ភ្នំពេញ៖ ក្រសួង​កិច្ចការ​នារី ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​រចនា​រូបភាព ​និង​សារ​ចំនួន​ ១៥ឃ្លា ​ក្នុង​ន័យ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី ដែល​ជាផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​យុទ្ធនាការ​ ១៦ ថ្ងៃ​របស់​ពិភពលោក​ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​បំបាត់​អំពើហិង្សា​លើ​ស្ត្រី​ ក្នុង​ឆ្នាំនេះ ​ហើយ​ដែល​យុទ្ធនាការ​នេះ ​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃទី ២៥ ​វិច្ឆិកា ​និង​បន្ត​ដល់​ថ្ងៃទី ១០ ​ធ្នូ ២០២០។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ចការ​នារី​កាលពី​ចុង​ខែ​មុន ​កម្មវិធី​ការ​ប្រកួត​ប្រជែង​រចនា​រូបភាព​ និង​សារ​ក្នុង​ព្រឹត្តិ​ការណ៍​យុទ្ធនាការ​ ១៦ថ្ងៃ ​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្រ្តី​នេះ​រៀបចំ​ឡើង​តាមរយៈ​កម្មវិធី​ដំណើរ​ឆ្ពោះ​ទៅ​មុខ ​ដើម្បី​សម​ភាព​យេនឌ័រ​របស់​ក្រសួង​កិច្ចការ​នារី ​និង​គាំទ្រ​ដោយ​ស្ថានទូត​ស៊ុយអ៊ែត​ប្រចាំ​កម្ពុជា ​ និង ​UNDP Cambodia ។ 

ក្រសួង​កិច្ចការ​នារី ​បាន​ឲ្យ​ដឹងថា ​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ប្រជែង​ អាច​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចាប់​ពី​ ១៥០ ដុល្លារ​ ដល់​ ៣៥០ ដុល្លារ ​និង​រង្វាន់​លើក​ទឹកចិត្ត​ផ្សេង​ទៀត ​ដោយ​គ្រាន់តែ​ចូលរួម​បង្ហោះ​រូបភាព​ដែលបាន​រចនា​ហើយ​ជាមួយ​នឹង​សារ​អប់រំ​ផ្ញើ​មក​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង។

ក្រសួង​កិច្ចការ​នារី​បញ្ជាក់​ថា៖ «កម្មវិធី​ប្រកួត​ប្រជែង​នេះ​ ក្រុម​ការងារ​នឹង​បង្ហោះ​រូបភាព​ដែល​បាន​រចនា​ពីថ្ងៃ​ទី១​ដល់​ថ្ងៃ​ទី៦​ ខែធ្នូ ​ឆ្នាំ​២០២០ ​ហើយ​កម្មវិធី ​នឹង​ជ្រើសរើស ​រូបភាព​ដែលទទួល​បាន​ការ​ចូលចិត្ត​ (Like) ច្រើន​ ចំនួន​ ៥ នាក់ ​សម្រាប់​ជយ​លាភី»។

លោក​ស្រី ស ស៊ីណែត​ អនុ​ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​ ចូល​រួម​យុទ្ធនាការ​ ១៦ថ្ងៃ ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី ​ដោយ​ការចុច ​like ​លើ​រូបភាព​ដែល​អ្នក​ពេញចិត្ត ​និង​ដើម្បីឱ្យ​ម្ចាស់​រូប​ឈ្នះ​រង្វាន់​ក្នុង​ការ​ប្រកួត​ប្រជែង។

លោកស្រី​បញ្ជាក់ថា​៖«សូម​ចែក​រំលែក​បន្ត​ (Share) ដើម្បី​ឱ្យ​មិត្ត​របស់​អ្នក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង។ បញ្ជាក់​ក្រុម​ការងារ​រាប់​ចំនួន ​like ​ដែល​ច្រើន​ជាង​គេ​តែ​លើ​រូបភាព​ដើម​ក្នុង​ផេក​ក្រសួង​ដែល​បង្ហោះ​នេះ​ប៉ុណ្ណោះ ។ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី៦​ ខែធ្នូ ​ឆ្នាំ២០២០ ​ម៉ោង​ ៥ ល្ងាច។ ក្រុម​ការងារ​សូមថ្លែង​អំណរ​គុណ​ដល់​លោក​អ្នក ​ដែល​បានផ្ញើ​រូបភាព​ក្នុង​ការចូល​រួម​កម្មវិធី​នេះ»។

