
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងការបរទេសកម្ពុជាបានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សក្នុងឆ្នាំ ២០២០ ហើយបានចាត់ទុករបាយការណ៍នោះថា ធ្វើឡើងដោយឯកតោភាគី និងតាមអំពើចិត្តដែលមិនបង្ហាញពីស្ថានភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា។
ការឆ្លើយរបស់កម្ពុជានាពេលនេះ បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៤៥ របស់ខ្លួនកាលពីថ្ងៃ ៣០ មីនា ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២០ ក្នុងនោះបានអះអាងថា ខ្លួនបានរកឃើញអំពើនិទ្ទណ្ឌភាពបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជា។
ជាមួយនេះបានចោទរដ្ឋាភិបាលកម្ពុជាថា បន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយពីថ្ងៃទី ២ មេសា តបទៅនឹងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងកម្ពុជាផងបានឱ្យដឹងថា របាយការណ៍នោះខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។
ក្រសួងបានបញ្ជាក់ថា៖ «របាយការណ៍ខាងលើមិនបានប្រើប្រាស់វិធីសាស្ត្រយុត្តិធម៌ត្រឹមត្រូវមួយ សម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោង ព្រមទាំងបដិសេធលក្ខណពិសេសរបស់ជាតិ និងផលប្រយោជន៍ជាទូទៅដែលកម្ពុជាទទួលបាននៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស»។
ក្រសួងក៏បានរំឭកផងដែរថា ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃកម្ពុជាមិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ដែលអតីតរដ្ឋការបានជំពាក់ព្រះរាជាណាចក្រ និងពលរដ្ឋស្លូតត្រង់កម្ពុជាដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។
ទន្ទឹមនេះក្រសួងការបរទេសកម្ពុជាបានលើកឡើងថា សហរដ្ឋអាមេរិកគួរអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្សដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេដោយផ្តើមចេញពីខ្លួនឯង ខណៈប្រទេសរបស់ខ្លួនក៏បានរំលោភសិទ្ធិមនុស្សដែរនោះ។
ក្រសួងសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាមានចេតនាចង់ជំរុញ និងការពារសិទ្ធិមនុស្សដើម្បីផលប្រយោជន៍សកលពិតមែន ពុំគួរចេញរបាយការណ៍តែ ១ ជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធនោះទេ។ «ដូចដែលឯកឧត្តមអានតូនីញ៉ូ ហ្គូតឺរ៉េស (AntónioGuterres) អគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានលើកឡើង «សិទ្ធិមនុស្សដាច់ខាតមិនមែនជាយានសម្រាប់ស្តង់ដាទ្វេ ឬមធ្យោបាយដើម្បីអនុវត្តរបៀបវារៈលាក់កំបាំងនោះទេ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា ការបដិសេធមិនទទួលស្គាល់របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគឺជាជំហររបស់កម្ពុជាដែលតែងតែឃើញនាពេលកន្លងមក។ បើតាមលោក ច័ន្ទរឿន ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពធ្ងន់ធ្ងរពុំមែនធូរស្រាលនោះទេ។
លោកថា៖ «តាមការសង្កេត និងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ និងភាគីដទៃទៀត ខ្ញុំសង្កេតឃើញថា ដំណើរការនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាមានភាពមិនល្អ និងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសទាំងក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងប្រឈមមុខស្ថានភាពកូវីដ១៩ផងដែរ»។
លោកបន្តថា៖ «ខ្ញុំឯកភាពជាមួយការរកឃើញរបស់សហរដ្ឋអាមេរិកពីព្រោះរបាយការណ៍នោះធ្វើការសិក្សាស្រាវជ្រាវឆ្លុះបញ្ចាំងដោយយកម៉ែត្រដែលជាសេចក្តីចែងក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា ខ្លឹមសារមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សូម្បីរដ្ឋធម្មនុញ្ញយើងក៏បានចែងដែរថា គោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យយោងទៅតាមគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់អង្គការសហប្រជាជាតិ និងសេចក្តីថ្លែងការណ៍ និងកតិកាសញ្ញាទាំងឡាយណាដែលទាក់ទងនឹងសិទ្ធិមនុស្ស»។
ទោះបីជាមានការរិះគន់យ៉ាងនេះក្តីក៏ក្រសួងការបរទេសកម្ពុជា នៅតែអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដោយឥតងាករេរបស់កម្ពុជាក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការគោរពសេរីភាពជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ទាក់ទងនឹងបញ្ហានេះដែរ កាលពីថ្មីៗនេះទាំងអ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានឆ្លើយតបនឹងរបាយការណ៍សហរដ្ឋអាមេរិកនេះដែរ ដោយចាត់ទុកថាជារបាយការណ៍មិនគ្រប់ជ្រុងជ្រោយ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា៕
វីដេអូ៖