ភ្នំពេញៈ មន្ដ្រីក្រសួងបរិស្ថានបានអះអាងថា ក្រសួងកំពុងប្រមូលព័ត៌មានជុំវិញការចោទ និងប្ដឹងសុំដកតំណែងលោក ញ៉ែម វិសាល មន្ដ្រីបរិស្ថានទទួលបន្ទុកដែនជម្រកសត្វព្រៃព្រៃឡង់ និងមន្ដ្រីបរិស្ថានមួយចំនួនពាក់ព័ន្ធនឹងការចោទថា បានគំរាមពលរដ្ឋ និងបើកដៃឲ្យឈ្មួញចូលដឹកឈើ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ដ្រា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្រសួងទទួលបានព័ត៌មានពីរឿងបណ្ដឹងនោះរួចហើយ ដោយពេលនេះមន្ដ្រីកំពុងប្រមូលព័ត៌មានជុំវិញការចោទមន្ដ្រីបរិស្ថានទាំងនោះ។
លោកបានបញ្ជាក់តាមតេឡេក្រាមថា៖ «មន្ត្រីក្រសួងបរិស្ថានបាននិងកំពុងប្រមូលព័ត៌មានផ្សេងៗជុំវិញការចោទប្រកាន់មកលើមន្ត្រីបរិស្ថានហើយនឹងធ្វើសេចក្តីសម្រេចមួយ»។
បន្ទាប់ពីទទួលបានបណ្ដឹងពីពលរដ្ឋ ១២៩៤ នាក់ និងមេឃុំ មេភូមិ រួមទាំង នាយ និងនាយរងប៉ុស្ដិ៍រដ្ឋបាលឃុំកំពង់ចាម ស្រុកសំបូរ ខេត្ដក្រចេះកាលពីថ្ងៃទី ២៨ ខែកញ្ញាក្រសួងបរិស្ថានបានបញ្ជូនមន្ដ្រីអធិការកិច្ចឱ្យទៅសហការជាមួយមន្ដ្រីខេត្តដោយបានកោះហៅអាជ្ញាធរពាក់ព័ន្ធសួរកាលពីម្សិលម្ង៉ៃ។
ឆ្លើយតបនឹងការសួរពីមន្ដ្រីអធិការកិច្ច មេឃុំ មេភូមិ និងនាយប៉ុស្ដិ៍ដែលតំណាងដើមបណ្ដឹងបានស្នើសុំដក លោក ញ៉ែម វិសាល និងមន្ដ្រីបរិស្ថានមួយចំនួនដោយពួកគាត់បានចោទមន្ដ្រីទាំងនោះថាបានគំរាមធ្វើបាបពលរដ្ឋ និងបើកដៃឲ្យឈ្មួញចូលដឹកឈើយ៉ាងអនាធិបតេយ្យ។
លោក សួង ហម មេភូមិ អាចេន ក្នុងឃុំកំពង់ចាមបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថាលោកសប្បាយចិត្ដណាស់ដែលក្រសួងបានដាក់មន្ដ្រីបរិស្ថានចុះការពារព្រៃឈើ ប៉ុន្ដែលោកមិនយល់ស្របចំពោះមន្ដ្រីបច្ចុប្បន្នទេ ព្រោះមិនបានសហការជាមួយអាជ្ញាធរដែនដី និងពលរដ្ឋបែរជាធ្វើបាបពលរដ្ឋទៅវិញ។
លោកថា៖ «រដ្ឋាភិបាលបង្កើតមន្ដ្រីបរិស្ថាន ការពារធនធានធម្មជាតិ ខ្ញុំអរណាស់ គ្រាន់តែថាមន្ដ្រីបរិស្ថានទាំងអស់នៅកន្លែងខ្ញុំនេះធ្វើការមិនល្អសោះតែម្ដង។ អ៊ីចឹងក្នុងការប្រជុំជាមួយមន្ដ្រីមកពីក្រសួងម្សិលមិញ [ថ្ងៃពុធ] ខ្ញុំនៅតែនិយាយដូចបណ្ដឹង និងសុំឲ្យដូរចេញទាំងមេទាំងកូន (មន្ដ្រីបរិស្ថាន)»។
