ភ្នំពេញៈ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា ក្រសួងកំពុងសិក្សាអំពីផលប៉ះពាល់ដែលអាចកើតឡើងជុំវិញការស្នើសុំរបស់ក្រុមហ៊ុនលោក ទ្រី ភាព ដែលចង់បូមស្ដារទន្លេដើម្បីអភិវឌ្ឍច្រាំងទន្លេមេគង្គចាប់ពីចំណុចទន្លេនៅច្រកព្រំដែនកម្ពុជា-វៀតណាម រហូតដល់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម ខេត្តក្រចេះ និងទន្លេបាសាក់។
លោក ចាន់ យុត្ថា មន្ត្រីនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្រសួងបានចាប់ផ្ដើមរួចហើយដើម្បីសិក្សាអំពីផលប៉ះពាល់នៃការស្នើសុំអភិវឌ្ឍច្រាំងទន្លេមេគង្គរបស់ក្រុមហ៊ុនលោក ទ្រី ភាព ប៉ុន្តែលោកមិនទាន់ដឹងថា ការសិក្សានោះនឹងត្រូវបញ្ចប់ពេលណាឡើយ។
លោកថ្លែងថា ការសិក្សាទាំងនោះមានដូចជា ការយករូបភាពពីប្រព័ន្ធផ្កាយរណបដែលក្រសួងបានសហការជាមួយទីអវកាសរបស់អឺរ៉ុបដើម្បីពិនិត្យអំពីស្ថានភាពទន្លេ ការប្រើយន្តហោះខ្នាតតូចរបស់ក្រសួងដើម្បីផ្ដិតយករូបភាពរួចហើយយកទៅផ្ទៀងផ្ទាត់ជាមួយរូបភាពពីប្រព័ន្ធផ្កាយរណប និងការចុះទៅសិក្សាដល់ទីកន្លែងទន្លេផ្ទាល់ទាំងការសិក្សានៅលើគោកនិងការសិក្សានៅក្រោមទឹកជាដើម។ លោក យុត្ថា បន្តថា ការសិក្សាទាំងនេះនឹងត្រូវប្រើប្រាស់ពេលវេលាយូរ។
លោកថា៖ «យើងកំពុងទើបចាប់ផ្ដើម [សិក្សា] ដំណាក់កាលទី១ ផ្កាយរណបយើងមាន ទី២ យើងកំពុងប្រើយន្តហោះខ្នាតតូចថតពីលើ អ៊ីចឹងនៅច្រើន ហើយអានេះគ្រាន់តែជាផ្នែកពាក់ព័ន្ធនឹងវិស័យធនធានទឹកទេ»។
បើតាមលោក ចាន់ យុត្ថា ក្រសួងពាក់ព័ន្ធផ្សេងទៀតក៏ត្រូវធ្វើការសិក្សាពីផលប៉ះពាល់ដូចគ្នានឹងក្រសួងធនធានទឹកដែរ មុនបើកប្រជុំអន្តរក្រសួងនៅ ពេលខាងមុខ និងមុនដាក់លទ្ធផលនៃការសិក្សា និងវាយតម្លៃទៅរាជរដ្ឋាភិបាលវិញ ក្នុងការសម្រេចអនុញ្ញាត ឬមិនអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកទ្រី ភាព ធ្វើសកម្មភាពបូមខ្សាច់ដើម្បីអភិវឌ្ឍច្រាំងទន្លេមេគង្គនោះ។
កាលពីថ្ងៃទី៧ ខែឧសភា លោក ជ្រា សុចិន្តា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្ញើ លិខិតទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យក្រសួងធនធានទឹកបើកកិច្ចពិភាក្សាជាមួយក្រសួងពាក់ព័ន្ធនិងផ្ដល់យោបល់ ជុំវិញការស្នើសុំអនុញ្ញាតរបស់ក្រុមហ៊ុន ទ្រី ភាព អេនជីនារីង និងខនស្ដ្រាក់សិន ដើម្បីបូមស្ដារនិងធ្វើច្រាំងទន្លេមេគង្គចាប់ពីទន្លេព្រំដែន ក្អមសំណ មកដល់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម ក្រចេះ និងទន្លេបាសាក់ ដែលភាគីក្រុមហ៊ុនហៅការអភិវឌ្ឍនេះថាជាយុទ្ធសាស្ដ្រទន្លេចិញ្ចឹមទន្លេ។
ពាក់ព័ន្ធនឹងសំណើរបស់ក្រុមហ៊ុនទ្រី ភាព នេះ តាមរយៈតេឡេក្រាមពីម្សិលមិញ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថានពុំទាន់អាចធ្វើអត្ថាធិប្បាយនៅឡើយទេ។
លោកនិយាយថា៖ «ខ្ញុំមិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដំណើរការនីតិវិធីមិនទាន់ដល់ ព្រោះយោងតាមលិខិតនេះ គ្រាន់តែជាសំណើសុំគោលការណ៍អនុញ្ញាតចុះសិក្សាតែប៉ុណ្ណោះ ហើយសំណើនេះ រាជរដ្ឋាភិបាលក៏មិនទាន់បានអនុញ្ញាតទេ ដោយសម្រេចជូនឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្ដល់មតិជាមុនសិន»។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលមិនគាំទ្រចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុន ទ្រី ភាព បូមស្ដារទន្លេមេគង្គដើម្បីធ្វើច្រាំងឡើយ ព្រោះលោកយល់ថា ការស្ដារទន្លេនឹងធ្វើឱ្យប៉ះពាល់ជីវចម្រុះនៅក្នុងទឹក ហើយម្យ៉ាងទៀតនឹងអាចធ្វើឱ្យបាក់ច្រាំងទន្លេកាន់តែច្រើនប៉ះពាល់ទៅដល់មនុស្ស។
លោកប្រាប់ថា៖ «ខ្ញុំមិនដឹងថានិយាយម៉េចទេ ប៉ុន្តែគ្រាន់តែថា តើការសិក្សាទៅលើទន្លេមេគង្គ ក្រុមហ៊ុនរបស់លោក ទ្រី ភាព មានជំនាញពីអង្កាល់ណាមកក្នុងការស្ដារហ្នុង? បើនិយាយអំពីបរិស្ថាន វាមិនបាច់គួរស្ដារអីទេ ពីព្រោះវាជាលំហូរធម្មជាតិរបស់ទន្លេមេគង្គតាំងពីរាប់ពាន់ឆ្នាំហើយ ហើយកាលណាស្ដារអាហ្នឹង បាក់ច្រាំង វាធ្វើឱ្យពុលទឹក ល្អក់ទឹក ធ្វើឱ្យប៉ះពាល់ដល់ធនធានមច្ឆជាតិរបស់យើងមួយចំនួន ខ្ញុំអត់គាំទ្រទេ»។
ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្ដិ៍មិនទាន់អាចរកប្រភពដើម្បីសុំការឆ្លើយតបពីលោក ទ្រី ភាព បានទេ កាលពីថ្ងៃម្សិលមិញ។
ប៉ុន្តែមន្រ្តីនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមលោក ចាន់ យុត្ថា អះអាងដែរថា ប្រសិនបើរដ្ឋាភិបាលយល់ព្រមតាមការស្នើសុំរបស់លោក ទ្រី ភាព ក្នុងការស្ដារ និងអភិវឌ្ឍច្រាំងទន្លេ គឺមានបំណងដើម្បីកុំឱ្យបាក់ច្រាំងទន្លេប៉ុណ្ណោះ៕