ភ្នំពេញៈ គណៈកម្មការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ដ​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងទ័ព​ជើងគោក​នៃ​ក្រសួង​ការពារជាតិ​កាលពី​សប្ដាហ៍​មុន​បាន​ជូនដំណឹង​ដល់​សាធារណជន ពិសេស​យុវជន​កុំ​ចាញ់បោក​ជនខិលខូច ចំពោះ​ការប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព​ដោយ​ការ​សូកប៉ាន់​ជា​ថ្នូរ​នឹង​ការប្រឡង​ជាប់ ហើយ​បើ​មាន​ករណី​បែបនេះ​ត្រូវ​ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាមច្បាប់​។

សេចក្ដី​ជូនដំណឹង​របស់​គណៈកម្មការ​ស្ដីពី​ «​ការទប់ស្កាត់​ភាពមិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ដ ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងទ័ព​ជើងគោក​» នេះ​បាន​ប្រាប់​ទៅ​សាធារណជន ជាពិសេស​យុវជន​មាន​បំណង​បម្រើ​ការងារ​ជា​យោធិន​ឲ្យ​សហការ​ផ្ដល់​ព័ត៌មាន​ជាបន្ទាន់ ប្រសិន​បើ​មាន​បុគ្គល​ណា​ទារលុយ ឬ​តម្រូវ​ឲ្យ​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការទទួល​បាន​ក្របខ័ណ្ឌ​នេះ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​ថា​៖ «​ដើម្បី​ផ្ដល់​ឱកាស​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​ដល់​យុវជន​ទូទៅ​ក្នុងការ​ដាក់ពាក្យ​ចូល​បម្រើ​កងយោធពល​ខេមរភូមិន្ទ​ជាពិសេស​ចូលរួម​ទប់ស្កាត់​ក្នុង​ករណី​មាន​បុគ្គល​មួយ​ចំនួន​ឆ្លៀត​ឱកាស​កេងចំណេញ តាមរយៈ​ការធ្វើ​សកម្មភាព​សូកប៉ាន់​ផ្សេងៗ​ប្រាសចាក គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ការពារជាតិ គណៈកម្មការ​សូម​អំពាវនាវ​ដល់​សាធារណជន អាណាព្យាបាល និង​បេក្ខជន​ទាំងអស់​សហការ​ផ្ដល់ព័ត៌មាន​ជា​បន្ទាន់​ក្នុង​ករណី​មាន​បុគ្គល​ណា​ទារលុយ​ ឬ​តម្រូវ​ឲ្យ​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការចែក​ពាក្យ ទទួល​ពាក្យ​ដើម្បី​ទទួល​បាន​ក្របខ័ណ្ឌ​»​។

គណៈកម្មការ​បញ្ជាក់ថា​៖ «​រាល់​ការស្ម័គ្រចិត្ត​ដាក់ពាក្យ​សុំ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងគោក គឺ​មិន​តម្រូវ​ឱ្យ​បេក្ខជន​បង់ប្រាក់​ឡើយ​។ រាល់​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​គោលការណ៍​ខាងលើ​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​»​។

សេចក្ដី​ជូនដំណឹង​ដដែល​ប្រាប់​ថា ករណី​មាន​បុគ្គល​ឆ្លៀតឱកាស​ដូច​ព័ត៌មាន​ខាងលើ​សាធារណជន អាណាព្យាបាល និង​បេក្ខជន​ទាំងអស់​ត្រូវ​សហការ​ផ្តល់ព័ត៌មាន​ដល់​ក្រុមការងារ​គណៈកម្មការ​ជ្រើសរើស​បេក្ខជន​ដោយផ្ទាល់​តាម​ទូរស័ព្ទ​លេខ​៖០៨១ ៣១៩ ៦៦២/០៨១ ៣១៩ ៦៨៨/០៩៩ ២៥៣ ៦៧៧/០៩៧ ៥ ៩២០ ៤២០/០៩៧ ៥ ៩២០ ១៨៩​។

លោក​ ឈុំ សុជាត ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​បញ្ជាក់​កាលពី​ថ្ងៃទី ៣ វិច្ឆិកា ថា​ការជូន​ដំណឹង​នេះ​ក៏​ជា ការទប់ស្កាត់​ជាមុន​កុំ​ឲ្យ​សាធារណជន​ចាញ់បោក​ជនខិលខូច​តាមរយៈ​ការសូកប៉ាន់​ផ្សេងៗ ស្រប​ពេល​ដែល​ឆ្នាំ​ ២០១៩ នេះ​ក្រសួង​ការពារជាតិ​បាន​ជ្រើសរើស​កងកម្លាំង​យោធិន​ក្របខ័ណ្ឌ​ថ្មី​។

