ភ្នំពេញ៖ មន្ត្រី​យោធា​ជាន់​ខ្ពស់​ថ្លែង​ថា ​ក្រសួង​ការពារ​ជាតិ ​​រក​ឃើញ​មាន​ឧកញ៉ា ​៩៩ នាក់ ​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ ​ហើយ​ថា​ ក្រសួង​បាន​និង​កំពុង​រៀបចំ​នីតិវិធី​ ​ដើម្បី​ដាក់​ឲ្យ​ឧកញ៉ា​ទាំង​នោះ​ធ្វើ​ការ​ជ្រើសរើស​តួនាទី ​១ ​ក្នុង​ចំណោម​តួនាទី​ទាំង ២ ​ដែល​គេ​កំពុង​កាន់​កាប់។

នាយ​ឧត្តមសេនីយ៍ ​ឈុំ សុជាត ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​ ក្រសួង​ការពារ​ជាតិ​បាន​រក​ឃើញ​ថា ​មាន​ឧកញ៉ា​សរុប ​៩៩ នាក់ ​កំពុង​មាន​តួនាទី​ក្នុង​ជួរ​កង​យោធពល​​ខេមរភូមិន្ទ។ ​ក្នុង​នោះ​មាន ​៦១ នាក់​ នៅ​ចំណុះ​អគ្គបញ្ជា​ការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ​និង ​៣៨ នាក់ ​នៅ​ចំណុះ​ទីស្តី​ការ​ក្រសួង​ការពារ​ជាតិ​។

លោក​ថា​ ក្រសួង​បាន​និង​កំពុង​រៀបចំ​នីតិវិធី​បែបបទ ​ចំពោះ​អ្នក​ដែល​ត្រូវ​បន្ត​យក​ងារ​ជា​ឧកញ៉ា ​និង​អ្នក​ដែល​សុំ​ឈប់​មិន​យក​ងារ​ជា​ឧកញ៉ា។

លោក​បញ្ជាក់​ថា​៖ «យើង​កំពុង​តែ​ធ្វើ​នីតិ​វិធី​បន្ត​ទៀត ​សម្រាប់​អ្នក​ដែល​ចង់​ចេញ​ពី​មុខងារ​កងយោពល​ខេមរភូមិន្ទ ​និង​សម្រាប់​អ្នក​ដែល​ចង់​បន្ត [មុខងារ] ​កងយោធពល​ខេមរភូមិន្ទ​ ដោយសារ​ត្រូវ​ឆ្លង​តាម​នីតិវីធី​ច្បាប់។ ការងារ​នេះ​ត្រូវ​ការ​នីតិវិធី​ និង​បទដ្ឋាន​គតិយុត្ត​ច្រើន​ទៀត។ អ្នក​ដែល​គេ​ចង់​ចេញ​យើង​ឲ្យ​គេ​ចេញ ​ដោយសារ​យើង​មិន​អនុញ្ញាត​ឲ្យ​កាន់​តួនាទី ​២ ទេ»។

លោក​អះអាង​ថា ​នៅ​ពេល​មន្ត្រី​ថ្នាក់​ឧត្តមសេនីយ៍ ​ដែល​មាន​ងារ​ជា​ឧកញ៉ា​ធ្វើ​ការ​សម្រេច​ជ្រើសរើស​មុខងារ​ណា​មួយ​រួច​រាល់​ហើយ​នោះ ​ក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​បែបបទ​បញ្ជាក់​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចេញ​ព្រះ​រាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ក្នុងការ​បញ្ឈប់​ពួក​គេ​ចេញ​ពី​មុខងារ​ណា​មួយ​ដែល​ត្រូវ​បាន​បោះបង់។

