ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញប្រកាសស្ដីពីការកំណត់ពីនីតិវិធី និងសិទ្ធិផាកពិន័យអន្តរការណ៍លើបទល្មើសទាក់ទងនឹងសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីជាការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
សេចក្ដីប្រកាសចេញផ្សាយកាលពីថ្ងៃទី ២២ កញ្ញា និងចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថាការអនុវត្តការផាកពិន័យជាអន្តរការណ៍នោះ គឺជាសមត្ថកិច្ចរបស់អង្គភាពជំនាញ ទទួលបន្ទុកផលិតកម្មសត្វ និងបសុព្យាបាលដូចជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្មរាជធានី និងខេត្ត។
សេចក្ដីប្រកាសបញ្ជាក់ថា ការមិនធ្វើអនាម័យកន្លែងសត្តឃាត ទីកន្លែងកែច្នៃបឋមផលិតផលសត្វ ទីកន្លែងដាក់តាំងលក់សាច់ មន្ទីរ និងកន្លែងព្យាបាលសត្វ កន្លែងចិញ្ចឹម និងបង្កាត់ពូជសត្វ ទីកន្លែងផ្គត់ផ្គង់ និងលក់បសុឱសថ និងលក់ចែកចាយចំណីសត្វជាដើម រួមទាំងការមិនអនុវត្តតាមបទប្បញ្ញត្តិការហាមឃាត់មិនធ្វើចរាចរណ៍សត្វ និងផលិតផលសត្វនាំឱ្យមានរាលដាលជំងឺឆ្លង និងការមិនកម្ចាត់មេរោគនៅក្នុងអគារ ឧបករណ៍ និងមធ្យោបាយដឹកជញ្ជូនសត្វជាដើម នឹងត្រូវផាកពិន័យចំនួន ១ លានរៀល។
បើតាមសេចក្ដីប្រកាសនេះការលក់ដុំ លក់រាយបសុឱសថ ឬចំណីសត្វដោយគ្មានការអនុញ្ញាតត្រូវពិន័យ ៤ លានរៀល។ ការលក់ចែកចាយសាច់សត្វ ឬផលិតផលសត្វដោយគ្មានត្រា ឬស្លាកបសុព្យាបាលសម្គាល់ ការមិនអនុវត្តតាមបទដ្ឋានបច្ចេកទេសសម្រាប់សម្បកវេចខ្ចប់ និងស្លាកសញ្ញាព័ត៌មានភាសាខ្មែរសម្រាប់បសុឱសថ ឬចំណីសត្វការលក់ដុំ និងរាយបសុឱសថហួសកាលកំណត់ និងការចិញ្ចឹម និងបង្កាត់ពូជសត្វលក្ខណៈពាណិជ្ជកម្មដោយមិនបានចុះបញ្ជីនឹងត្រូវផាកពិន័យចំនួន ៧ លានរៀល។
ប្រកាសដដែលបន្តថា ការពិន័យអន្តរការណ៍គឺអនុវត្តក្នុងករណីជនល្មើសយល់ព្រមសារភាពកំហុសជាលាយលក្ខណ៍អក្សរ និងយល់ព្រមបង់ប្រាក់ពិន័យ ប៉ុន្តែប្រសិនបើជនល្មើសមិនព្រមសារភាពកំហុស និងបង់ប្រាក់ផាកពិន័យ គឺត្រូវចងក្រងសំណុំរឿងនៃបទល្មើសដើម្បីបញ្ជូនទៅតុលាការ។
ចំពោះប្រាក់ផាកពិន័យគឺត្រូវបង់ចូលជាថវិការដ្ឋតាមរយៈរតនាគារជាតិ ឬរតនាគាររាជធានី និងខេត្តហើយចំពោះជនល្មើសដែលធ្លាប់ពិន័យម្ដងហើយ តែនៅប្រព្រឹត្តទៀត គឺត្រូវពិន័យជាប្រាក់ទ្វេដង ហើយនៅតែបន្តប្រព្រឹត្តដដែលទៀតនឹងត្រូវដកហូតវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត និងបញ្ជូនសំណុំរឿងទៅតុលាការ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា សេចក្ដីប្រកាសនេះ គឺធ្វើឡើងដោយយោងតាមខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វដែលប្រកាសឲ្យប្រើតាំងពីឆ្នាំ ២០១៦ ហើយជាទូទៅក្នុងច្បាប់ ១ តែងមានប្រកាសច្រើនដែលត្រូវធ្វើឡើងម្ដង ១ ៗ។
លោកបញ្ជាក់ថា ប្រកាសនេះគឺជាឆន្ទានុសិទ្ធិរបស់រដ្ឋមន្ត្រីដើម្បីប្រគល់សិទ្ធិមកឱ្យស្ថាប័នណាមួយជាអ្នកអនុវត្តការផាកពិន័យអន្តរការណ៍។
លោកថា៖ «ចង់និយាយថាច្បាប់និយាយថាក្នុងកម្រិតប៉ុនណាៗគឺអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វមានសិទ្ធិពិន័យ អ៊ីចឹងយើងត្រូវធ្វើប្រកាសនោះឡើងឱ្យស្របតាមច្បាប់។ យើងមានសិទ្ធិពិន័យតែប៉ុន្មានចំណុចដែលជាការពិន័យតូចតាចហ្នឹងហើយបើការពិន័យធំ គឺជាឆន្ទានុសិទ្ធិរបស់រដ្ឋមន្ត្រី»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា នៅកន្លែងសត្តឃាតទូទាំងប្រទេសគឺតែងធ្វើអនាម័យរៀងៗខ្លួន ជាពិសេសចាប់ពីមានជំងឺប៉េស្ដជ្រូកអាហ្វ្រិកមក ប៉ុន្តែការធ្វើអនាម័យនោះមិនទាន់កំណត់ស្ដង់ដាទេ។
លោកបានបន្តថា កន្លងមកមន្ត្រីតែងតែចុះទៅណែនាំពីការធ្វើអនាម័យនៅតាមទីកន្លែងសត្ដឃាតរឿយៗ ជាពិសេសនៅពេលពលរដ្ឋរស់នៅជិតទីតាំងទាំងនោះប្ដឹងអំពីការបញ្ចេញក្លិន ឬទឹកស្អុយប៉ះពាល់បរិស្ថាន ប៉ុន្តែមិនធ្លាប់បានផាកពិន័យអន្តរការណ៍ឡើយ។
លោកថា៖ «អានេះគឺត្រូវសុំឱ្យបងប្អូនទាំងអស់ត្រូវចេះធ្វើអនាម័យ...មិនថា ត្រឹមតែកន្លែងលក់ទេ គឺទាំងកន្លែងផលិតចំណី និងចិញ្ចឹម គឺយើងត្រូវតែអនាម័យទាំងអស់គ្នា»។
កាលពីខែឧសភាឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចផ្អាកក្រុមហ៊ុនចំនួន ២ មិនឲ្យនាំចូលជ្រូករស់ពីប្រទេសថៃ មកកម្ពុជាជាបណ្ដោះអាសន្ន គឺក្រុមហ៊ុនចាន់ធូមានជ័យ អ៊ីមផត អិចផត និងក្រុមហ៊ុន ៣ ធីអេចអេហ្គ្រីឌីវេឡុបម៉ិន បន្ទាប់ពីក្រុមហ៊ុនទាំងនេះបានប្រព្រឹត្តបទល្មើសម្ដងហើយម្ដងទៀតមិនព្រមរាងចាល៕