
លោក ប្រាក់ សុខុន និងលោក Patrick Murphy។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រតិកម្មនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលលើកឡើងពីការមិនពេញចិត្តចំពោះចំណាត់ការរបស់តុលាការលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដោយចាត់ទុកការបញ្ចេញយោបល់នេះ ថាជាការមិនគោរពអធិបតេយ្យរបស់កម្ពុជា។
ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី ១៣ មីនា ដោយបានបង្ហាញពីការខកចិត្ត ដោយបានអះអាងថា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបញ្ចេញយោបល់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យ និងដាច់ដោយឡែក។ ជាការបង្ហាញឱ្យឃើញពីឥរិយាបថគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យកម្ពុជា។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «យោងតាមទំនាក់ទំនងអន្តរជាតិការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រា ៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ ១៩៦១ ស្ដីពីទំនាក់ទំនងការទូត និងមាត្រាទី ២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះធំ ឬតូចត្រូវតែគោរពឱ្យបានពេញលេញ»។
ក្រសួងការបរទេសបន្តថា ការថ្លែងរបស់លោក Murphy គឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក ក៏ដូចជា ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំង ២ កំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព ៧០ ឆ្នាំ។
ប្រតិកម្មរបស់ក្រសួងការបរទេសនេះធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Murphy កាលពីថ្ងៃទី ១២ មីនា បានចូលទៅស្ដាប់សវនាការជំនុំជម្រះលើរឿងចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬជាការត្រូវរ៉ូវសម្ងាត់ជាមួយបរទេស។
ក្រោយពីចូលស្ដាប់សវនាការលោក Murphy ប្រាប់អ្នកសារព័ត៌មាននៅក្រៅតុលាការថា បុគ្គលិករបស់ស្ថានទូតបានចូលរួមស្ដាប់គ្រប់ថ្ងៃនៃការបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា។ លោកអះអាងថា ព្រះរាជអាជ្ញាធរបានលើកឡើងរឿងមិនពិត និងប្រឌិតទាក់ទងនឹងសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «យើងមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិតដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក។ សហរដ្ឋ-អាមេរិកបានផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារដល់ប្រទេសកម្ពុជាក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះដោយរួមទាំងជំនួយប្រកបដោយតម្លាភាពដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
លោកបញ្ជាក់ដែរថា សហរដ្ឋអាមេរិកគោរពពេញលេញឯករាជភាព និងអធិបតេយ្យភាពកម្ពុជា ប៉ុន្តែសហរដ្ឋអាមេរិកក៏គាំទ្រសេរីភាពបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ដែលជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ។
ការលើកឡើងរបស់លោក W. Patrick Murphy គឺភ្លាមៗក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញសេចក្ដីថ្លែងការណ៍បដិសេធ និងបានអះអាងថា តុលាការមិនបានធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកនោះទេ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ក្នុងដំណើរការនៃការជំនុំជម្រះក្ដីលើសំណុំរឿងពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគឺព្រះរាជអាជ្ញាបានចោទប្រកាន់តែទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុអង្គច្បាប់ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។
ការឆ្លើយឆ្លងរបស់ក្រសួងការបរទេស និងអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺបន្ទាប់ពីសវនាការលើលោក កឹម សុខា ដែលបានធ្វើឡើង ១ ថ្ងៃកន្លះក្នុង ១ សប្ដាហ៍ដោយធ្វើឡើងបានចំនួន ៧ សប្ដាហ៍មកហើយ។ ក្នុងរយៈពេលសវនាការទាំងនេះលោក កឹម សុខា ត្រូវបានតុលាការសួរដេញដោលអំពីទំនាក់ទំនងរបស់លោកជាមួយអង្គការមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា USAID NDI និង IRI ជាដើម។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ឃើញថា ការលើកឡើងរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺមិនមានភាពខុសឆ្គងណាស់ណាឡើយ។ ព្រោះគ្រាន់តែជាការឆ្លើយបំភ្លឺរបស់សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួននៅក្នុងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។
លោក សុវណ្ណារ៉ា បានថ្លែងថា៖ «ដោយសារតែបទចោទនេះគឺគេសំដៅទៅលើការស៊ុមគ្រលុំរបស់លោក កឹម សុខា ជាមួយបរទេស ហើយបរទេសដែលនៅពីក្រោយខ្នងហ្នឹងគឺគេសំដៅទៅលើសហរដ្ឋអាមេរិក។ អ៊ីចឹងអាមេរិកគេមានភារៈឆ្លើយបំភ្លឺអ្វីដែលគេមិនជាប់ពាក់ព័ន្ធ ដើម្បីបង្ហាញអំពីភាពសុទ្ធចិត្ត និងភាពល្អរបស់គេ ដើម្បីកសាងទំនាក់ទំនងទាំង ២ ហ្នឹងឱ្យប្រសើរឡើងដូចស្មារតីនៃមេដឹកនាំប្រទេសទាំង ២»៕