
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ ៥ កន្លងទៅ។ ហេង ជីវ័ន
ពោធិ៍សាត់ៈ ឧបនាយករដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងរកវិធីដោះស្រាយចំពោះអ្នកប្រើប្រាស់ម៉ូតូគ្មានប័ណ្ណបើកបរ ខណៈគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺអ្នកបើកបរម៉ូតូជាអ្វីដែលសង្គមស៊ីវិលគាំទ្រចំពោះគំនិតនេះ។
ការលើកឡើងរបស់លោកដូចនេះបានធ្វើឡើងនៅក្នុង «ទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី ១៣» កាលពីថ្ងៃទី ៣ ខែវិច្ឆិកា នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ស ខេង បានថ្លែងថាព្រោះតែចង់ផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋមិនឲ្យចំណាយថវិកា និងពេលវេលាចំពោះការទៅរៀនបើកបរម៉ូតូ រាជរដ្ឋាភិបាលបានកំណត់ច្បាប់មិនតម្រូវឲ្យអ្នកបើកបរម៉ូតូកម្លាំងក្រោម ១២៥ សេសេ (CC) ទៅធ្វើប័ណ្ណបើកបរទេ ដែលចំណុចនេះបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកបានថ្លែងថា៖ «...ដោយសារតែយើងចង់ងាយស្រួលដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ដ្រី លោកបានប្រកាសមិនតម្រូវឲ្យអ្នកបើកបរម៉ូតូដែលមានកម្លាំងក្រោម ១២៥ សេសេ (CC) មានប័ណ្ណបើកបរទេ។ ប៉ុន្ដែគាត់ត្រូវមានកាតគ្រី តែសំបុត្របើកបរគាត់មិនចាំបាច់មានទេ ដោយសារមិនចាំបាច់ឲ្យបង់ថ្លៃបង់អី ហើយធ្វើសំបុត្របើកបរហ្នឹងវាយូរទៀត។ ដល់អ៊ីចឹង គាត់ទិញមក...គាត់ជិះតែម្ដង ទាំងប្រថុយប្រថានទាំងអត់ចេះជិះ រឿងហ្នឹងហើយដែលវាបង្កគ្រោះថ្នាក់»។
ដោយបង្ហាញពីស្ថិតិគ្រោះថា្នក់ផង លោក ស ខេង បានឲ្យដឹងថាកាលពីឆ្នាំ ២០១៧ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមធ្យមជាង ៥ នាក់ក្នុង ១ ថ្ងៃ ហើយក្នុង ១ ឆ្នាំមានអ្នកស្លាប់ដល់ជាង ១៩០០ នាក់ឯណោះ។
លោកបានបញ្ជាក់ថា៖ «ឥឡូវនេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់យើងកំពុងសិក្សាថា តើត្រូវរកវិធីយ៉ាងម៉េចដើម្បីដោះស្រាយ?
យើងមានវិធីដែរកន្លងទៅមានគោលការណ៍មានវិធានការឲ្យអ្នកលក់ម៉ូតូ គាត់ត្រូវបំពេញកាតព្វកិច្ចយ៉ាងម៉េច អីយ៉ាងម៉េច ប៉ុន្ដែមិនទាន់ធ្វើបាន ធ្វើមិនទាន់បានល្អ ព្រោះជាលទ្ធផលចេញមក គ្រោះថ្នាក់ដោយសារម៉ូតូគឺនៅតែច្រើន។ អ៊ីចឹងទេ យើងរកវិធីហ្នឹង ដើម្បីដោះស្រាយបន្ដទៀតកុំឲ្យថាវាងាយពេកដល់ងាយពេក យើងភ្លេចខ្លួនដែរ។
គាត់មានកាតគ្រី កាតសម្គាល់ម៉ូតូ ប៉ុន្ដែប័ណ្ណបើកបរនោះគាត់អត់មានទេ យើងអត់តម្រូវឲ្យមានទេ ច្បាប់យើងអ៊ីចឹង។ ប៉ុន្ដែមិនមែនថាមិនឲ្យមានប័ណ្ណបើកបរបែរជាទៅបើកបរសេរី មិនមែនអ៊ីចឹងទេ នេះសូមអំពាវនាវដល់បងប្អូនដែលមានម៉ូតូធ្វើយ៉ាងម៉េចត្រូវបង្រៀនគ្នា»។
ក្រៅពីការសម្ដែងកង្វល់នេះលោក ស ខេង បានផ្ញើសារខ្លី ១០ ចំណុចដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ក្នុងនោះរួមមាន ១- បើកបរមិនត្រូវលើសល្បឿនកំណត់ជាដាច់ខាត,២- មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត, ៣- មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត, ៤- មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត, ៥- ត្រូវចេះបើកបរឲ្យបានត្រឹមត្រូវដាច់ខាត,៦- ត្រូវពាក់មួកសុវត្ថិភាពជាដាច់ខាតសម្រាប់ម៉ូតូ,៧- ត្រូវពាក់ខ្សែក្រវាត់ដាច់ខាតសម្រាប់រថយន្ដ,៧- បើកបរត្រូវប្រកាន់ស្ដាំ,៩- ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និង ១០- ត្រូវមានការប្រុងប្រយ័ត្នជានិច្ច។
