ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ​រំឭក​ដល់​អភិបាល​នៃ​គណៈអភិបាល​រាជធានី​-ខេត្ត ​អំពី​ការ​បញ្ចប់​តំណែង​ជា​ទីប្រឹក្សា ​ឬ​ជំនួយការ ​ដែល​ត្រូវ​បាន​តែងតាំង​មុន​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៣ ​នៃ​ក្រុមប្រឹក្សា​ និង​កំណត់​ឲ្យ​បុគ្គល​ដែល​មាន​តួនាទី​ជាទីប្រឹក្សា​តែងតាំង​ក្រោយ​បោះ​ឆ្នោត​ ត្រូវ​ជ្រើសរើស​យក​មុខ​តំណែង​តែ​មួយ។

ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​ជូន​ដល់​អភិបាល​នៃ​គណៈអភិបាល​រាជធានី​-ខេត្ត ​ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​គោលការណ៍ ​២ ​ចំណុច។ ចំណុច​ទី​១ ​ចែង​ថា ​ប្រធាន ​និង​សមាជិក​ក្រុមប្រឹក្សា​​រាជធានី​-ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា ​និង​ជំនួយ​ការ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​នោះ ​តំណែង​នេះ​ត្រូវ​បាត់បង់​។ ដូច្នេះ ​សាមី​ខ្លួន​នៅ​សល់​តែ​មុខ​តំណែង​មួយ​គត់ ​គឺ​ជា​ប្រធាន ឬ​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ ​ហើយ​សាមីខ្លួន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​តែ​មួយ​មុខ​ គឺ​តាម​មុខ​នាទី​ ជា​ប្រធាន ​ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ។

ចំណែក​ចំណុច​ទី២ ​ចែង​ថា ​ចំពោះ​ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ​អាណត្តិ​ទី​៣ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ ឬ​ជំនួយ​ការ​ក្រោយ​ពេល​ជាប់​ឆ្នោត​ សាមី​ខ្លួន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​យក​តំណែង​តែ​មួយ​គត់​ រវាង​តំណែង​ជា​ទីប្រឹក្សា ​ឬ​ជំនួយ​ការ ​និង​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា ​ឬ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ។ ជាមួយ​គ្នា​នេះ ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ក៏​ត្រូវ​ផ្ដល់​ជូន​តាម​តំណែង​ដែល​សាមី​ខ្លួន​ជ្រើសរើស​ប៉ុណ្ណោះ​។

លោក ​ផាត សុផានិត ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​អំពី​សេចក្ដី​ណែនាំ​នេះ​បាន​ទេ​ ពី​ម្សិលមិញ។

លោក ​រស់ ផារិទ្ធ​ អភិបាល​រង​ខេត្ត​ស្វាយរៀង ​និង​ជា​អ្នក​នាំពាក្យ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​លោក​បាន​មើល​ហើយ​លើ​ការ​ណែនាំ​ថ្មី​នេះ។ រដ្ឋបាល​ខេត្ត​ស្វាយរៀង​នឹង​អនុវត្ត​តាម ​ហើយ​នឹង​ពិនិត្យ​មើល​ថា​ តើ​អ្នកណា​មាន​តួនាទី​ជា​ប្រឹក្សា​មុន​ការ​បោះឆ្នោត​អាណត្តិ​ទី៣។ លោក​បន្ថែម​ថា​ ជារួម​គោលការណ៍​ណែនាំ​ថ្មី​នេះ​គឺ​ដើម្បី​មិន​ឲ្យ​មាន​ការ​យក​ប្រាក់​លើ​មុខងារ ​២ ​កន្លែង។

លោក​ថ្លែង​ថា​៖ «ពី​មុន​មក​ខ្ញុំ​មិន​ដឹង​ថា​មាន ​ឬ​មិន​មាន​ទេ ​តែ​ជា​គោលការណ៍​ណែនាំ គឺ​មិន​ឲ្យ​មាន​អ៊ីចឹង​ទៀត​ទេ។ មុខ​តំណែង ​២ ​ក៏​ដោយ ​តែ​យើង​ត្រូវ​យក​តែ​មួយ​ទេ។ បើ​យើង​គិត​ថា កន្លែង​ណា​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ ជ្រើសរើស​យក​អាហ្នឹង​ទៅ»។

ក៏​ប៉ុន្តែ​ លោក​ វ៉ី សំណាង ​អភិបាល​ខេត្ត​កំពង់ស្ពឺ ​បាន​ឲ្យ​ដឹង​ថា ​ការ​ណែនាំ​នេះ​បញ្ជាក់​ថា មន្ត្រី​រាជការ​ត្រូវ​បំពេញ​តួនាទី​តែ​មួយ​មុខ​តំណែង​ទេ​ ដើម្បី​ឲ្យ​មន្ត្រី​ទាំង​នោះ​មាន​ឱកាស​ពង្រឹង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។

លោក​ថ្លែង​ថា​៖ «ប្រហែល​ជា​មាន​កន្លែង​ខ្លះ​ដែល​គាត់​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ ជា​ប្រធាន ​អនុ​ប្រធាន​ ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ឬ​ស្រុក​ ក្រុង​ ហើយ​បន្ត​នៅ​ក្នុង​តំណែង​នោះ ​(ជា​ទីប្រឹក្សា) ហើយ​មិន​ទាន់​លាលែង​ អ៊ីចឹង​គ្រាន់​តែ​ជា​ការ​រំឭក​ទេ ​ឲ្យ​គាត់​លាលែង​ពី​តំណែង​ចាស់​របស់​គាត់»។ លោក​ថា​ ខេត្ត​របស់​លោក​បាន​លាលែង​ពី​តំណែង​អស់​ហើយ បន្ទាប់​ពី​បាន​ប្រកាស​សមាសភាព​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ថ្មី។

