
ប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំង ស៊ីណូហ្វាម នៅសាលាបឋមសិក្សាស្ទឹងមានជយ័ទី២ កាលពីថ្ងៃទី ០១ ឧសភា។ ហេង ជីវ័ន
ភ្នំពេញ៖ ក្រសួងការពារជាតិបានបន្ថែមនូវទីតាំងចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ សម្រាប់ពលរដ្ឋ និងកម្មករកម្មការិនីក្នុងតំបន់ក្រហមនៃខណ្ឌទាំង ៤ ចំនួន ១៧ ទីតាំងទៀតក្នុងសង្កាត់ទាំង ៣៣ ខណៈរយៈពេល ២ ថ្ងៃដំបូងមានមនុស្សក្នុងតំបន់នេះ ចំនួន ៥៧ ៦១៣ នាក់ទទួលបានការចាក់វ៉ាក់សាំងនេះ។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងនៃកងយោធពលខេមរភូមិន្ទបានថ្លែងកាលពីព្រឹកថ្ងៃទី ៣ ខែឧសភានេះថា ការបន្ថែមទីតាំងចាក់វ៉ាក់សាំងនេះ គឺដើម្បីឱ្យទទួលការចាក់បានច្រើន និងសមតុល្យទៅនឹងចំនួនពលរដ្ឋ និងកម្មករដែលទៅទទួលការចាក់វ៉ាក់សាំងនេះ។
លោកមានប្រសាសន៍ថា៖ «នេះ គឺជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ក្នុងកិច្ចការសង្រ្គោះប្រជាពលរដ្ឋយើងពីការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩។ យើងបាននិងកំពុងខិតខំបំពេញភារកិច្ចនេះឱ្យទទួលបានជោគជ័យ»។
លោក ឥត សារ៉ាត់ បានបន្ថែមថា តាមបទពិសោធនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នករស់នៅក្នុងតំបន់ក្រហមនៃសង្កាត់ចំនួន ៣៣ នោះ គឺមានអ្នកមកចូលរួមចាក់ច្រើនដែលទាមទារឱ្យមានការបង្កើននូវក្រុមចាក់ និងទីតាំងចាក់វ៉ាក់សាំងនេះ។
លោកបានបញ្ជាក់ថា៖ «នៅថ្ងៃទី ១ នៃការចាក់វ៉ាក់សាំងនេះ កម្លាំងចាក់មានតែ ១៣ កងអង្គភាព ប៉ុន្តែនៅថ្ងៃទី ២ យើងបានបង្កើតថែមរហូតដល់ ៣០ កងអង្គភាព ដើម្បីសម្រេចកិច្ចការនេះ យើងក៏សម្រេចបង្កើតថែមទៀតរួមទាំងបង្កើនទីតាំងចាក់ចំនួន ១៧ បន្ថែមទៀតលើចំនួនទីតាំងដែលយើងមាននាពេលកន្លងមក»។
ជាមួយគ្នានេះដែរ លោក ឥត សារ៉ាត់ ក៏បានស្នើឱ្យពលរដ្ឋ និងកម្មករកុំមកប្រមូលផ្តុំគ្នាកកកុញនៅកន្លែងចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសនូវការឆ្លងរាលដាលនៃវីរុសកូវីដ ១៩។
បន្ថែមពីនេះទៀត លោក ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់ទៅដល់សាធារណជន និងពលរដ្ឋខ្មែរទាំងអស់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនយកប្រាក់ទេ ហើយប្រសិនបើមានបុគ្គលណាទាមទារយកលុយ ពលរដ្ឋត្រូវរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
យុទ្ធនាការចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំទៅដល់ពលរដ្ឋរស់នៅតំបន់ក្រហមចាប់ផ្តើមឡើងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែឧសភា ក្នុងខណ្ឌចំនួន ៤ ក្នុងភូមិសាស្ត្រ
រាជធានីភ្នំពេញ គឺខណ្ឌកំបូល, ពោធិ៍សែនជ័យ, មានជ័យ និងខណ្ឌដង្កោ។
គិតត្រឹមថ្ងៃទី ២ ខែឧសភា កម្ពុជាបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ដល់ពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១ ៤២២ ៧២២ នាក់ សម្រាប់ការចាក់លើកទី១។ រីឯចំនួននៃការចាក់លើកទី២ មានចំនួន ៩៨៤ ៧៨១ នាក់។
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់ពលរដ្ឋកម្ពុជាឱ្យបានចន្លោះពី ១០ លាននាក់ ទៅ ១៣ លាននាក់នៅទូទាំងប្រទេស៕