ភ្នំពេញៈ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​រៀបចំ​វេទិកា ASEM Day នៅ​ថ្ងៃទី​ ១០ ខែមីនា​នេះ​នៅ​បរិវេណ​ខាងមុខ​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​អំពី​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​ ១៣ និង​ព្រឹតិ្តការណ៍​ក្រៅ​កិច្ចប្រជុំ ASEM ១៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ចុះផ្សាយ​ថ្ងៃទី​ ៩ មីនា ឲ្យ​ដឹងថា​ព្រឹតិ្តការណ៍​នេះ​មាន​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​សភា​អាស៊ី-អឺរ៉ុប កិច្ចប្រជុំ​កំពូល​នៃ​អ្នកដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី-អឺរ៉ុប វេទិកា​ប្រជាជន​អាស៊ី-អឺរ៉ុប​បុណ្យ​វប្បធម៌​អាស៊ី-អឺរ៉ុប វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប វេទិកា​ការងារ​អាស៊ី-អឺរ៉ុប និង​កិច្ចពិភាក្សា​តុមូល​ក្រុម​និពន្ធ​សារព័ត៌មាន​នៃ​មូលនិធិ​អាស៊ី-អឺរ៉ុប​។

សេចក្ដី​ជូនដំណឹង​បន្តថា ចំពោះ​វេទិកា ASEM Day ប្រារព្ធ​ឡើង​ចាប់ផ្ដើម​ពី​ម៉ោង​ ៧ និង​ ៣០ ​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​ ៨ និង ​២០ ​នាទី​យប់​នេះ​។ វេទិកា​នេះ​មាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា សិស្សនិស្សិត និង​ការបើក​ទូលាយ​ឱ្យ​សាធារណជន​បាន​ចូល​ទស្សនា ដើម្បី​ស្វែងយល់​អំពី​ព្រឹត្តិការណ៍​នេះ​អម​ជាមួយ​នឹង​ការទស្សនា​ស្ដង់​ពិព័រណ៍ ការសម្ដែង​សៀក ការថតរូប និង​សុំ​ហត្ថលេខា​ពី​កីឡាករ​ឆ្នើម និង​ការសម្ដែង​តន្ត្រី​ផង​ដែរ​៕