លោក​បាន​ថ្លែងថា​៖ «​ឆ្នាំនេះ​យើង​រើស​កងកម្លាំង​ចូល​ក្របខ័ណ្ឌ​ប្រមាណ​ជាង​ ២០០០ ​នាក់ ដើម្បី​យក​មក​បំពេញ​ក្របខ័ណ្ឌ​យោធិន​ដែល​ត្រូវ​ចូលនិវត្តន៍​។ ក្នុងនោះ​មាន​ជ្រើសរើស​នាយទាហាន​សកម្ម នាយទាហាន​បន្តវេន និង​នាយទាហាន​ជើងគោក​ជាច្រើន​នាក់​ទៀត​។ ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​អ្នក​ដែល​ខិលខូច​យក​ឱកាស​នេះ​ទៅ​បន្លំ​យកលុយ​គេ ដើម្បី​ចូល​ក្របខ័ណ្ឌ​កងទ័ព ទើប​យើង​ប្រាប់​ជាមុន​បែបនេះ​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​ការពារ​ជាតិ​បាន​បង្កើត​គណៈកម្មការ​ជាច្រើន​ថ្នាក់​ក្នុង​ការជ្រើសរើស​បេក្ខជន​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព​នេះ​។ ដូច្នេះ​មិនអាច​ឲ្យ​មាន​បេក្ខជន​ណា​ម្នាក់​ជាប់​ក្របខ័ណ្ឌ​តាមរយៈ​ផ្លូវ​កាត់​បាន​ទេ​។ សូម​សាធារណជន​ជ្រាប និង​កុំ​ចាញ់បោក​ជនខិលខូច​ឲ្យ​សោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ លើក​នេះ​យើង​នឹង​ការពារ​មិន​ឲ្យ​មាន​ជនខិលខូច មិន​ឲ្យ​មាន​ការបោកប្រាស់​ការ​សូកប៉ាន់​ទេ គឺ​ត្រូវតែ​មាន​តម្លាភាព​ត្រូវតែមាន​ការប្រឡង​ត្រឹមត្រូវ​ទើប​អាច​ចូល​ក្របខ័ណ្ឌ​បាន​»​។

លោក​ ឈុំ សុជាត ​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ក្រសួង​បាន​ប្រកាស​ជ្រើសរើស​បេក្ខជន​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​មាន​បេក្ខជន​ដាក់ពាក្យ​ចូល​ប្រឡង​កើនឡើង​លើស​ចំនួន​ ១០ ​ដង​នៃ​ចំនួន​ដែល​ត្រូវការ ខណៈ​ការប្រឡង​ចូល​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០១៩ ​នេះ​។

បើតាម​លោក​ ព្រាប កុល ប្រធាន អង្គការ​តម្លាភាព​កម្ពុជា​លោក​បាន​កត់សម្គាល់​ឃើញ​ថា កន្លងមក​ធ្លាប់​មាន​ជន​ឱកាសនិយម​រៀបចំ​ឲ្យ​មាន​ការសូកប៉ាន់ ទើប​ក្រសួង​ការពារជាតិ​មាន​ការព្រួយបារម្ភ​ចំពោះ​ការប្រឡង​ជ្រើសរើស​បេក្ខជន​លើក​នេះ​។

លោក​ថ្លែងថា​៖ «​កន្លងមក​ធ្លាប់មាន​មន្ត្រី ឬ​ជន​ឱកាសនិយម​ព្យាយាម​រៀបចំ​ឱ្យ​មាន​ការសូកលុយ​ដោយ​សន្យា​ជួយ​រក​ការងារ​ក្នុង​ជួរ​កងទ័ព​។ ហេតុនេះ ហើយ​ទើប​មាន​ការព្រួយបារម្ភ​។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ គឺ​តម្រូវ​ឱ្យ​ការដាក់​ពាក្យ​ប្រឡង ប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព ក្រោម​ការចាត់ចែង​របស់​គណៈកម្មការ​ជ្រើសរើស​ដែល​មាន​សមាសភាព​ចម្រុះ​»៕