លោកបានបញ្ជាក់ថា៖ «ចំណុចខ្លីទាំង ១០ នេះយើងអាចចម្លងដាក់តាមខ្លួន ឬបិទនៅជាប់នឹងម៉ូតូ និងឡាន ឬតាមកន្លែងធ្វើការ និងចូលរួមផ្សព្វផ្សាយបន្ដឲ្យគ្នាបានដឹង»។
បើតាមរបាយការណ៍របស់នគរបាលចរាចរណ៍គិតត្រឹម ៩ ខែក្នុងឆ្នាំ ២០១៧ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១ ៧៨០ នាក់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦ ស្លាប់ ១៧១៧ នាក់ ខណៈឆ្នាំ ២០១៨ មានអ្នកស្លាប់ ១៧៣៦ នាក់។
លោក អៀ ចរិយា ប្រធានអង្គការវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានស្វាគមន៍ចំពោះការសិក្សាឡើងវិញចំពោះករណីអ្នកបើកបរម៉ូតូមានកម្លាំងក្រោម ១២៥ សេសេ (CC) នេះដោយលោកថា អ្នកជិះម៉ូតូនៅកម្ពុជាជាង ៨០ ភាគរយគឺជិះម៉ូតូកម្លាំងក្រោម ១២៥ សេសេ ប៉ុន្តែលោកក៏មិនគាំទ្រដល់ការលុបប័ណ្ណបើកបរក្រោមកម្លាំងនេះដែរ។
លោកថា៖ «...ប្រសិនបើយើងមិនឲ្យគាត់មានប័ណ្ណបើកបរមានន័យថា មិនបាច់ឲ្យគាត់រៀនពីច្បាប់ចរាចរណ៍ ឬរៀនបើកបរម៉ូតូនោះទេឲ្យតែគាត់ (ពលរដ្ឋ) មានលុយទិញម៉ូតូគឺគាត់អាចបើកបរម៉ូតូបានហើយ»។
លោក ចរិយា ក៏យល់ឃើញដែរថាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺរវាងអ្នកបើកបរម៉ូតូនឹងម៉ូតូ ដូច្នេះបើគាត់មិនមានប័ណ្ណបើកបរប្រៀបដូចជាមិនបានរៀន និងមិនយល់ពីច្បាប់ដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើន។
លោកថា៖ «អ៊ីចឹងការដែលគាត់ដាក់ឲ្យមានការត្រួតពិនិត្យ និងសិក្សាឡើងវិញចំពោះការរៀបចំឲ្យមានប័ណ្ណបើកបរសម្រាប់អ្នកបើកបរម៉ូតូមានកម្លាំងក្រោម ១២៥ សេសេ គឺជារឿងចាំបាច់គឺជារឿងអាទិភាពមួយសម្រាប់ប្រទេសកម្ពុជាយើង។ បើយើងសិក្សាពីបណ្ដាប្រទេសជិតខាង និងប្រទេសអាស៊ានអត់មានប្រទេសណាមិនអនុញ្ញាតឲ្យអ្នកបើកបរម៉ូតូដែលមានកម្លាំងក្រោម ១២៥ សេសេនេះមិនមានប័ណ្ណបើកបរនោះទេ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា (AIPFoundation) បានបារម្ភពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានេះ ខណៈការប្ដេជ្ញាចិត្តកាត់បន្ថយគ្រោះថ្នាក់ជិតដល់ឆ្នាំកំណត់ហើយនោះ។
លោកថា៖ «បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះនៅតែជាបញ្ហាបារម្ភពីព្រោះប្រទេសកម្ពុជាយើងបានប្ដេជ្ញាចិត្ដកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះឲ្យបានរហូតដល់ ៧៣៥០ នាក់ក្នុងរយៈពេល ១០ ឆ្នាំ ។ គិតដោយសាមញ្ញដល់ត្រឹមឆ្នាំ ២០២០ គឺយើងចង់កាត់បន្ថយចំនួនអ្នកស្លាប់ឲ្យនៅត្រឹម ១៦០០ នាក់ប៉ុណ្ណោះ»។
លោកបានអះអាងថាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បើគិតតាំងពីឆ្នាំ ២០១៧ មកក្នុង ១ ឆ្នាំ មានអ្នកស្លាប់រហូតដល់ជាង ១៩០០ នាក់ហើយនៅខ្វះតែ ២ ឆ្នាំទៀតប៉ុណ្ណោះនឹងឈានដល់ឆ្នាំ ២០២០ ហើយ តែចំនួនអ្នកស្លាប់នៅតែមានចំនួនជិត ២ ពាន់នាក់នៅឡើយ៕