ភ្នំពេញៈ ​ក្រសួង​ការពារជាតិ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​ក្រហម​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុង​រយៈពេល ៣០ ថ្ងៃ ដោយ​ដំណើរ​ការចាក់​វ៉ាក់សាំង​ដូស​ទី ១ ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ១៥ ឧសភា ក្នុង​គោលដៅ​សម្រេច​ចាក់​ជូន​ពលរដ្ឋ​ឱ្យបាន ៤៥ ម៉ឺន​នាក់។

ការប្រកាស​ពី​យុទ្ធនាការ​នេះ​បានធ្វើ​ឡើង​ក្នុង​វេទិកា​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ស្តីពី​សកម្មភាព និង​លទ្ធផល​នៃ​ការអនុវត្ត​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមេសា​នេះ​របស់​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ។

លោក ឥត សារ៉ាត់ បាន​បញ្ជាក់ថា៖ «ថ្ងៃទី ១ ដល់​ថ្ងៃទី ១៥ ខែឧសភា ២០២១ គឺ​យើង​ប្តេជ្ញាចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដូស​ទី ១ ឱ្យ​ហើយ​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ៤៥ ម៉ឺន​នាក់។ នៅក្នុង​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ៣១ ខែឧសភា យើង​នឹង​ចាក់​វ៉ាក់សាំង​ដូស​ទី ២ បញ្ចប់​ទាំងអស់»។

លោក​បាន​បន្តថា យុទ្ធនាការ​នេះ​គឺជា​គោលការណ៍​របស់​ក្រសួង​ការពារជាតិ​ដែល​បានរៀបចំ​ផែនការ​ក្រោម​ការណែនាំ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បីឱ្យ​ការចម្លង​ជំងឺ​កូវីដ ១៩ ក្នុង​តំបន់​ប្រឈម​ខ្លាំង​នេះ មាន​ភាពស៊ាំ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ឈាន​ទៅ​រក​ការកាត់ផ្តាច់​ការចម្លង។

លោក​បាន​បញ្ជាក់ថា៖ «ចំពោះ​តំបន់​ដែល​យើង​បានរៀបចំ​ចាក់​វ៉ាក់សាំង​នេះ យើងខ្ញុំ​ក៏​កំពុងតែ​រៀបចំ​ជា​តារាង​មួយ ដើម្បីឱ្យ​ដឹងថា​នៅ​ខណ្ឌ​នីមួយៗ​មាន​ប៉ុន្មាន​ទីតាំង ដែល​អាច​ផ្តល់​កន្លែង​ចាក់​វ៉ាក់សាំង​ឱ្យ​ជិត​ប្រជាពលរដ្ឋ ជាពិសេស​នៅក្នុង​តំបន់​ក្រហម»។

បើតាម​លោក ឥត សារ៉ាត់ យុទ្ធនាការ​នេះ​នឹង​ផ្តល់ជូន​ចំពោះ​ពលរដ្ឋ​ទូទៅ​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើងទៅ​ក្នុង​តំបន់​ក្រហម ដោយ​មិនមាន​ការរើសអើង​នោះទេ។ និយាយ​រួម​ឱ្យតែ​បុគ្គល​នោះ​ទទួល​បាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ​ដោយ​មិនមាន​មូលហេតុ​នៃ​ការប្រតិកម្ម​ចំណុច​ណាមួយ​នៃ​វ៉ាក់សាំង ហើយ​ក៏​មាន​ការផ្តល់​អំណោយ​ជា​គ្រឿង​បរិភោគ​ដល់​ជនក្រីក្រ​នៅពេល​កំពុង​មក​ទទួល​វ៉ាក់សាំង​ផងដែរ។

លោក​បានបញ្ជាក់​បន្ថែម​ថា៖ «ទីតាំង​ចាក់ យើង​នឹង​ប្រកាស​នៅពេល​ឆាប់ៗ ដោយមាន​បញ្ជាក់​ពី​របៀប​ណែនាំ​ត្រឹមត្រូវ​ចៀសវាង​ពួកគាត់ សម្រុក​មកចាក់​ព្រម​គ្នាច្រើន។ នៅ​ថ្ងៃទី ៣០ នេះ យើង​ប្រកាស​បើក​យុទ្ធនាការ ហើយ​នៅ​ថ្ងៃ ១ យើង​នឹង​ចាប់ផ្តើម​នូវ​គោលដៅ​ទាំង ៩០ ហ្នឹង យើង​នឹង​ទៅ​ទាំងអស់។ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​វិល​មក​ស្ថានភាព​សុខ​សប្បាយ​វិញ»។

លោក ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​ផ្លូវដង្ហើម ដែល​មាន​បទពិសោធ​ជាង ២០ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិធានការ​នៃ​ការ​សម្រុក​ចាក់​វ៉ាក់សាំង​ក្នុង​តំបន់​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នេះ​គឺជា​ការត្រឹមត្រូវ​ក្នុង​ការកាត់ផ្តាច់​ការឆ្លង​រីក​រាលដាល ខណៈ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​អនុវត្តបាន​ជោគជ័យ។

លោក​បាន​បន្តថា នៅពេល​តំបន់​ណាមួយ​ដែល​ឆ្លង​រីករាលដាល​លឿន នោះ​ការធ្វើឱ្យ​ពលរដ្ឋ​មាន​ភាពស៊ាំ​នឹង​ជំងឺ​កាន់តែ​រហ័ស គឺ​កាន់តែ​ល្អ ហើយ​ក្រៅពី​វ៉ាក់សាំង ការដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​ភាពស៊ាំ​ពី​ធម្មជាតិ តាមរយៈ​ការបរិភោគ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ក៏​ជា​រឿង​មួយ​ដែល​ចាំបាច់​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​ជឿថា រដ្ឋាភិបាល​អាច​ធ្វើ​បាន (ការផ្តល់​អាហារូបត្ថម្ភ) ព្រោះ​កាលណា យើង​មាន​ការកំណត់​តំបន់ ដែល​មាន​ការប្រមូលផ្តុំ​តូច​អ៊ីចឹង គឺ​ការចំណាយ​អស់​តិចជាង​ការចែក​អំណោយ​មិន​ចំ​គោលដៅ ដែល​វា​ជា​រឿង​ពិបាក។ បើ​យើង​កំណត់​គោលដៅ​បាន​ច្បាស់លាស់ ជា​តំបន់​ក្រហម​នេះ គឺ​ការបញ្ជូន​បន្លែស្រស់ និង​ត្រី​សាច់​នេះ គឺ​ត្រូវតែ​បញ្ជូន​ឱ្យ​ពួកគាត់»៕