅ​អង្កេត​។ ព្រោះ​បើ​មិន​បាន​អ៊ីចឹង​ទេ ក្រសួង​នឹង​ក្តោប​មិនបាន​ជុំ​វិញ​រោងចក្រ​ណា ត្រូវ​បើក​ថ្ងៃ​ណា គាត់​មិនដឹង​»​។ អ្នកស្រី តាន់ សុផា កម្មការិនី​រោងចក្រ​ម្នាក់​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​លើក​ទី​ ២៕