ភ្នំពេញៈ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​គ្រប់​បណ្តា​រោងចក្រ សហគ្រាស​ក្រុមហ៊ុន និង​សណ្ឋាគារ​ទូទាំង​ប្រទេស​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់​កម្មករ​និយោជិត​របស់ខ្លួន ដើម្បី​ធានា​ដល់​ការផ្តល់​ព័ត៌មាន​ចាំបាច់​ស្រប​ពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​បាន​ព្រមាន​ថា​ករណី​ខកខាន​នឹង​ទទួលពិន័យ​ និង​ទោសទណ្ឌ​តាមច្បាប់​។

សេចក្តី​ជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៣ មីនា ឲ្យ​ដឹងថា សម្រាប់​កម្មករ​និយោជិត ក្រសួង​តម្រូវ​ឱ្យ​ផ្តល់​លេខ​ទូរស័ព្ទ​ ១ ​ខ្សែ​ទៅ​ផ្នែក​រដ្ឋបាល​​ក្រុមហ៊ុន រោងចក្រ និង​សណ្ឋាគារ​ដែល​ខ្លួន​កំពុង​ធ្វើការ​ដោយ​សរសេរ​ឱ្យ​ច្បាស់ និង​ត្រឹមត្រូវ​។

ក្រសួង​ការងារ​បាន​បញ្ជាក់ថា​៖ «​ការធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បីឱ្យ​អ្នកទទួលបន្ទុក​រដ្ឋបាល​ធ្វើ​បច្ចុប្បន្នភាព​តារាងបញ្ជី​ឈ្មោះ និង​ប្រគល់​ឱ្យ​អធិការ​ការងារ​មុន​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២០ ហើយ​កម្មករ​ត្រូវ​រក្សា​លេខ​ទូរស័ព្ទ​នោះ​ជាដាច់ខាត​ក្នុង​ខែ​មីនា មេសា និង​ឧសភា ឆ្នាំ​ ២០២០​។

ក្រោយ​ខែ​ឧសភា​បើ​កម្មករ​ណាមួយ​ផ្លាស់ប្តូរ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ដល់​អ្នក​ទទួលបន្ទុក​រដ្ឋបាល​បន្ទាន់​»​។

ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​កម្មករនិយោជិត​របស់​ខ្លួន ក្រសួង​ការងារ​បាន​ទុកពេល​ ៣ ​ថ្ងៃ​គិតពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ២៦ ខែ​មីនា​ដោយ​ត្រូវ​ផ្ញើ​ទៅកាន់​នាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង ឬ​មន្ទីរ​ការងារ​រាជធានី-ខេត្ត​។

ជាមួយ​នេះ​ដែរ​ក្រសួង​បាន​ព្រមាន​ថា​៖ «​ម្ចាស់​ ឬ​នាយក​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​សណ្ឋាគារ​ទាំងឡាយ​ដែល​ខកខាន​ក្នុង​ការចាត់ចែង​ការងារ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់​កម្មករ និយោជិត ត្រូវ​ទទួល​ការពិន័យ​តាមច្បាប់​ស្តីពី​ការងារ​ដោយ​អធិការ​ការងារ​ និង​ត្រូវ​ទទួលទោស​ទណ្ឌ​ផ្សេងៗ​ទៀត​តាម​ច្បាប់​ជា​ធរមាន​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​នៅ​កម្ពុជា​ (GMAC) ​បាន​លើកឡើង​ថា ត្រឹមតែ​ ៣ ​ថ្ងៃ​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​លេខ​ទំនាក់ទំនង​របស់​កម្មករ​និយោជិត​នេះ​គឺ​អាច​ធ្វើបាន ព្រោះ​រាល់​អ្នកគ្រប់គ្រង​នៅតាម​បណ្តា​រោងចក្រ​គឺ​សុទ្ធតែ​មាន​លេខ​ទំនាក់ទំនង​របស់​កម្មករ​ដើម្បី​ទាក់ទង​លើ​ការងារ​របស់​ពួកគេ​។

លោក​បន្តថា​៖ «​ជាមួយ​នឹង​វិធានការ​ថ្មី​នេះ យើង​អាច​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ខ្លាំង​របស់​ក្រសួង​ការងារ​ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​។ ​មាន​លេខ​ទំនាក់ទំនង​ទៅ​កម្មករ​និយោជិត​ទាំងអស់​គឺ​ធានា​ភាព​ងាយស្រួល​តាមដាន​ទំនាក់ទំនង​ជិតស្និទ្ធ ប្រសិន​បើ​មាន​ករណី​នៃ​ការឆ្លង​ជំងឺ​ណាមួយ​ត្រូវបាន​បញ្ជាក់​នៅ​កន្លែង​ណាមួយ​»​។

