ភ្នំពេញៈ ក្រសួងការបរទេស​បាន​សម្តែង​ការសោកស្តាយ និង​ថ្កោលទោស ចំពោះ​វិទ្យុ​អាស៊ីសេរី​ដែល​ក្រសួង​ថា​មាន​ចេតនា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​គោលបំណង​បំភាន់​សាធារណជន​អំពី​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ EBA» ដោយ​ចោទ​វិទ្យុ​នេះ​ថា​គ្រាន់តែ​ជា​ស្ថានីយ​ឃោសនា​មួយ​ដែល​បម្រើ​ដល់​ក្រុម​នយោបាយ​មួយ​ប៉ុណ្ណោះ​។

កាលពី​សប្តាហ៍​មុន វិទ្យុ​អាស៊ីសេរី​អះអាង​ថា ខ្លួន​បាន​ទទួល​របាយការណ៍​បឋម​ស្តីពី​ការព្យួរ​ការអនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ពី​ប្រភព​ផ្លូវការ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ វិទ្យុ​មួយ​នេះ​ផ្សព្វផ្សាយ​ថា បើ​យោងតាម​របាយការណ៍​ដែល​ខ្លួន​បាន​ទទួល បង្ហាញថា​រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិនបាន​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ដែល​អាចឱ្យ​សហភាព​អឺរ៉ុប​ឈាន​ទៅ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ពី​កម្ពុជា​។

ប៉ុន្តែ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃទី​ ១៥ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា ការផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ដោយ​យក​ចេញ​ពី​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​គឺ​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើមឡើយ​។

ក្រសួងការបរទេស​បញ្ជាក់​ថា​៖ «​ដោយ​អនុលោម​តាម​ការប្រតិបត្តិ​តាមផ្លូវ​ការទូត និង​លក្ខខណ្ឌ​នានា​របស់​គណៈកម្មការ​អឺរ៉ុប របាយការណ៍​នេះ​ត្រូវបាន​ចាត់ទុក​ជា​ការសម្ងាត់​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​សោកស្តាយ និង​ថ្កោលទោស​ចំពោះ​វិទ្យុ​អាស៊ីសេរី​ដែល​មាន​ចេតនា​​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​គោលបំណង​បំភាន់​សាធារណជន​អំពី​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​»​។

ក្រសួង​ការបរទេស​បន្ត​ថា​៖ «​យោង​ទៅលើ​ពាក្យពេចន៍ និង​កថាខណ្ឌ​ដែល​បាន​ដកស្រង់​យក​មក​ផ្សព្វផ្សាយ​ដោយ​យក​ចេញ​ពី​របាយការណ៍​នេះ​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើមឡើយ​។ ព័ត៌មាន​មិន​ពិត​ដូចនេះ បាន​បង្កើត​នូវ​ក្ដីបារម្ភ​មិនគួរ​មាន​ដែល​ពាក់ព័ន្ធ​ដល់​កម្មករ​រាប់ម៉ឺន​នាក់ ធ្វើឱ្យ​សាធារណជន​ភាន់ច្រឡំ និង​ធ្វើឱ្យ​អាប់ឱន​ដល់​កេរ្តិ៍ឈ្មោះ​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​វិទ្យុ​អាស៊ីសេរី​អះអាង​ថា បាន​ធ្វើឱ្យ​បែកធ្លាយ​ឯកសារ​»​។

របាយការណ៍​បន្ថែមថា​៖ «​ម្យ៉ាង​វិញ​ទៀត​សកម្មភាព​របស់​វិទ្យុ​អាស៊ីសេរី​បញ្ជាក់​យ៉ាងច្បាស់​ថា វិទ្យុ​នេះ​មិនមែន​ជា​ប្រភព​ព័ត៌មាន​ដែល​គួរឱ្យ​ទុកចិត្ត​បាន​។ ប៉ុន្តែ​គ្រាន់​តែ​ជា​ស្ថានីយ​ឃោសនា​មួយ​ដែល​បម្រើ​ដល់​ក្រុម​នយោបាយ​មួយ​ប៉ុណ្ណោះ​»​។

ក្រសួង​ការបរទេស​ឲ្យ​ដឹង​ដែរ​ថា អនុលោម​តាម​នីតិវិធី គណៈកម្មការ​អឺរ៉ុប​បាន​បញ្ជូន​មក​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ​នូវ​របាយការណ៍​បឋម​របស់​ខ្លួន​អំពី​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម​ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​-EBA» ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ផ្តល់យោបល់​ទៅលើ​របាយការណ៍​នេះ​ក្នុង​អំឡុងពេល​ ១ ​ខែ​។

ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ធ្វើការ​ពិនិត្យ​របាយការណ៍​នេះ​ទាំងមូល ហើយ​នឹង​ផ្តល់​ការឆ្លើយតប​សមស្រប​មួយ​តាម​ពេលវេលា​កំណត់​ដែល​នឹង​ឆ្លុះបញ្ចាំង​ពី​បច្ចុប្បន្នភាព​នៃ​ការវិវឌ្ឍ​ថ្មីៗ​នៅក្នុង​ចំណុច​ដែល​ជា​ការព្រួយបារម្ភ​របស់​គណៈកម្មការ​អឺរ៉ុប​។ តាម​ការរំពឹង​ទុក គណៈកម្មការ​អឺរ៉ុប​នឹងធ្វើ​សេចក្តី​សម្រេច​នៅ ​ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ ខាងមុខ ថា​តើ​នឹងត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ឬ​យ៉ាងណា​?​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​នៅពេល​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច រិះគន់​ថា​វិទ្យុ​អាស៊ីសេរី​បាន​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម គឺវិទ្យុ​អាស៊ីសេរី​អាច​ធ្វើការ​កែតម្រូវ​​របស់ខ្លួន​។ ប៉ុន្តែ​បើ​ខ្លួន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ខ្លួន​អាច​បង្ហាញ​ទៅ​សាធារណជន​ដើម្បី​ចៀសវាង​ការចោទប្រកាន់​ណាមួយ​ថា ខ្លួន​បម្រើ​ដល់​ក្រុម​នយោបាយ​មួយ​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​ដែល​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា មិន​ត្រឹមត្រូវ​ទេ អ្នកសារព័ត៌មាន​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ក៏ដោយ គួរតែ​ធ្វើការ​កែតម្រូវ​ទៅ វា​មិន​មាន​អ្វី​ខុសឆ្គង​ទេ។ (​អាស៊ីសេរី​) ​អាច​បង្ហាញថា ការលើកឡើង​របស់​ខ្លួន​មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ទៅ​សាធារណជន​ទូទៅ​ចៀសវាង​គេ​ចោទប្រកាន់​ថា វិទ្យុ​នេះ​ឈរ​ជំហរ​ណាមួយ​ឬក៏​ដាក់​បន្ទុក​ទៅលើ​រដ្ឋាភិបាល​»​។

ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទាក់ទង​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ម្សិលមិញ​ដើម្បី​សុំ​ការបកស្រាយ ប៉ុន្ដែ​មិន​មាន​ការឆើ្លយតប​នោះ​ទេ​៕

វីដេអូ៖