ភ្នំពេញៈ​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​ឲ្យ​កម្ម​ករ​រោង​ចក្រ​នៃ​អតីត​ក្រុម​ហ៊ុនលីដា (ខេម​បូឌា )ហ្គា​មិន​ ដែល​មាន​ទីតាំង​នៅ​ភូមិ​ទ្រា១សង្កាត់​ស្ទឹង​មាន​ជ័យ ១ ខណ្ឌ​មាន​ជ័យ ​រាជធានីភ្នំពេញ ​ទៅ​បើក​ប្រាក់​ខែ​ដោយ​ផ្ទាល់​ ចាប់​ពីថ្ងៃទី​ ៥ ខែ​តុលា ​ឆ្នាំនេះ នៅ​ទីតាំង​ក្រុម​ហ៊ុន​​តែម្ដង ​បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​បាន​គេច​វេះមិ​នទ​ទួល​ខុស​ត្រូវ​​។ នេះ​បើ​តាម​សេច​ក្ដី​ជូន​ដំណឹង​​ចុះថ្ងៃ​ទី ៣ ខែ​តុលា​។

សេច​ក្ដី​ជូន​ដំណឹង​បាន​សរសេរ​ថា ប្អូន​កម្ម​ករ​និយោ​ជិត​ទាំង​អស់​នៃ​អតីត​ក្រុម​ហ៊ុន​លីដា(ខេមបូឌា) ហ្កាមិន សូម​មេត្ដា​ពិនិត្យ​បញ្ជី​បើក​ផ្ដល់​បុរេ​ប្រទាន​របស់​រាជ​រដ្ឋា​ភិបាល បន្ទាប់​ពី​ថៅកែ​អតីត​ក្រុម​ហ៊ុន​លីដា(ខេម​បូឌា)ហ្គា​មិន មិន​ទទួល​ខុស​ត្រូវ​ដោយ​ថៅកែ​រត់​ចោល​។

សេច​ក្ដី​បាន​បន្ដ​ថា ក្រុម​ការ​ងារ​ក្រសួង​នឹង​បើក​ថវិកាជូន​បង​ប្អូន​កម្ម​ករដែល​ប្រើ​កិច្ច​សន្យា​​មាន​ថេរ​វេលា​មិន​កំណត់​និង​កំណត់​ដោយ​ផ្ទាល់​ដៃ​ដល់​សាមី​ខ្លួន​ចាប់​ពីម៉ោង​ ៨:០០ នា​ទីព្រឹក​ដល់​ម៉ោង​ ១១:៣០ នាទីព្រឹក​។

ជា​មួយ​គ្នានេះ ​​ក្រសួង​ក៏បានត​ម្រូវឱ្យ​កម្ម​ករ​និយោជិត​យក​មក​ជា​មួយ​នូវ​ឯក​សារ​ដូច​ជា១-កាត​សម្គាល់​ខ្លួន (ច្បាប់​ដើម) និង​ សៀវ​ភៅ​ការ​ងារ​ឬប័ណ្ណ​បេឡា​ជាតិ​របប​សន្ដិ​សុខ​សង្គម​ឬអត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ឬលិខិត​ឆ្លង​ដែន​ ឬកិច្ច​សន្យា​ការងារ​ ២-ប័ណ្ណ​បើក​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​របស់​ក​ម្ម​ករ​និយោ​ជិត​ម្នាក់​ៗ (បើមាន​)។

ពេល​កន្លង​មក​រដ្ឋាភិ​បាល​កម្ពុជា​បា​ន​ចំណាយ​ថវិកា​បុរេប្រទានជាង​៤លាន​ដុល្លារសម្រាប់​​បើកប្រាក់​ខែ​ឲ្យ​កម្មករ​រោង​ចក្រ​ជាង៤​ពាន់​នាក់​ដែល​ត្រូវ​បាន​ថៅកែ​រត់​ចោល​។

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ប្រើ​ប្រាស់​ថវិកា​ទាំងនេះ ដោះ​ស្រាយ​បញ្ហា​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​​ជីវ​ភាព​របស់​និយោ​ជិត​​។

ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​ឲ្យ​លោក អ៊ិត សំហេង ជួយ​ដោះ​ស្រាយ​រក​ការងារ​ឲ្យ​កម្មករ​ទៀត​ផង​ដែរ ជា​មួយ​នឹង​ការ​ជំរុញ​ឲ្យ​ក្រសួង​ការ​ងារ​បង្កើត​យន្តការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ករ​ណី​ថៅកែ​រោង​ចក្រ​រត់​ចោល។​

តាម​ការ​ឲ្យ​ដឹង​ពី​របាយ​ការ​ណ៍​ក្រសួង​ការងារ​នាពេល​ថ្មីៗ​នេះ ​មាន​រោងចក្រ​ចំនួន​៩​បាន​បិទ​ទ្វារ​ដែល​នាំ​ឲ្យ​កម្មករ​រោង​ចក្រ​ជាង​៤​ពាន់​នាក់​បាន​បាត់​បង់​ការ​ងារ​ហើយ​មិន​ទទួល​បាន​ប្រាក់ខែពី​ថៅកែ​រោង​ចក្រ​។

​ក្រសួង​ការងារធ្លាប់​បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​កាល​ពីថ្ងៃទី ១ ខែ ​មីនា ឆ្នាំ ២០១៨​ ​ថា នឹង​ចាត់​វិធាន​ការ​ក្តៅ​រឹប​អូស​​ទ្រព្យ​សម្ប​តិ្ត​រោង​ចក្រ​ណាដែលដួល​រលំហើយ​គ្មាន​ប្រាក់​សម្រាប់​ដោះ​ស្រាយ​ជា​មួយ​កម្មករ​-​កម្មកា​រិនី​។

សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា​«នៅ​មាន​វត្តមានត្រូវតែ​ដោះ​ស្រាយ​ជា​មួយ​កម្មករ​និ​យោ​ជិ​ក​។ ប៉ុន្តែប្រសិនបើ​ម្ចាស់​ឬ​តំណាង​នោះ​ពុំ​មាន​ថវិកា​សម្រាប់​ដោះស្រាយក្រសួង​ការ​ងារនឹង​អនុវត្ត​តាម​នីតិ​វិធីរ​បស់​តុលា​ការ​។ ម្យ៉ាង​ទៀត​ក្រសួង​ការ​ងារក៏​ព្រមាន​អនុវត្ត​តាម​នីតិ​វិធីរ​បស់​តុលា​ការ​ដែរ​ក្នុង​ករណី​ក្រុម​ហ៊ុនឬ​រោងច​ក្រដួ​លរ​លំដោយ​ម្ចាស់ឬ​តំណាង រត់​គេច​ខ្លួន»។

តាមរ​យៈ​សេចក្តី​ជូនដំ​ណឹង​ក្រសួង​ការ​ងារ​លើក​ឡើង​ថាប្រាក់​ដែល​ទទួល​បាន​ពី​ការលក់​នូវ​ទ្រព្យ​សម្បត្តិ​របស់​រោង​ចក្រ​ណា​មួយ​គឺ​ត្រូវ​យក​ទៅ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​-​កម្ម​ការិនី​​៕