ភ្នំពេញៈ ក្រសួង​ការងារ​បើក​កិច្ចប្រជុំ​ក្រុម​ការងារ​យន្ដការ​ត្រីភាគី​បូក សម្រាប់​បន្ត​កិច្ចពិភាក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ ខណៈ​សហជីព​មើលឃើញ​ថា ការធ្វើ​វិសោធនកម្ម​នេះ​បាន​ធ្វើឲ្យ​បាត់​ប្រយោជន៍​របស់​កម្មករ​។

នៅក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​នា​ទីស្តីការ​ក្រសួង​ការងារ​កាលពី​ម្សិលមិញ ដោយ​មាន​ការចូលរួម​ពិភាក្សា​ពី​តំណាង​អន្តរក្រសួង តំណាង​សហជីព និង​តំណាង​និយោជក សរុប​ប្រមាណ ៨០ ​នាក់​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថ្លែង​ថា ស្ថិត​ក្នុង​បរិបទ​ដែល​វិស័យ​ឯកជន កាន់តែ​ប្រឈម​កាន់តែ​ខ្លាំង​ទៅ​នឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា រាជរដ្ឋាភិបាល​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។

លោក​បន្តថា ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​ធានា​ថា វិស័យ​ឯកជន​នៅ​តែ​អាច​បន្ត​ធានា​បាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង ដោយ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​អាច​រក្សា​បាន​នូវ​ដំណើរ​ផលិតកម្ម អាជីវកម្ម​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព​។

លោក​បញ្ជាក់ថា​៖ «​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​នៅក្នុង​វេទិកា រាជរដ្ឋាភិបាល​វិស័យ​ឯកជន​លើក​ទី​ ១៨ កាលពី​ថ្ងៃ​ទី​ ២៩ ខែមីនា ឆ្នាំ​ ២០១៩ ​ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​សំដៅ​ពង្រឹង​ភាពប្រកួតប្រជែង និង​ជំរុញ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​លើ​ប្រធានបទ​ចំនួន ១៥ ក្នុងនោះ​ការកែ​សម្រួល​ច្បាប់​ស្តីពី​ការងារ​គឺជា​ការងារ​អាទិភាព​មួយ​នៅក្នុង​វិស័យ​ការងារ​»​។

ស្រប​តាម​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​រដ្ឋាភិបាល​នេះ លោក អ៊ិត សំហេង បាន​លើកឡើង​ថា ក្រសួង​ការងារ​បាន​បង្កើត​ក្រុម​ការងារ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ឱ្យ​ស្រប​តាម​បរិបទ​សេដ្ឋកិច្ច និង​សង្គម​ដោយ​បាន​បញ្ចប់​ការសិក្សា​ជា​បឋម​លើ​ភាពចាំបាច់ និង​អត្ថប្រយោជន៍​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ដោយ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​នាពេល​កន្លងមក ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ​។

ក្រសួង​ការងារ​បាន​បង្កើត​ក្រុមការងារ​យន្តការ​ត្រីភាគី​បូក​សម្រាប់​ពិភាក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ​ឡើង​ដែល​មាន​សមាសភាព​ត្រីភាគី​ក្នុង​ចំនួន​ស្មើៗ​គ្នា ដើម្បី​បន្ត​ជំរុញ​កិច្ចសន្ទនា​សង្គម​ក្នុង​ការពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​សំដៅ​ជំរុញ​កំណើន​ផលិតភាព ភាពប្រកួតប្រជែង និង​បង្កើន​ឱកាស​ការងារ​របស់​កម្មករ​និយោជិត​ស្រប​តាម​សេចក្ដី​ត្រូវការ​ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​។

ប៉ុន្តែ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ថ្លែង​ពី​ថ្ងៃ​អង្គារ​ថា ការធ្វើ​វិសោធនកម្ម ច្បាប់​ការងារ​ក្នុង​ពេលនេះ​គឺជា​ការខាតបង់​ប្រយោជន៍​ដ៏ធំ​សម្រាប់​កម្មករ​និយោជិត​។

លោក​បន្ត​ថា ដោយសារ​តែ​ការធ្វើ​វិសោធនកម្ម​នេះ​គឺ​បាន​កាត់បន្ថយ​ប្រយោជន៍​កម្មករ​ដែល​មាន​ការងារ​វេន​យប់​ពី​ ១៣០ ​ភាគរយ​មក​ទទួល​បាន ១០០ ​ភាគរយ​វិញ​ដែល​កន្លងទៅ​ការងារ​វេន​យប់​នេះ​បាន​ទទួល​អត្ថប្រយោជន៍​ដល់​ទៅ ២០០ ​ភាគរយ​ព្រោះ​វា​ទទួលរង​ហានិភ័យ​ខ្ពស់​។

បើ​តាម​លោក​ ធន់ ការធ្វើ​វិសោធនកម្ម​នេះ​ក៏​គ្រោង​នឹង​កាត់បន្ថយ​ថ្ងៃ​បុណ្យ ដែល​ប៉ះចំ​ថ្ងៃ​ឈប់​សម្រាក​ស្រាប់​គឺ​នឹង​មិនមាន​ការលើក​ថ្ងៃ​នោះទេ ដែល​កត្តា​នេះ​គឺ​កាន់តែ​ធ្វើឲ្យ​កម្មករ​ខាតបង់ ព្រោះ​កន្លង​ទៅ​រដ្ឋាភិបាល​បាន​កាត់​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៦ ​ថ្ងៃ​រួចមកហើយ​។ បន្ថែម​ពីនេះ​ការចែង​អំពី​នីតិវិធី​នៃ​ការដោះស្រាយ​វិវាទ​ក៏មាន​លក្ខណៈ​ផ្តល់​អាទិភាព​ដល់​និយោជក​ឲ្យ​មាន​សិទ្ធិ​ខ្លាំង​ជាង​ផងដែរ ព្រោះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​នៅតែ​បញ្ជាក់​ថា និយោជក អាច​ជ្រើសរើស​យក​ផ្លូវ​ដោះស្រាយ​តាម​ប្រព័ន្ធតុលាការ​ ឬ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

ការធ្វើ​ដូច្នេះ​អាច​ឲ្យ​និយោជក​មិន​គោរព​ច្បាប់​មួយ​ចំនួន​អាច​យក​លេស​ទាំងនេះ​ប្តឹង​ទៅ​តុលាការ ដែល​ភាគច្រើន​កម្មករ​តែងតែ​រងគ្រោះ​។ «​ខ្ញុំ​ឃើញ​ថា រដ្ឋាភិបាល​បាន​ជួយ​និយោជក​ច្រើន​ហើយ​មិន​គួរ​កាត់បន្ថយ​ផលប្រយោជន៍​កម្មករ​និយោជិត​បន្ថែមទៀត​។ គួរតែ​គិតពី​ការធ្វើ​កំណែទម្រង់​ផែនការ​វិនិយោគ​បែប​លើក​ទឹកចិត្ត កាត់បន្ថយ​ការិយាធិបតេយ្យ កាត់បន្ថយ​អំពើ​ពុករលួយ និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​រឹងមាំ គឺ​ល្អ​ប្រសើរ​ជាង​»៕

វីដេអូ៖