
លោក ជិន ម៉ាលីន ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមជំនាញថ្ងៃទី ៧ ។ រូប Destination Justice
ភ្នំពេញៈ ក្រោយជំនួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកច្បាប់ ចំពោះគម្រោងជំនួយផ្នែកច្បាប់សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះនៅប្រទេសកម្ពុជា ក្រសួងយុត្ដិធម៌នឹងលើកបញ្ហានេះទៅពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំនៃក្របខ័ណ្ឌនយោយថ្នាក់ជាតិដែលនឹងសម្រេចចេញក្នុងពេលឆាប់ៗនាដើមអាណត្ដិទី ៦ នេះ ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទស្ដីពី «បញ្ហាយុត្ដិធម៌ស្នើឲ្យមានភាពប្រសើរឡើងក្នុងការទទួលបានយុត្ដិធម៌នៅកម្ពុជា» កាលពីថ្ងៃទី ៧ ខែធ្នូ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងថា សន្និសីទនេះ គឺជាការជួបគ្នាគ្រប់ភាគីពាក់ព័ន្ធរួមមានរាជរដ្ឋាភិបាលជាអ្នករៀបចំគោលនយោបាយកំណែទម្រង់មានដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសាស្ដ្រាចារ្យ និស្សិត ដែលជាអ្នកសិក្សាស្រាវជ្រាវដើម្បីពិភាក្សាគ្នាចំពោះបញ្ហាយុត្ដិធម៌ ថាតើមានបញ្ហាអ្វីខ្លះដែលពាក់ព័ន្ធនឹងបញ្ហាយុត្ដិធម៌ ដើម្បីរួមគ្នារកដំណោះស្រាយ។
លោក ម៉ាលីន បន្ដថា៖ «បញ្ហាយុត្ដិធម៌មានច្រើន ប៉ុន្ដែអ្វីដែលយើងលើកឡើងមកពិភាក្សាក្នុងសន្និសីទនេះគឺយើងផ្ដោតទៅលើការទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យយុត្ដិធម៌ និងកម្មវិធីជំនួយផ្នែកច្បាប់។ ព្រោះថាបញ្ហាអយុត្ដិធម៌ក្នុងសង្គម វាអាចកើតឡើងមួយផ្នែកនោះ ព្រោះប្រជាពលរដ្ឋ អត់ទទួលបាននូវព័ត៌មាន ចំពោះជំនួយផ្នែកច្បាប់ពីក្រសួង គ្រប់គ្រាន់ដែលព័ត៌មាននេះបានផ្ដោតទៅលើចំណេះដឹង និងការប្រឹក្សាផ្នែកច្បាប់ដល់ពួកគាត់»។
លោកបន្ថែមថា៖ «អ៊ីចឹងពេលដែលពួកគាត់ខ្វះខាតនូវជំនួយផ្នែកច្បាប់បែបនេះ វាអាចធ្វើឲ្យគាត់បាត់បង់នូវសិទ្ធិទទួលបានយុត្ដិធម៌ ដែលនាំឲ្យមានភាពអយុត្ដិធម៌នៅក្នុងសង្គម»។
លោក ជិន ម៉ាលីន លើកឡើងថាតាមរយៈការប្រជុំពិភាក្សាជាបន្ដបន្ទាប់នៃការរៀបចំគម្រោងជំនួយផ្នែកច្បាប់ដល់ប្រជាជនងាយរងគ្រោះ រដ្ឋាភិបាលមានយន្ដការផ្ដល់ជំនួយផ្នែកច្បាប់នេះដល់ប្រជាពលរដ្ឋរួចហើយ ប៉ុន្ដែយន្ដការនេះនៅមិនទាន់ឆ្លើយតបទៅនឹងសេចក្ដីត្រូវការពិតប្រាកដពីគ្រប់ភាគីដែលពាក់ព័ន្ធ និងភាគីដែលត្រូវការដោយសារកង្វះខាតនូវធនធានមនុស្ស ហិរញ្ញវត្ថុ និងក្របខ័ណ្ឌគោលនយោបាយច្បាប់ជាដើម។
លោកបន្ដថា៖ «អ៊ីចឹងយើងដាក់ចេញជាដំណោះស្រាយគឺត្រូវរៀបចំគោលនយោបាយរួមថ្នាក់ជាតិ ដើម្បីធ្វើការដោះស្រាយបញ្ហានេះ ហើយយើងបានជជែកគ្នារួចហើយថា តើគោលនយោបាយនេះគួរមានទស្សនទានសំខាន់ៗអ្វីខ្លះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្ននេះ»។
