ភ្នំពេញ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំឯកសារដើម្បីដាក់ប្រាសាទកោះកេរទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក តែអាចប្រឈមការលំបាក ខណៈត្រូវការពេលរហូត ៤ ឆ្នាំដើម្បីស្រាវជ្រាវរកភ័ស្ដុតាងបន្ថែមបើទោះជាកម្ពុជាបានបង្ហាញឈ្មោះប្រាសាទនេះទៅអង្គការ UNESCO តាំងពីឆ្នាំ ១៩៩២ មកហើយក្ដី។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ពីម្សិលមិញថា ប្រាសាទកោះកេរ ជាប្រាសាទបុរាណខ្មែរដ៏អស្ចារ្យមួយដែលអ្នកជំនាញកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទសំបូរព្រៃគុកត្រូវបានទទួលស្គាល់កាលពីឆ្នាំមុន។
លោកស្រីបន្តថាការរៀបចំឯកសារនេះកម្ពុជាអាចប្រឈមនឹងការលំបាកច្រើនដោយសារលក្ខខណ្ឌអង្គការ UNESCO តឹងតែង និងទាមទារពេល ៤ ឆ្នាំ។
លោកស្រីបន្ដថា៖ «ក្រុមការងារខ្ញុំកំពុងចាប់ផ្ដើមដើរទៅមុខបណ្ដើរៗហើយ ការពិតការដាក់ឯកសារនេះវាមិនស្រួលប៉ុន្មានទេ គឺយើងត្រូវចំណាយពេល ៤ ឆ្នាំឯណោះគឺទាំងចំណាយពេលបញ្ជូនទៅហើយស្រាវជ្រាវ និង ពិនិត្យលើឯកសារពីភាសាបារាំងមកវិញ។ ក្នុងនោះមានប្រទេសជាច្រើនក៏បានស្នើសុំច្រើនជាងមុន និងបានដាក់លក្ខខណ្ឌតឹងរ៉ឹងជាងមុនដែរ»។
ប្រាសាទកោះកេរស្ថិតក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារចម្ងាយប្រមាណ ១២០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០ គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ហើយបើគិតពីភ្នំពេញទៅមានចម្ងាយ ៤៦០ គីឡូម៉ែត្រ។
ប្រាសាទនេះមាន ៧ ជាន់កម្ពស់ ៣៥ ម៉ែត្រគឺជាអតីតរាជធានីរបស់អាណាចក្រខ្មែរកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៤ (៩២៨-៩៤២) គឺដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីមុនមានឈ្មោះថា ឆកគគីរមានផ្ទៃដីប្រមាណ ២៥៦ គីឡូម៉ែត្រការ៉េដោយមានប្រាសាទចំនួន ៩៨ សង់ដាច់ពីគ្នា ពី ៣ ឬ ៤ គីឡូម៉ែត្រក្នុងតំបន់នោះ។
លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថាកាលពីឆ្នាំ ១៩៩២ កម្ពុជាបានដាក់បញ្ចូលឈ្មោះ ប្រាសាទ និងរមណីយដ្ឋានចំនួន ៨ ចូលក្នុងបញ្ជីត្រៀមរបស់ UNESCO ប៉ុន្ដែមិនទាន់បញ្ចូលឯកសារលម្អិតទេ។
លោកបន្តថាក្រោយពីមានឈ្មោះក្នុងបញ្ជីត្រៀមរួចហើយ ប្រសិនគេចង់បញ្ចូលប្រាសាទណាមួយនោះគឺគេត្រូវរកភ័ស្ដុតាង និងឯកសារបន្ថែមដើម្បីទទួលបានសិទ្ធិពេញលេញចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកបញ្ជាក់ថា៖ «យើងមានឈ្មោះតែក្នុងបញ្ជីត្រៀមរបស់ UNESCO ទេ ប៉ុន្ដែមិនទាន់បានដាក់ឯកសារពេញលេញឲ្យគេទេ។ អ៊ីចឹងបានជាយើងត្រូវរៀបចំឯកសារច្បាស់លាស់ឲ្យគេទទួលស្គាល់របស់យើង»។
លោក សុវណ្ណារ៉ា បន្ថែមថាឈ្មោះប្រាសាទ និងរមណីយដ្ឋានចំនួន ៨ រួមមាន៖ ប្រាសាទបន្ទាយឆ្មារ បន្ទាយព្រៃនគរ បឹងមាលា ប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទកោះកេរ ប្រាសាទភ្នំដា ប្រាសាទភ្នំឧដុង្គ និងប្រាសាទភ្នំគូលែនផងដែរ។ ប្រាសាទទាំងនេះមិនទាន់មានឯកសារគ្រប់គ្រាន់ទេមានត្រឹមតែបញ្ជីរាយនាមនៅក្នុងអង្គការ UNESCO។
បច្ចុប្បន្នកម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ ៧ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ៣ និងសម្បត្តិវប្បធម៌អរូបី ៤។
ទី ១ តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃ ១៤ ធ្នូ ឆ្នាំ ១៩៩២។
ទី ២- របាំព្រះរាជទ្រព្យ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣។
ទី ៣-ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥។
ទី ៤-ប្រាសាទព្រះវិហារ (រូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០០៩។
ទី ៥ -ល្បែងទាញព្រ័ត្រ (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ តែកម្ពុជាជាសមាជិកមួយក្នុងចំណោម ៤ ប្រទេសដែលមានល្បែងស្រដៀងគ្នានេះរួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ។
ទី ៦- ចាប៉ីដងវែង (អរូបី)៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ ១ នេះស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់។
ទី ៧-ប្រាសាទសំបូរព្រៃគុក (រូបី) ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ៕