លោក​ឧត្ដមសេនីយ៍​ទោ ​ថោង សូលីម៉ូ ​អ្នក​នាំពាក្យ​អគ្គ​បញ្ជា​ការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បដិសេធ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឈ្មោះ​មន្ត្រី​ដែល​មាន​ងារ​ជា​ឧកញ៉ា​ទាំង​នេះ​ និង​ចំនួន​អ្នក​ដែល​លា​ឈប់​ពី​ឧកញ៉ា ​និង​អ្នក​ដែល​នៅ​រក្សា​ឈ្មោះ​ក្នុង​កង​ទ័ព។ លោក​បញ្ជាក់​ថា ​ករណី​នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ ​ពី​ព្រោះ​វា​ស្ថិត​ក្នុង​ដំណាក់​កាល​នីតិវិធី។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ​ការ​មិន​ឲ្យ​មន្ត្រី​មាន​ងារ​ជា​ឧកញ៉ា ​គឺ​ជា​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​របស់​កង​យោធពល​ខេមរភូមិន្ទ​ ហើយ​ថា​វិធានការ​នេះ​នឹង​ជួយ​លាង​សម្អាត​ការ​ចោទ​ប្រកាន់​ និង​មន្ទិល​សង្ស័យពី​មហាជន​ដែល​ថា​ មាន​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​មាន​ងារ​​ជា​ឧកញ៉ា​ប្រើប្រាស់​ឈ្មោះ​ក្នុង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​មុខរបរ​ និង​ផល​ប្រយោជន៍​របស់​ខ្លួន​។

លោក​បញ្ជាក់​ថា​៖ «ហើយ​វា​ក៏​លាង​សម្អាត​កេរ្តិ៍​ឈ្មោះ​របស់​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង ​និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ផង ​និង​វា​ចំណេញ​ក្រប​ខ័ណ្ឌ​សម្រាប់​កង​ទ័ព​ដែល​អាច​ជ្រើសរើស​កម្លាំង​ពិត​ប្រាកដ»។

ប៉ុន្តែ​លោក ​ឈុំ សុជាត ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ខាង​លើ​ដោយ​លោក​និយាយ​ថា​ មន្ត្រី​ដែល​មាន​ងារ​ជា «ឧកញ៉ា» ​មិន​បាន​បង្ក​ឲ្យ​មាន​បាតុភាព​ដល់​សង្គម​ទេ។ តែ​ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​ បាន​ជួយ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ ​តាមរយៈ​ការ​បរិច្ចាគ​ថវិកា និង​ផ្តល់​ធនធាន​ជួយ​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក។

កាល​ពី​ថ្ងៃទី ២២​ ខែ សីហា ​ឆ្នាំ ​២០១៩ ​អំឡុង​ ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ ​និង​សន្និបាត​កោះពេជ្រ ​លោក ​ហ៊ុន សែន ​បាន​ដាក់​បទបញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ ​រួមមាន​ទាហាន ​នគរបាល ​និង​កងរាជ​អាវុធហត្ថ ​ត្រូវ​ជ្រើសរើស​ជា​បន្ទាន់​ថា​តើ​ត្រូវ​យក​ងារ ឧកញ៉ា ​ឬ​យក​តួនាទី​របស់​ខ្លួន?

យោង​តាម​តួលេខ​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​ពេល​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​ចាប់​ពី​ឆ្នាំ​ ១៩៩៤​ រហូត​មក​ត្រឹម​ខែ កុម្ភៈ ​ឆ្នាំ ២០១៤ ​កម្ពុជា​មាន​ឧកញ៉ា​ចំនួន​ ៧០៤ នាក់​ ស្រប​ពេល​តាម​ច្បាប់​ថ្មី​បាន​ចែង​ថា​ អ្នក​ដែល​ទទួល​បាន​ងារ​ជា​ឧកញ៉ា​គឺ​រាល់​សប្បុរសជន​ណា​ដែល​បាន​ធ្វើ​អំណោយ​ដល់​រដ្ឋ​លើស​ពី​ ៥០ ម៉ឺន​ដុល្លារ​ឡើង​ទៅ។ សប្បុរសជន​នោះ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ទៅ​កាន់​ព្រះមហាក្សត្រ​ សុំ​ព្រះរាជ​ទាន​ងារ​ជា​ឧកញ៉ា៕