លោកបញ្ជាក់ថាគោលនយោបាយជំនួយផ្នែកច្បាប់សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះនេះ ក្រុមការងារបច្ចេកទេសបានឯកភាពគ្នារួចហើយថានឹងដាក់ទៅពិភាក្សាបន្ដនៅកម្រិតថ្នាក់ដឹកនាំក្នុងពេលឆាប់ៗនាដើមអាណត្ដិទី ៦ នេះក្នុងកម្រិតរាជរដ្ឋាភិបាលដើម្បីសម្រេចតែម្ដង។
លោកបន្តថា៖ «ប៉ុន្ដែដើម្បីឲ្យវាចេញទៅជារូបរាង ទាល់តែឆ្លងកិច្ចពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំក្នុងក្របខ័ណ្ឌនយោបាយទៀត ទើបអាចចេញជារូបរាងបាន។ ប៉ុន្ដែវាចេញជារូបរាងពេលណា យើងនៅមិនទាន់អាចសន្និដ្ឋានបានទេព្រោះអាចមានការប្រែប្រួល មានការផ្លាស់ប្ដូរទៅលើទស្សនទានដែលក្រុមបច្ចេកទេសយើងបានរកឃើញនោះទៅទៀត»។
តាមលោក ជិន ម៉ាលីន ក្រសួងយុត្តិធម៌គ្រោងដំឡើងថវិកាប្រមាណ ១២០០ លានរៀលក្នុងឆ្នាំ ២០១៩ សម្រាប់គោលនយោបាយថ្នាក់ជាតិស្ដីពី «ជំនួយផ្នែកច្បាប់» ដល់ប្រជាពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុងការផ្ដល់សេវាផ្លូវច្បាប់ទៅដល់ទីជនបទ។
លោកឲ្យដឹងថា៖ «អ៊ីចឹងគណៈមេធាវីជាអ្នកចាត់តាំងមេធាវីទៅការពារក្ដីដល់ជនក្រីក្រ ចំណែកក្រសួងយុត្ដិធម៌ជាអ្នកបង់លុយឲ្យ ប៉ុន្ដែការបង់លុយនេះ មិនមែនបង់លុយទៅលើតម្លៃសេវាដែលមេធាវីគាត់គិតនោះទេ វាជាការបង់ដើម្បីដោះស្រាយសោហ៊ុយ បាយទឹក និងការធ្វើដំណើរប៉ុណ្ណោះ»។
លោកថាក្នុងចំណោមមេធាវីមានជាង ១០០០ នាក់កំពុងប្រកបរបរបច្ចុប្បន្នមានមេធាវីប្រមាណ ៥០០ នាក់បានស្ម័គ្រចិត្ដចូលរួមជាមួយការងារគម្រោងជំនួយផ្នែកច្បាប់នេះ ដែលជាការងារសង្គម ក្រសួងយុត្ដិធម៌ជាអ្នកផ្ដល់ប្រាក់ជាការលើកទឹកចិត្ដដល់ពួកគាត់។
លោកស្រី Claudia de la Fuente ប្រធានផ្នែកនីតិរដ្ឋនៃការិយាល័យឧត្តមស្នងការសិទិ្ធមនុស្ស (OHCHR) ថ្លែងថា OHCHR បានតាមដានគោលការណ៍ច្បាប់នេះតាំងពីដំណាក់កាលដំបូង ២០ ឆ្នាំមុន និងរីករាយដែលបានឃើញសេចក្ដីព្រាងគោលនយោបាយនេះកើតមានឡើងនៅកម្ពុជា។
លោកស្រីថា៖ «ខ្ញុំជឿជាក់ថាដំណើរការនៃការអនុវត្ដនៃគោលនយោបាយនេះ មានលក្ខណៈជាវិជ្ជមាន និងមានលក្ខណៈចូលរួមដែលមានការពិគ្រោះយោបល់យ៉ាងពិតប្រាកដដោយភាគីពាក់ព័ន្ធទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួម និងមានសិទ្ធិអាចលើកឡើងនូវសំឡេង មតិយោបល់ និងសំណើរបស់ខ្លួន»។
លោក Simone Pieri ប្រធានផ្នែកសហប្រតិបត្តិការសហភាពអឺរ៉ុបធ្លាប់បានថ្លែងកាលពីខែមុនថាលោកចង់ឃើញនីតិរដ្ឋ ពិសេសរចនាសម្ព័ន្ធយុត្ដិធម៌ និងលទ្ធភាពទទួលបានយុត្ដិធម៌នៅតែបន្ដទៅមុខថែមទៀតដែលលទ្ធភាពទទួលបានយុត្ដិធម៌សម្រាប់ជនក្រីក្រគឺមានភាពចាំបាច់ណាស់ដើម្បីរក្សាបាននូវសន្ដិភាពសង្គម៕