ភ្នំពេញៈ ក្រសួងការពារជាតិបានប្រកាសជ្រើសរើសនិស្សិត-សិស្ស ជាង ៦០០ នាក់ឲ្យចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី ២០ នាយទាហានទ័ពជើងគោកជំនាន់ទី ៨ និងនាយទាហានបន្តវេនជំនាន់ទី ៩ ដោយចាប់ផ្តើមចែក និងទទួលពាក្យសុំចុះឈ្មោះចូលប្រឡងចាប់ពីថ្ងៃទី ១ កញ្ញាដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។ នេះបើយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីម្សិលមិញ។
នៅក្នុងលិខិតជូនដំណឹងរបស់ក្រសួងការពារជាតិបានឲ្យដឹងថាសម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ក្រសួងការពារជាតិជ្រើសរើសនិស្សិត-សិស្សឲ្យចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី ២០ ចំនួន ១២០ នាក់ដែលមានរយៈពេលសិក្សា ៤ ឆ្នាំនៅសាលានាយទាហានសកម្ម។ សិក្សាវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី ៨ ចំនួន ២៥០ នាក់ដែលមានរយៈពេលសិក្សារ ៤ ឆ្នាំនៅវិទ្យាស្ថានទ័ពជើងគោក និងសិក្សាវគ្គនាយទាហានបន្តវេនជំនាន់ទី ៩ ចំនួន ២៥០ នាក់ដែលមានរយៈពេលសិក្សា ៦ ខែនៅវិទ្យាស្ថានទ័ពជើងគោក។
នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថាបេក្ខជនទាំងពីរភេទត្រូវជ្រើសរើសពីចំណោមនិស្សិត សិស្សដែលស្ម័គ្រចិត្តចូលបម្រើការងារក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទត្រូវមានសញ្ជាតិខ្មែរអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំមានកាយសម្បទាគ្រប់គ្រាន់មិនធ្លាប់បានតុលាការផ្តន្ទាទោសមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រប្រហាក់ប្រហែលបុរសមានកម្ពស់ ១ ម៉ែត្រ ៦០ និងនារី ១ ម៉ែត្រ ៥០ ឡើងទៅ។
នៅក្នុងលិខិតនោះបញ្ជាក់ថា៖ «អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទអគ្គលេខាធិការក្រសួងការពារជាតិនាយកនាយកដ្ឋានបុគ្គលិក អគ្គនាយកអគ្គនាយកដ្ឋាន និងនាយកនាយកដ្ឋាន ប្រធានស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
គួរបញ្ជាក់ផងដែរថាបើយោងទៅតាមសៀវភៅរាជកិច្ចដែលចេញផ្សាយពីទីស្តីការគណៈរដ្ឋមន្ត្រីនៅខែតុលា ឆ្នាំ ២០១៤ រដ្ឋាភិបាលសម្រេចឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានរាជរដ្ឋាភិបាលចំនួន ១០៥០ នាក់ដើម្បីបំពេញឲ្យកងពលតូចថ្មើរជើងលេខ ៧០ អគ្គបញ្ជាការដ្ឋានចំនួន ៧០០ នាក់ និង បញ្ជាការដ្ឋានអង្គរក្សអគ្គបញ្ជាការដ្ឋានចំនួន ៣៥០ នាក់។ ហើយនៅខែធ្នូ ឆ្នាំ ២០១៤ ក្រសួងក៏បានប្រកាសជ្រើសរើសនិស្សិត-សិស្ស ជាង ៦០០ នាក់បន្ថែមទៀត។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថាការជ្រើសរើសទាហានបន្ថែមនោះគឺជ្រើសទៅតាមច្បាប់ និងតាមកម្មវិធីរបស់គេពីព្រោះក្នុងមួយឆ្នាំត្រូវដាក់ឲ្យចូលនិវត្តន៍ដូច្នេះរដ្ឋាភិបាលជ្រើសរើសពលទាហានដើម្បីបំពេញបន្ថែមដែលក្រសួងការពារជាតិត្រូវរក្សានូវតុល្យភាពចំនួន។
លោកថ្លែងថា៖ «ការលើកឡើងថាការជ្រើសរើសដើម្បីការបោះឆ្នោតនោះគឺវាបង្កការចលាចលដូច្នេះការជ្រើសរើសទាហាននោះគឺគ្រាន់តែបំពេញបន្ថែមទាហានចូលនិវត្តន៍តែប៉ុណ្ណោះ»។
ទាក់ទិនទៅនឹងការជ្រើសរើសនោះដែរលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថាជាទូទៅការជ្រើសរើសទាហានបន្ថែមគឺជារឿងធម្មតាទេដោយសារតែទាហានមួយចំនួនត្រូវចូលនិវត្តន៍ប៉ុន្តែការជ្រើសរើសនោះធ្វើឲ្យមានគុណភាពទាក់ទងទៅនឹងចំណេះដឹងទូទៅ និងបច្ចេកវិជ្ជាជាដើម។
លោកបានថ្លែងថា៖ «អ្វីដែលសំខាន់គឺត្រូវបើកប្រាក់បៀវត្សរ៍ឲ្យពួកគាត់ឲ្យបានទៀងទាត់ដើម្បីឲ្យពួកគាត់មានទឹកចិត្តបម្រើជាតិ»។
សូមរំឭកផងដែរថាចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០១ តាមគោលនយោបាយផ្ទេរយោធិនប្រភេទ ២ គឺនៅឆ្នាំ ២០០០ ត្រូវបានរាជរដ្ឋាភិបាលកាត់រំសាយទ័ពសាកល្បងចំនួន ១ ៥០០ នាក់ហើយនៅឆ្នាំ ២០០១ រដ្ឋាភិបាលក៏បានកាត់រំសាយយោធិនជាទ្រង់ទ្រាយធំចំនួន ១៥ ០០០ នាក់ហើយកាលពីឆ្នាំ ២០១២ ក្រសួងការពារជាតិបានដាក់មន្រ្តីយោធិន ចំនួន ៤៨០៥ នាក់ឲ្យចូលនិវត្តន៍៕