លោក ប៉ាវ ស៊ីណា ​ប្រធាន​សហជីព​ចលនា​កម្មករ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វិធានការ​ថ្មី​នៃ​ការធ្វើ​បច្ចុប្បន្នភាព​លេខ​ទំនាក់ទំនង​កម្មករ​នេះ​គឺជា​រឿង​ល្អ​មួយ​ស្រប​ពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​។ ​លោក​ថា​ជាទូទៅ​កម្មករ​ខ្លះ​មិនសូវ​យកចិត្ត​ទុកដាក់​នឹង​លេខ​ទំនាក់ទំនង​ប៉ុន្មាន​ទេ​ដោយ​ធ្វេសប្រហែស​ និង​ឧស្សាហ៍​ផ្លាស់ប្តូរ​លេខ​ទំនាក់ទំនង​ជា​ញឹកញាប់ ដូច្នេះ​បើ​មាន​ការផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​នេះ​ទូលំទូលាយ នោះ​កម្មករ​នឹង​យកចិត្ត​ទុកដាក់​ខ្លាំង​វិញ​។

លោក​ថា​៖ «​ពេលដែល​ក្រសួង​តម្រូវ​បែបនេះ កម្មករ​ទាំងអស់​នឹង​ត្រូវតែ​បង្ខំចិត្ត​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ណាមួយ​។ ខ្ញុំ​គិតថា បើ​ប្រកាស​នេះ​ត្រូវបាន​ជ្រាប​នោះ កម្មករ​ទាំងអស់​អាច​នឹង​បញ្ឈប់​ការផ្លាស់ប្តូរ​លេខ​ដោយ​ប្រើប្រាស់​លេខ​តែ​ ១ ​ខ្សែ​ហ្នឹង​​ជាប់លាប់​ឋិតថេរ​។ ប៉ុន្តែ​អ្វីដែល​សំខាន់​អ្នកណា​ដែលជា​អ្នករាយការណ៍​ទៅ​នៅ​ពេល​កម្មករ​ណា​ម្នាក់​មាន​រោគសញ្ញា​អ្វីមួយ​។

តើ​កម្មករ​របស់​យើង​គាត់​នឹង​រាយការណ៍​ទៅ​ក្រសួង​ទេ​? ហើយ​តើ​លេខ​ពី​ខាង​ណា​ដែល​ទាក់ទង​ទៅ​បងប្អូន​កម្មករ​?»​។

ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​ថ្លែងថា វិធានការ​នេះ​អាច​ឲ្យ​ក្រសួង​ការងារ ងាយស្រួល​គ្រប់គ្រង​ចំនួន​កម្មករ​នៅ​ទូទាំង​ប្រទេស និង​អាចទាក់ទង​ទៅ​កម្មករ​ផ្ទាល់​បាន​ក្នុង​ករណី​កើតមាន​បញ្ហា​អ្វីមួយ​។ ម្យ៉ាងទៀត​វិធី​នេះ​ក៏​ធ្វើ​ឲ្យ​ងាយស្រួល​ក្នុង​ការចេញ​វិធានការ​នានា​ដល់​កម្មករ និង​អាច​គេច​ផុតពី​ករណី​ដែលមាន​ក្រុមហ៊ុន​ខ្លះ​អាច​ព្យាយាម​លាក់បាំង​ចំនួន​កម្មករ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែល​មាន​ការលាក់បាំង​ចំនួន​កម្មករ​គឺ​មាន​បញ្ហា ដូច្នេះ​ត្រូវតែ​បញ្ជូន​ឈ្មោះ​មក​។ មួយ​វិញទៀត​ក្នុង​ករណី​ដែល​រដ្ឋ​មាន​គោលការណ៍​ក្នុង​ការជួយ​ដល់​កម្មករ​ដូចជា ការជួយឧបត្ថម្ភ​ធន ឬ​ការជួយ​ដោយផ្ទាល់​ក្នុង​ករណី​ផ្តល់ជូន​ ២០ ​ភាគរយ​អី​អ៊ីចឹង ពេល​កម្មករ​ចុះឈ្មោះ​មាន​លេខ​ទូរស័ព្ទ គឺថា​ក្រុមហ៊ុន និង​រដ្ឋបាល​របស់​​ក្រុមហ៊ុន​មិនអាច​ភូតកុហក​បាន​នោះទេ​»៕