ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រជុំ​កំណត់​រួចជាស្រេច​នូវ​​យុទ្ធសាស្ត្រ​ត្រៀម​បើក​សាលារៀន​ឡើងវិញ ក្រោយ​ការប្រកាស​បិទព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ ​ប៉ុន្ដែ​ដំណើរការ​បើក​សាលា​នាពេលនេះ​គឺ​ត្រូវ​ផ្តោតលើ​គោលការណ៍​សុវត្ថិភាព​សុខភាព ស្របតាម​វិធានការ​សុខាភិបាល និង​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​នេះ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ឱ្យដឹងពី​ថ្ងៃទី​ ២២ ឧសភា ថា ក្រសួង​អប់រំ បាន​ប្រជុំ​កំណត់​រួចជាស្រេច​នូវ​យុទ្ធសាស្ត្រ​ត្រៀម​បើក​សាលារៀន​ឡើងវិញ​ក្រោយ​ការប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​​សហគមន៍​ ២០ ​កុម្ភៈ​។

លោក​បាន​ថ្លែងថា​៖ «​ជារួម​ការបើក​សាលារៀន​ឡើងវិញ​នាពេល​ណាមួយ​ខាងមុខនេះ​ផ្តោតលើ​គោលការណ៍​​សុវត្ថិភាព​សុខភាព ស្រប​នឹង​វិធានការ​សុខាភិបាល​ ដើម្បី​លើកកម្ពស់​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​អប់រំ​​យុវជន និង​កីឡា​នឹង​ជម្រាប​ជូន​សាធារណជន​នាពេល​ក្រោយ​ស្តីពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបើក​សាលារៀន​ឡើងវិញ និង​ទិដ្ឋភាព​ពាក់ព័ន្ធ​»​។

បើតាម​លោក សុវាចា មកទល់ពេលនេះ​បុគ្គលិក​អប់រំ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​ ៨៥ ​ភាគរយ​នៃ​ចំនួន​សរុប ១៥៨ ០០០ នាក់​ នៅ​ទូទាំង​ប្រទេស​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​។

លោក​ថ្លែងថា ចំពោះមុខ​នេះ​សិស្សានុសិស្ស​នៅ​ទូទាំង​ ២៥ ​ខេត្ត-រាជធានី​ត្រូវ​​បន្ត​អនុវត្ត​វិធានការ​៣ការពារ​ ៣កុំ ​និង​អាច​បន្ត​ការសិក្សា​តាម​អនឡាញ​បាន​តាមរយៈ​មាតិកា​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​បង្ហាញ​មាតិកា​ឌីជីថល​ទាំងនោះ​រួមមាន កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning ជា​វីដេអូ​ពី​ថ្នាក់​ទី​ ១ ​ដល់​ថ្នាក់​ទី​ ១២ សៀវភៅ​សិក្សា​អេឡិចត្រូនិក ដូចជា សៀវភៅ​កំណែ​អំណាន​ទូទៅ ចំណេះដឹង​សកល​រឿងនិទាន កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស និង​ទំព័រ​ព័ត៌មាន​អប់រំ​។

អ្នកសិក្សា​ក៏​អាច​ទាញយក​កម្មវិធី ស្វ័យ​សិក្សា​នេះ​ពី App Store, Google Play និង App Gallery រួច​អាន​តាម​សេចក្តី​ណែនាំ​បច្ចេកទេស​ដែលមាន​ស្រាប់​នៅក្នុង​កម្មវិធីសិក្សា​ទាំងនោះ​។

បើតាម​លោក សុវាចា អ្នកសិក្សា​ក៏​អាច​ចូល​សិក្សា​តាម​មាតិកា​ឌីជីថល​ដូចជា មជ្ឈមណ្ឌល​សិក្សា​តាមរយៈ​​អេឡិចត្រូនិក elearning.moeys.gov.kh, បណ្តាញ​ Youtube ផ្លូវការ youtube.com/moeyscambodia, ហ្វេសប៊ុក​ផ្លូវការ facebook.com/moeys.gov.kh, ការអប់រំ​កុមារ​តូច youtube.com/eccdcambodia,​ប៉ុស្តិ៍​ទូរទស្សន៍​អប់រំ​ថ្មី "​ទទក​២" ​របស់​ក្រសួង​ព័ត៌មាន​, App ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​,​ កម្មវិធី​អប់រំ​តាម​វិទ្យុ​ជួយ​សិស្ស​ជនជាតិដើម បន្ត​រៀនសូត្រ​, App ​វិស័យ​ឯកជន​នានា​ដូចជា E-School Cambodia ជាដើម ។