លោក ​សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ លើក​ឡើង​ថា​ វា​ជា​រឿង​សាមញ្ញ​ដែល​មន្ត្រី​មួយ​រូប​ត្រូវ​មាន​មុខ​តំណែង​តែ​មួយ។ ផ្ទុយ​ទៅវិញ​ វា​ជា​រឿង​ចម្លែក​មួយ​ដែល​មន្ត្រី​មួយ​រូប​មាន​តួនាទី​ជា​ប្រធាន​ ឬ​ជា​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ ក្រុង​ ស្រុក​ខណ្ឌ ​ហើយ​ទៅ​មាន​តួនាទី​មួយ​ផ្សេង​ទៀត​ជា​ទីប្រឹក្សា​នៅ​ស្ថាប័ន​ផ្សេង ​ឬ​ប្រហាក់​ប្រហែល ​ព្រោះ​គាត់​ជា​បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ការ​បោះ​ឆ្នោត។

លោក ​ជ័យ​ និយាយ​ថា​៖ «ចំពោះ​ការ​កាត់​បន្ថយ​ ឬ​កាត់​លុប​ចោល​នូវ​តួនាទី​ជា​ទីប្រក្សា​ចំពោះ​ប្រធាន​ ឬ​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ ​យើង​យល់​ថា​ជា​រឿង​មួយ​ដែល​ល្អ​ដែរ ​ហើយ​យើង​ក៏​មិន​នឹក​ស្មាន​ថា​បាន​កើត​ឡើង​ដែរ។ ពី​ព្រោះ​នេះ​ជា​ការងារ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​តួនាទី​ច្រើន​ស្អេកស្កះ​ពេក»។

លោក ​សន ជ័យ ​យល់​ថា​ ការ​ណែនាំ​នេះ​សម្រាប់​មន្ត្រី​មួយ​ចំនួន​ដែល​ពី​មុន​មាន​តួនាទី​ជា​ទីប្រឹក្សា​នៅ​ស្ថាប័ន​ផ្សេងៗ​ ហើយ​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ក្រុង។ ពេល​បាន​ជាប់​ឆ្នោត ​អ្នក​ទាំង​នោះ​នៅ​តែ​មាន​តំណែង​ជា​ទីប្រឹក្សា ប៉ុន្តែ​បើ​តាម​ការ​ណែនាំ​ ​អ្នក​ទាំង​នោះ​ត្រូវ​ជ្រើសរើស​យក​តែ​មួយ​ទេ។ លោក​ថា ​ការ​ចេញ​សេចក្ដី​ណែនាំ​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ជ្រះ​ស្រឡះ​កុំ​ឲ្យ​មាន​ការ​ជាប់​ជំពាក់​តំណែង​ចាស់ និង​តំណែង​ថ្មី។ ចំណុច​មួយ​ទៀត​គឺ​ថា ​ក្រុមប្រឹក្សា​ត្រូវ​មាន​គណនេយ្យភាព​ជាមួយ​ពលរដ្ឋ ​ខុស​ពី​ទីប្រឹក្សា​ដែល​មាន​គណនេយ្យភាព​ជាមួយ​តែ​ស្ថាប័ន​ណា​មួយ​នោះ។

លោក ​ស ខេង ​ក៏​បាន​ថ្លែង​ក្នុង​វេទិកា​ស្តីពី​មុខងារ​នីតិកម្ម និងការងារ​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​នៅ​ភ្នំពេញ ម្សិលមិញ ថា ​កំណែ​ទម្រង់​វិមជ្ឈការ ​និង​វិសហមជ្ឈការ​បាន​នឹង​កំពុង​ប្រឈម​ ដោយសារ​តែ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ទេរ​អំណាច​ពី​ក្រសួង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ។

លោក​ថា​៖ «សព្វ​ថ្ងៃ​នេះ​យើង​កំពុង​តែ​លើក​ទឹក​ចិត្ត​ស្រុក ​និង​ក្រុង​ ជាមួយ​នឹង​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​នៅ​ថ្នាក់​ស្រុក ​ដោយសារ​តែ​ពេល​ណា​យើង​កែ​សម្រួល​រចនា​សម្ព័ន្ធ ​គឺ​ការ​ផ្ទេរ​មុខងារ និង​ធនធាន ​វា​ត្រូវ​ទៅ​ជាមួយ​គ្នា​ទើប​វាមាន​ប្រសិទ្ធភាព។​ យើង​មាន​បំណង​ថា​កែ​រចនា​សម្ព័ន្ធ​នៅ​ថ្នាក់​ស្រុក​ ឬ​ក្រុង​ផង​ ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​មុខងារ​ ដែល​គាត់​អាច​ធ្វើ​បាន។ បើ​មិន​ដូច្នេះ​ទេ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ ​យើង​ហាក់​ដូច​ជា​ទុក​ចោល​ ដោយ​ការ​ ខាតបង់​ធនធាន ​និង​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​ដើម្បី​គ្រាន់​តែ​បម្រើ​ការ​បើក​ប្រាក់​បៀវត្សរ៍»។

លោក​ក៏​បាន​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ពន្លឿន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ថ្នាក់​ស្រុក ​និង​ថ្នាក់​ក្រុង ​ហើយ​នឹង​ធ្វើ​ការ​ផ្ទេរ​អំណាច ​ផង​ដែរ ​ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវាកម្ម​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​កាន់​តែ​មាន​ប្រសិទ្ធភាព៕