ភ្នំពេញៈ ក្រសួង​កិច្ចការនារី​បាននិង​កំពុង​បន្ត​បណ្ដុះបណ្ដាល​គ្រូបង្គោល​ថ្នាក់​តំបន់​ជំហាន​ទី​ ១ ​ស្តីពី​បទដ្ឋាន​អប្បបរមា​សម្រាប់​ការផ្តល់​ប្រឹក្សា​ជា​មូលដ្ឋាន​ដល់​ស្ត្រី និង​ក្មេងស្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា ខណៈ​ការងារ​នេះ​ទើប​ធ្វើ​បាន​ចំនួន​ ៨ ​ខេត្ត​ក្នុង​ចំណោម​គម្រោង​ ២៥ ​ខេត្ត​ស្រប​តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការផ្ទេរ​ធនធាន​មនុស្ស និង​ថវិកា​ទៅ​ថ្នាក់ក្រោម​ជាតិ​។

លោកស្រី ស ស៊ីណែត អ្នកនាំពាក្យ និង​ជា​អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការនារី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​សុក្រ​ទី​ ៥ ខែ​មិថុនា ក្រសួង​បានបញ្ចប់​វគ្គបណ្តុះបណ្តាល​គ្រូ​បង្គោល​ដល់​មន្ត្រី​/​ភ្នាក់ងារ​នគរបាល​យុត្តិធម៌​ថ្នាក់ក្រោម​ជាតិ​របស់​ក្រសួង​ចំនួន​ ២៥ ​នាក់ ប្រុស​ ៦ ​នាក់ មកពី​ខេត្ដ​ចំនួន​ ៨ ក្នុង​គម្រោង​ ២៥ ​រាជធានី ខេត្ត​។

លោកស្រី​ថ្លែងថា​៖ «​តាម​ផែនការ​របស់​ក្រសួង​សម្រាប់​ជំហាន​ទី​ ១ ​នេះ យើង​នឹង​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទាំង​ ២៥ រាជធានី​-ខេត្ដ ​ស្តីពី​បទដ្ឋាន​អប្បបរមា​សម្រាប់​ការផ្តល់​ប្រឹក្សា​ជា​មូលដ្ឋាន​ដល់​ស្ត្រី និង​ក្មេងស្រី​ជា​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​...​ដោយ​ចាប់ផ្ដើម​ពី​ខែមិថុនា​នេះ​រហូត​ដល់​ខែសីហា​»​។

លោកស្រី​ថ្លែងថា វគ្គ​បណ្ដុះបណ្ដាល​ជំហាន​ដំបូង​នេះ​ក្រសួង​កិច្ចការនារី ចង់​ឲ្យ​មន្ដ្រី​នៅ​ថ្នាក់ក្រោម​ជាតិ ក្លាយ​ជា​អ្នកផ្ដល់​សេវា​ល្អ​ដល់​ស្ត្រី និង​ក្មេងស្រី​ជា​ជន​ងាយ​រងគ្រោះ ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។ ហេតុនេះ​មន្ត្រី​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​ចំណេះដឹង​ និង​ការស្វែងយល់​លើ​វិធីសាស្ដ្រ​ផ្លូវ​ចិត្ដ​សម្រាប់​ជួយ​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្រោយ​ទទួលបាន​ការបណ្ដុះបណ្ដាល​នេះ​មន្ដ្រី​របស់​យើង​ក៏​អាច​យកចំណេះ​ដឹង​ទៅ​បញ្ជ្រាប​បន្ថែម​ដល់​មន្ដ្រី និង​អ្នកពាក់ព័ន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ ព្រោះ​គោលដៅ​របស់​ក្រសួង ក៏​ចង់​ពង្រីក​ធនធាន​មនុស្ស​ក្នុង​ការផ្ដល់​សេវា​នេះ​ឲ្យ​ដល់​មូលដ្ឋាន ព្រោះ​មន្ដ្រី​ជំនាញ​នៅ​ក្រសួង​កិច្ចការនារី​មិនអាច​ចុះ​ទៅ​ដល់​មូលដ្ឋាន​គ្រប់​ខេត្ដ​ក្រុង បាន​គ្រប់​ពេលវេលា​ឡើយ​»​។

