ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យា​ការងារ​ស្រប​តាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​លើក​ទី​៦១​។

តាម​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី ២១ ខែ​ឧសភា​នេះ​ បាន​ឲ្យ​ដឹងថា ការបើក​ផ្តល់​នេះ​នឹង​ធ្វើឡើង ចំពោះ​កម្មករ​និយោជិត​ចំនួន ៨ ៦៩៣​ នាក់ ​នៅក្នុង​រោងចក្រ សហគ្រាស​ទាំង​ ៤៩ នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យា​ការងារ ស្រប​តាម​ស្មារតី​ជុំ​ទី​ ៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ធនាគារ​ឯកទេស​វីង​នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរស័ព្ទ ដែល​បងប្អូន​បាន​ផ្តល់​មកឱ្យ​ក្រសួង​តាមរយៈ រដ្ឋបាល​រោងចក្រ សហគ្រាស នាពេល​កន្លងមក​។ ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ​»​។

ក្នុងនោះ​ក្រសួង​ក៏បាន​ណែនាំ​ផងដែរ​ថា ក្នុង​ករណី​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស​ទាំង​ ៤៩ នេះ មិនបាន​ទទួល​សារ​ទូរស័ព្ទ​ពី​ធនាគារ​ឯកទេស​វីង សូម​ធ្វើការ​ទំនាក់ទំនង សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់ខ្លួន ជាមួយ​រដ្ឋបាល​រោងចក្រ សហគ្រាស​របស់ខ្លួន​។

សូមជម្រាបថា កម្មករ​ទាំង​ជាង ៨ ០០០ នាក់​នេះ​ នឹង​ទទួលបាន​ប្រាប់​ ឧបត្ថម្ភ ចន្លោះ​ពី ១៥ ​ដុល្លារ ទៅ ៤០ ដុល្លារ បន្ថែម​លើ​ប្រាក់​ឧបត្ថម្ភ​របស់​រោងចក្រ អាស្រ័យ​ទៅលើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យា​ការងារ​របស់​ពួកគេ​ម្នាក់ៗ​៕