ជាមួយ​គ្នានេះ ​បើ​តាម​លោក​ស្រី ​ ការប្រកួត​ប្រជែង​នេះ ​គឺជា​ផ្នែក​នៃ​យុទ្ធនាការ​របស់​ពិភពលោក​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​ក្មេងស្រី ​បន្ទាប់ពី​មើល​ឃើញថា ​បញ្ហា​នេះ ​មានការកើន​ឡើង​ក្នុង​អំឡុង​វិបត្ត​កូវីដ១៩។

ក្រៅពី​កម្មវិ​ធី​នេះ ​លោកស្រី​អះអាងថា​ កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ ​យុទ្ធនាការ ​និង​សកម្មភាព​ជាច្រើន ​ដើម្បី​ចូល​រួម​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​ក្មេង​ស្រី។ ធ្វើ​យ៉ាង​ណាឱ្យ​ប្រាកដថា ​ជនរងគ្រោះ​ទទួល​បាន​ការ​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា ​ហើយ​ប្រជា​ពលរដ្ឋ​ទូទៅ ​មានការ​យល់ដឹង​អំពី​បញ្ហា​នេះ។

កញ្ញា​ចិត្ត កញ្ចនា ​អ្នក​ចម្រៀង ​និង​អ្នកនិពន្ធ​ចម្រៀង​ឯករាជ្យ ​ដែលបាន​ចូលរួម​យុទ្ធនាការ​១៦ថ្ងៃ ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី​ជាមួយ​ក្រសួង​កិច្ចការ​នារី​ និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ​បាននិយាយ​ថា ​មានស្ត្រី ​និង​ក្មេង​ស្រី​ជាច្រើន​នាក់ ​ដែល​ត្រូវ​បានគេ​បំពាន​ដោយ​ពាក្យ​សម្តី ​និង​កាយ​វិការ។ កញ្ញា​រំពឹងថា​ ជនរងគ្រោះ​ពី​ការប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​ក្មេងស្រី ​ត្រូវតែ​ហ៊ាន​និយាយ​វា ​ចេញ​ជា​សាធារណៈ។

កញ្ញា​កញ្ចនា ​និយាយថា​៖«ខ្ញុំ​សូម​ចែក​រំលែក​បទពិសោធ​ផ្ទាល់​ខ្លួន​ ដែលនាង​ខ្ញុំ​ត្រូវបាន​គេ​បំពាន​ដោយ​ការប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ នៅ​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ពី​ផ្ទះ ​ទៅកាន់​កន្លែង​ហាត់​ប្រាណ។ អារម្មណ៍​ពេល​ហ្នឹង​ភ័យ ​និង​ខ្លាច​ ហើយ​ខឹង​ដែរ​ ប៉ុន្តែ​មិនបាន​តបត​ទៅកាន់​គាត់​វិញ​ទេ»។

កញ្ញា​បន្តថា​៖«សូម​អ្នក​ទាំងអស់​គ្នា​គិត​ឡើង​វិញ ​ចំពោះ​ការប្រើ​ពាក្យ​សម្តី ​និង​ការប្រើ​សកម្មភាព​ដែល​អាចបៀត​បៀន​ទៅ​កាន់​អ្នក​ដទៃ»។

យុទ្ធនាការ​១៦ថ្ងៃ ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី ​ត្រូវបាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី២៥ ​វិច្ឆិកា​ រហូតដល់​ទិវា​សិទ្ធិមនុស្ស​ថ្ងៃទី១០ ​ខែធ្នូ ​ឆ្នាំ២០២០ ​ដើម្បី​រួមគ្នា​បញ្ចប់​អំពើ​ហិ​ង្សា​ទាក់ទង​នឹង​យែន​ឌ័រ ​និង​ហិង្សា​តាម​គ្រប់​រូបភាព​មកលើ​ស្ត្រី ​និង​ក្មេង​ស្រី​តាមរយៈ​បង្កើត​ជា​កម្មវិធី​នានា ​និង​ផ្សព្វផ្សាយ​ពាក្យ​ស្លោក។ យុទ្ធនាការ​នេះ ​មានអង្គការ​ជាតិ ​អន្តរជាតិ ​និង​ស្ថាប័ន​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ​បានប្រកាស​ចូល​រួម៕