បើតាមលោក ហម មានពលរដ្ឋខ្លះពិតជាបានរកស៊ីឈើមែន ដោយដឹកតាមម៉ូតូ ប៉ុន្ដែត្រូវបានលោក ញ៉ែម វិសាល បង្កើតកុងត្រូលទារលុយពីពលរដ្ឋ ចាប់ពី ៥០ ម៉ឺនដល់រាប់លានរៀល ហើយបើមិនមានលុយឲ្យទេ មន្ដ្រីរូបនោះនឹងបាញ់គំរាម ហើយចាប់ដាក់ខ្នោះថែមទៀត។
លោក អ៊ឹម ពៅ មេភូមិ ទន្សោងធ្លាក់ ឃុំកំពង់ចាមដែរនោះបានថ្លែងថា មន្ដ្រីបរិស្ថានបច្ចុប្បន្នមិនបានសហការជាមួយពលរដ្ឋ និងអាជ្ញាធរដែនដីទេបែរជាធ្វើបាបពលរដ្ឋក្នុងឃុំទៅវិញ។
លោកថា៖ «បើមិនមានលុយឲ្យទេ គេនឹងចាប់ដាក់ខ្នោះ និងព្រមានថែមទៀត។ ខ្ញុំគិតថា គាត់មិនមែនដៃគូទេ ព្រោះគាត់មិនដែលឲ្យអាជ្ញាធរដែនដីណាម្នាក់ជួបឡើយ ឲ្យតែឮថា ភូមិ-ឃុំ ចូលទៅនិយាយរឿងពលរដ្ឋគឺមិនដែលឲ្យជួបទេ។ សាកសួរគាត់មើលថា គាត់ស្គាល់ មេភូមិ-មេឃុំដែរទេ? គឺមិនដែលទេ»។
លោក ឈិត ណន មេឃុំកំពង់ចាមបានប្រាប់ដែរថា មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិចំនួន ៧ ភូមិ និងនាយ នាយរងប៉ុស្ដិ៍រដ្ឋបាលទាំងអស់ដែលបានទៅប្រជុំនៅសាលាខេត្ដក្រចេះត្រូវបានមន្ដ្រីក្រសួងហៅចូលសួរម្ដង ១ ក្រុមៗ។
លោកថា៖ «ខ្ញុំឆ្លើយតាមបណ្ដឹងដែលដាក់ទៅអភិបាលខេត្ដ និងករណីមន្ដ្រីបរិស្ថានធ្វើបាបពលរដ្ឋកន្លងមក។ បើគេ (មន្ដ្រីពីក្រសួង) សួរទៅមេភូមិនឹងដឹងរឿងកាន់តែច្រើនថែមទៀត ព្រោះពួកគាត់នៅជាមួយប្រជាពលរដ្ឋផ្ទាល់ គេធ្វើបាបពលរដ្ឋយ៉ាងម៉េចក៏គាត់ដឹងដែរ»។
លោក វ៉ា ថន អភិបាលខេត្ដក្រចេះបានឲ្យដឹងកាលពីម្សិលមិញថាលោកនៅតែបន្ដចាត់ក្រុមការងារឲ្យចុះស្រាវជ្រាវលើបណ្ដឹងនេះបន្ថែមទៀត។
លោកថា៖ «សមត្ថកិច្ច និងពលរដ្ឋ (ឃុំកំពង់ចាម) ក៏មានខ្វះចន្លោះដែរ។ បើមិនទទួលយកប្រធានបរិស្ថាននៅទីនោះ យើងប្ដូរបានតើ កុំបាច់ទៅគគ្រឹកគគ្រេងអ៊ីចឹង។ មានការអី វេទិកាគេចុះទៅធ្វើរាល់តែខែ ម៉េចមិននិយាយ។ រឿងនេះជារឿងផលប្រយោជន៍»។
លោក ញ៉ែម វិសាល ដែលរងការចោទប្រកាន់មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