លោក ប៉ិច បូឡែន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ និង​ជា​អគ្គនាយក​បណ្តាញ​អប់រំ Westline Education Group បាន​ថ្លែង​ពី​ម្សិលមិញ​ថា គ្រឹះស្ថាន​អប់រំ​ឯកជន គាំទ្រ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​នេះ ដោយសារ​អាយុជីវិត​មនុស្ស​គឺ​សំខាន់​ជាង​អ្វីៗ​ទាំងអស់​ក្នុង​ពេលនេះ​។

លោក​ថា​៖ «​អ្វីដែល​យើង​រំពឹង​សម្រាប់​វិស័យ​ឯកជន បន្ទាប់ពី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៃ​ព្រឹត្ដិការណ៍​ ២០ ​កុម្ភៈ​នេះ ​អាច​គ្រប់គ្រង​បាន​ហើយ សាលា​ឯកជន​អាច​បើក​ឡើងវិញ​នៅ​អំឡុង​ខែសីហា​ ឬ​ខែ​កញ្ញា​​ខាងមុខ​បាន​នោះ គឺ​ល្អ​ណាស់ សម្រាប់​និរន្តរភាព​គ្រឹះស្ថាន​ឯកជន​»​។

លោក​បាន​បន្តថា ប្រហែល​ ២ ​ឆ្នាំ​មក​​នេះ​សាលារៀន​ឯកជន​ក៏​ដូច​វិស័យ​ដទៃ​​ទៀត​បាន​រង​ផលប៉ះពាល់​ដូចគ្នា​លើ​ការផ្តល់​សេវាកម្ម​ និង​និរន្តរភាព​សេដ្ឋកិច្ច​។​ មកទល់​ពេលនេះ​សាលារៀន​ឯកជន​តាម​ខេត្ត​ភាគច្រើន​ជាពិសេស​សាលា​ភាសា​ និង​អប់រំ​កុមារ​តូច​បាន​​ផ្អាក​ការបង្រៀន ដោយសារ​កត្តា​ចម្បង​២ គឺ​ផលលំបាក​នៃ​ការបង្រៀន​តាម​អនឡាញ និង​កង្វះ​ថវិកា​បន្ត​។ រីឯ​​សាលា​ដែល​អាច​នៅ​ដំណើរការបាន​គឺ​អប់រំ​តាម​អនឡាញ ជាពិសេស​នៅ​កម្រិត​ឧត្តមសិក្សា​ និង​សាលា​អប់រំ​ដល់​​គ្រួសារ​មាន​ជីវភាព​បង្គួរ និង​ខ្ពស់​។

លោក​ថា​៖ «​ពី​ពេលនេះ​ទៅមុខ​សាលារៀន​ឯកជន​ទាំងអស់​ត្រូវ​បែរមក​ជជែក​គ្នា​រក​ដំណោះស្រាយ​រួមគ្នា​វិនិយោគ​រួមគ្នា​ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​មួយ​នេះ​។​សាលារៀន​ណា​ដែល​បាននិង​កំពុង​វិនិយោគ​លើ​បច្ចេកវិទ្យា​អប់រំ​រៀនសូត្រ​វិធីសាស្ត្រ​បង្រៀន​ថ្មី គ្រូបង្រៀន​យល់​គាំទ្រ និង​អភិវឌ្ឍ​ខ្លួន​តាម​គន្លង​ថ្មី​នៃ​វិស័យ​អប់រំ​សាលា​នោះ​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ ហើយ​អាច​នឹង​រីកចម្រើន​ជាង​មុន​។ ​ឯ​សាលា​ណា​ដែល​ធ្វើ​មិនដឹងមិនឮ មិន​សង្វាត​ស្វែងយល់​ពីរ​បត់​ថ្មី​នៃ​ការអប់រំ​នេះ​នឹង​អន់ថយ​ទៅៗ​ហើយ​ឈានទៅ​បិទទ្វារ​​តែម្តង​»៕