ភ្នំពេញៈ ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គ្រោង​រៀបចំ​វេទិកា​ការងារ នៅក្នុង​​ទីធ្លា​ក្រសួង​នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី​នៅ​ថ្ងៃទី​ ១២ ខែមីនា​រយៈពេល​ ១ ​ថ្ងៃ​ដែល​នឹង​បើកឱកាស​ការងារ​ចំនួន​ជិត​ ២ ​ពាន់​កន្លែង ដែលមាន​នៅតាម​ក្រុមហ៊ុន​ចូលរួម​ចំនួន​ ១០​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា កន្លែង​ការងារ​ចំនួន ១១៨២ កន្លែង​នៅ​តាម​ក្រុមហ៊ុន​ឯកជន​ធំ​ចំនួន ១០ នឹង​ចូលរួម​ការប្រកាស​ស្វែងរក​បុគ្គលិក ហើយ​អ្នកចូលរួម​អាច​មាន​ឱកាស​ទទួល​បានការ​សម្ភាស និង​ដឹង​លទ្ធផល​ភ្លាមៗ​ផងដែរ​។

ក្រសួង​បន្តថា វេទិកា​ការងារ​នេះ​នឹង​ចាប់ផ្តើម​ពេញ​ ១ ​ថ្ងៃ​ចាប់ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បុគ្គល​ដែលមាន​បំណង​ស្វែងរក​ការងារ​នៅពេលនោះ​អាច​ទាក់ទង​តាម​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិនអ៊ីអេ ខ្មែរ​)»​។

លោកស្រី សម្បត្តិ សុខុន អនុប្រធាន​មជ្ឍមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រុមហ៊ុន​ធំៗ​ចំនួន ១០ មានដូចជា DKSH Cambodia, AMK MFI, Goodhill Enterprise, ONLINE ISP Cambodia, Master Suki Soup, ACLEDA Bank Plc., Royal Railway Co.,Ltd., AEON Specialized Bank Cambodia, Palace Gate Hotel & Resort, Phnom Penh Land ដែល​នឹងចូលរួម​ក្នុង​វេទិកា​នោះ ដើម្បី​ជ្រើសរើស​បុគ្គលិក​។

លោកស្រី​បាន​ថ្លែង​ឲ្យ​ដឹងថា ការជ្រើសរើស​មាន​ជំនាញ ដូចជា​ផ្នែក​ធនាគារ ផ្នែក​អចលនទ្រព្យ ផ្នែក​ទូរគមនាគមន៍ និង​សណ្ឋាគារ ហើយ​ផ្នែក​ខ្លះ​មិន​តម្រូវ​កម្រិតវប្បធម៌​នោះទេ ព្រោះ​អ្នក​ដែល​មិនចេះ​អក្សរ ក៏​អាចមក​ស្វែងរក​ការងារ​ធ្វើបាន​តាមរយៈ​វេទិកា​នេះ​ផងដែរ​។

លោកស្រី​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​គាត់​អាច​ជ្រើសរើស​បុគ្គលិក​ទៅតាម​តម្រូវការ​របស់គាត់ ហើយ​សម្រាប់​អ្នក​ស្វែងរក​ការងារ​ធ្វើ ក៏​អាច​មករក​និយោជក និង​ក្រុមហ៊ុន​ដែល​គាត់​ស្រឡាញ់​ពេញចិត្ត​នៅក្នុង​វេទិកា​ការងារ​នោះបាន ដោយ​ការដាក់​ពាក្យ និង​ទទួល​បាន​ការសម្ភាស​ភ្លាមៗ​តែម្តង ដោយ​មិន​ចំណាយពេល​ដើររក​យូរ​»​។

លោកស្រី​បាន​ឲ្យ​ដឹងថា​៖ «​សម្រាប់​អ្នក​ដែល​ចូលរួម យើង​មិន​កំណត់​កម្រិតវប្បធម៌​នោះទេ ព្រោះ​ឱកាស​ការងារ​ដែល​ផ្តល់ជូន​នោះ យើង​មាន​ទាំង​សម្រាប់​អ្នក​ដែល​អត់​ចេះអក្សរ រៀន​បាន​ទាប​រហូត​ដល់​អ្នក​ដែលមាន​កម្រិតវប្បធម៌​ខ្ពស់​។ គាត់​អាច​ទទួលបាន​ឱកាស​នេះ ឲ្យ​តែ​គាត់​គ្រប់​អាយុ​ក្នុង​ការធ្វើការងារ​បាន​»​។

លោកស្រី សម្បត្តិ សុខុន ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ​សូម​ភ្ជាប់​មក​ជាមួយនឹង CV ដើម្បី​ទទួលបាន​ឱកាស​ក្នុង​ការសម្ភាស ហើយ​នឹង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទទួលបាន​ឱកាស​ការងារ​នៅ​ទីនោះ​។

លោក មឿន តុលា នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា ក្នុងស្ថានភាព​បច្ចុប្បន្ន ការប្រកាស​ផ្សព្វផ្សាយ​ជុំវិញ​ការ​ផ្តល់ឱកាស​​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​រឿង​មួយ​ដែល​ល្អ ដោយ​ក្រសួង​ការងារ គួរ​ពិនិត្យ​បន្ថែមទៀត​ពី​លទ្ធភាព និង​ប្រសិទ្ធផល​ដែល​ប្រជាពលរដ្ឋ​អាចនឹង​ទទួល​បាន​ក្នុង​ឱកាស​វេទិកា​ទាំងនោះ ព្រោះ​ថា​ការប្រកាស​រើស​តែ​បុគ្គលិក ប៉ុន្តែ​លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍​​ដូចជា​ប្រាក់ខែ​មិន​សមរម្យ ក៏​មិនល្អ​ដែរ​។

លោក តុលា ថ្លែងថា​៖ «​ការផ្សព្វផ្សាយ​សំខាន់ ប៉ុន្តែ​បន្ទាប់ពី​ការផ្សព្វផ្សយ​ទៅ ថា​តើ​លទ្ធផល​នៃ​ការផ្សព្វផ្សាយ​ទៅ​បាន​ផល​ប៉ុនណា​? តើ​ពលរដ្ឋ​ហ្នឹង​ទទួលបាន​ឱកាស​ការងារ​បាន​ប៉ុនណា​ក្នុង​ការចូលរួម​វេទិកា​ទាំងនោះ​។ ជាពិសេស​យើង​សួរ​ទៅ​ក្រុមហ៊ុន​ទៅ​ថា គាត់​បានទទួល​អ្នក​ដាក់​ការងារ​ច្រើន​អត់​? បើសិន​ជា​មិនមាន​ការដាក់​ពាក្យ​ទេ បាន​ន័យ​ថា​ការផ្សព្វផ្សាយ​របស់​ក្រសួង​ហ្នឹង បរាជ័យ​ហើយ​»​។

ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា នេះ​គឺជា​វេទិកា​ការងារ​លើក​​ទី ៨ ហើយ​គិត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២០ រហូតដល់​ខែមីនា​នេះ​ដែល​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង​ត្រូវបាន​ផ្តល់ជូន​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ និង​អ្នក​ចង់​ទទួល​បាន​បទពិសោធ​ថ្មីៗ​ពី​ក្រុមហ៊ុន​ឯកជន និង​​រដ្ឋ​ទូទាំង​ប្រទេស​៕