ភ្នំពេញៈ ក្រសួង​ការ​ពារ​ជាតិ​ នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨​ បានឲ្យដឹង​ថា​ ខ្លួន​បាន​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ និង​មតិ​យោ​បល់​​បាន​ជិត​ ១៤០ ​ករណី​ ពាក់​ព័ន្ធ​នឹង​កង​ទ័ព​ ដែលករណី​ទាំង​នោះ ​ត្រូវ​​បាន​លើកឡើង​ ដោយ​អ្នក​ប្រើ​ប្រាស់​​ហ្វេ​ស​ប៊ុ​ក​ កាល​ពី​ឆ្នាំ​មុន​ ដែល​​ជា​គំនិត​ផ្តួច​ផ្តើម​ថ្មី​មួយ​ទៀត ​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ លោក ឈុំ ​សុជាតិ​ បាន​​ថ្លែង​​ថា​ មន្ត្រី​បាន​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​បណ្តឹង ​មតិ​យោបល់​ សំណើ ​និង​សំណូម​ពរ​ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ និង​ហ្វេ​ស​ប៊ុ​ក ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​។

លោក​ សុជាតិ ​ថ្លែង​ថា៖ «ប្រសិន​បើ​វា​ជា​បញ្ហា​ដែល​យើង​អាច​ដោះ​ស្រាយ​បាន ​យើង​នឹង​ដោះ​ស្រាយ​។ ប៉ុន្តែ​បើ​បញ្ហា​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ នោះ​យើង​នឹង​ផ្ទេរ​ទៅ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច»។

បើ​​តាម​លោក​សុជាតិ​ បណ្តឹង​ទាំង​នោះ​ភាគ​ច្រើន​ គឺពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ប្រាក់​ខែ​​ ការ​ដំឡើង​ឋា​នន្តរ​ស័ក្តិ ​និង​វិវាទ​ដីធ្លី។ ​

លោក​បញ្ជាក់​ថា​ បួន​ករណី​ទាក់​ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ថា​​ ទាហាន​បាន​ចាប់​យក​ដី​ពីអ្នក​ស្រុក​គឺ​មា​ននៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ខេត្ត​សៀម​រាប ​និង​ខេត្ត​បាត់​ដំបង​ ហើយ​​ករណី​ទាំងនេះ បាន​បញ្ជូន​ទៅ​តុលា​ការ ​ប៉ុន្តែ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ទេ។

លោក​ សុជាតិ ​ក៏បាន​ព្រមាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​កុំ «ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត» ដែល​អាច​បង្ក​ឱ្យ​មាន «ចលា​ចល ការ​យល់​ច្រឡំ ​ការ​ញុះញង់​ឬ​សកម្ម​ភាព​ណា​ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ»។

ក្រុម​ការពារ​សិ​ទិ្ធ​មនុស្ស​ បាន​លើក​ឡើង​ពី​កង្វល់​មួយ​ចំនួន​ អំពី​ការ​ឃ្លាំ​មើល​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​របស់រ​ដ្ឋា​ភិ​បាល ​ដោយ​ពួកគេ​បានចង្អុល​បង្ហាញ​ទៅដល់​វិធាន​ការ​ផ្លូវ​ច្បាប់​ ដែល​បានធ្វើ​ឡើង​ប្រឆាំង​នឹង​មនុស្ស​មួយ​ចំនួន​ ដែល​បាន​បញ្ចេញ​ទស្សនៈ​របស់​ពួក​គេ ​តាម​បណ្តាញ​សង្គម។

កាលពី​ខែ​សីហា​កន្លង​ទៅ ​អតីត​មេ​ដឹក​នាំ​គណបក្ស​អំណាច​ខ្មែរ​ លោក​សួន​ សេរី​រដ្ឋា​ ត្រូវបាន​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ ដោយ​សា​តែ​គាត់​បាន​បង្ហោះ​ពាក្យ​ប្រមាថ​ក​ងទ័ព ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក។

ក្រុម​តំណាង​រាស្ត្រ​ក៏​កំពុង​ធ្វើ​ច្បាប់​ដែល​អាច​នាំ​ឲ្យ​មានការ​ផ្តន្ទា​ទោស​ដល់​អ្ន​ក​ប្រើប្រាស់​បណ្តាញ​សង្គម​​​ផង​ដែរ​ពី​បទ«វាយប្រហារ​ទៅលើ​បុគ្គល​សា​ធារណៈ​ដោយ​ខុស​ច្បាប់​នឹង​ដោយ​គ្មាន​ភ័ស្តុតាង​»​និង​​ពីបទ​ញុះ​ញង់​ឲ្យ​មាន​បដិវត្ត​ពណ៌ នេះ​បើ​យោងតាម​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រ។

លោក​ សុខ​ សំ​អឿន​ ដែល​ជា​មេធាវី​​របស់​លោក​ សេរី ​រដ្ឋា​ បាន​ថ្លែង​ថា​ ការ​ផ្តួច​ផ្តើម​របស់​ក្រសួង​នេះ​ អាច​មាន​ឥទ្ធិពល​អវិជ្ជ​មាន​ ដល់​សេរី​ភាព​បញ្ចេញ​មតិ។

លោក​​ សំអឿន​ បញ្ជាក់​ថា៖«ផ្អែក​លើ​ករណី​របស់​លោក​សួន​ សេរី​រដ្ឋា​ ប្រជាព​លរដ្ឋ​ ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ឲ្យ​បាន​ខ្លាំង​ក្លា​ នៅ​ពេល​ដែល​ពួក​គេ​បង្ហោះ​អ្វី​មួយ​ដែល​សំខាន់»។

ទោះជា​យ៉ាង​ណា​ ​លោក​សុជាតិ​ បាន​អះ​អាង​ថា​ ករណី​របស់​លោក​ សេរី​រដ្ឋា​ គឺ​​គ្រាន់តែរឿង​«នយោ​បាយ»​ប៉ុណ្ណោះ​។

លោក​មាន​ប្រសាសន៍​ថា៖«នេះ​គឺ​និយាយ​អំពី​ប្រជា​ពលរដ្ឋ​ដែល​បាន​លើក​ឡើង​អំពី​ផល​វិបាក​​របស់​ពួកគាត់​ ដូច្នេះ​ហើយ​ យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំងនោះ​ជូន​ពួក​គាត់។ ​ប៉ុន្តែ​លោក​សួន​ សេរី​រដ្ឋា​ បាន​ចោទ​ប្រកាន់​និង​បង្ខូច​ឈ្មោះ​យើង វា​គឺជា​បញ្ហា​ផ្សេង​គ្នា»។

លោក​ សុជាតិ​ បាន​បន្ថែម​ថា​ ក្រុម​មួយ​ផ្សេង​ទៀត​គឺ​ទទួល​បន្ទុក​ស៊ើបអ​ង្កេត​​ការ​បង្ហោះ​លើ​ប​ណ្ដាញ​សង្គម​ ដែលពាក់ព័ន្ធ​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​មាន​ប្រសាសន៍​ថា៖ «យើង​នៅ​មិនទាន់បាន​ប្រជុំ​ជា​មួយ​ក្រុម​នេះ​នៅឡើយ​ទេ»៕ NS