លោកស្រី​ថា ដូច្នេះ​ក្រសួង​បាន​ឲ្យ​មន្ដ្រី​ឡើង​មក​ពី​ទាំង​ ២៥ ​រាជធានី ខេត្ដ ដើម្ប​ទទួល​ការបណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​គ្រូ​បង្គោល​។ ការបណ្ដុះបណ្ដាល​នេះ​គឺជា​ជំហាន​ទី​ ១ តែ​ក្រសួង​កិច្ចការនារី​នៅ​មាន​ជំហាន​បន្តបន្ទាប់​ទៀត​។

លោកស្រី ញាណ សុចិត្រា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​ក្រសួង​កិច្ចការនារី​កាលពី​ថ្ងៃទី​ ៥ ខែមិថុនា បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូ​បង្គោល​ទាំង​ ២៥ ​នាក់​ ដែល​មកពី​ខេត្ដ​ចំនួន​ ៨ ​នេះ បន្ទាប់ពី​ពួកគាត់​បានបញ្ចប់​វគ្គ​រយៈពេល​ ៣ ​ថ្ងៃ ​ប្រកប​ដោយ​ជោគជ័យ​តាម​ការគ្រោងទុក​។

លោកស្រី​ថ្លែងថា​៖ «​ជា​លទ្ធផល​នៃ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​/​ភ្នាក់ងារ​នគរបាល​យុត្តិធម៌​សិក្ខាកាម​បាន​យល់ដឹង​អំពី​បទដ្ឋាន​អប្បបរមា​សម្រាប់​ការផ្តល់សេវា​ជា​មូលដ្ឋាន​ដល់​ស្ត្រី និង​ក្មេងស្រី​ជា​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ដែល​ទាក់ទង​នឹង​យេនឌ័រ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជន​រងគ្រោះ​នៅក្នុង​បទដ្ឋាន​អប្បបរមា​​ និង​របៀប​ថែទាំ​ខ្លួនឯង​ក្នុង​នាម​​ជា​អ្នកផ្តល់​សេវា​»​។

លោកស្រី​ថ្លែង​ដែរ​ថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះដែរ​សិក្ខាកាម​បាន​អនុវត្ត​ការ​សាកល្បង​បង្រៀន​អំពី​មេរៀន​បទដ្ឋាន​អប្បបរមា​ដើម្បី​ពង្រឹង​សម្ថភាព​របស់​ខ្លួន​ក្នុង​ការក្លាយ​ខ្លួន​ជា​អ្នក​បណ្តុះបណ្តាល​បន្តទៅ​អ្នកផ្តល់​សេវា​នៅ​ថ្នាក់ក្រោម​ជាតិ​។

លោក អំ សំអាត អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​លើកឡើង​ថា កន្លងមក​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​​កិច្ចការនារី​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ហើយ​លើ​ការផ្សព្វផ្សាយ​ពី​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​​ចំពោះ​ស្ដ្រី និង​កុមារ​នេះ តែ​ហាក់​មិនទាន់​ទូលំទូលាយ​។

លោក​ថា​៖ «​អ្វីដែល​សំខាន់ ការផ្សព្វផ្សាយ​នោះ​វា​អត់​ទាន់​គ្រប់​ជ្រុងជ្រោយ​ទេ​។ យើង​គាំទ្រ​ចំពោះ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​បែបនេះ​ដល់​មន្ដ្រី​រាជធានី​ខេត្ដ​នេះ​ក្នុង​ការផ្ដល់​សេវា​អំពី​កិច្ចការពារ​​ស្ត្រី និង​កុមារ​។ ពលរដ្ឋ​មួយ​ចំនួន​ពួកគាត់​មិនទាន់​បាន​យល់ច្បាស់​អំពី​ទីកន្លែង​ទទួល​សេវា និង​ការផ្ដល់​សេវា​របស់​មន្ដ្រី​នៅ​ថ្នាក់ក្រោម​ជាតិ​នេះ​»​។

លោក សំអាត បាន​បន្ត​ថា​ករណី​អំពើហិង្សា និង​ការរំលោភបំពាន​លើ​ស្ត្រី និង​កុមារ​នៅតែ​ជាការ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូចជា​បញ្ហា​រំលោភ​សេពសន្ថវៈ​គឺ​នៅ​ស្ថិត​ក្នុង​ស្ថានភាព​កាន់តែ​ឃោរឃៅ​ដោយ​មាន​ទាំង​ករណី​រំលោភ​សម្លាប់ ឪពុក​រំលោភ​កូន​ខ្លួនឯង ឬ​តា​រំលោភ​ចៅ​ជាដើម​៕