
ក្មេងៗចេញពីរៀនសាលាមតេ្តយ្យរបស់អង្គការក្រៅរដ្ឋាភិបាលមួយនៅភ្នំពេញកន្លងមក។ ផា លីណា
ភ្នំពេញៈ ក្រសួងអប់រំគ្រោងដាក់បញ្ចូលសាលាមត្តេយ្យប្រមាណ ៣០០០ ទៅ ៤០០០ ដែលស្ថិតនៅតាមសហគមន៍ និងបច្ចុប្បន្នគ្រប់គ្រងដោយក្រុមប្រឹក្សាឃុំសង្កាត់ជាមួយនឹងការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលឲ្យចូលទៅក្នុងប្រព័ន្ធសាលារដ្ឋដើម្បីធានានិរន្តរភាព។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំមុន និងដោយក្រសួងអប់រំនៅថ្ងៃទី ៣ ខែមករាឆ្នាំនេះនឹងតម្រូវឲ្យសាលាមត្តេយ្យដែលមានមូលដ្ឋាននៅក្នុងសហគមន៍បំពេញទៅតាមស្តង់ដារអប្បបរមាពីមុនត្រូវបានដាក់បញ្ចូលក្រោមក្រសួងអប់រំ។
អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន មិនអាចធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក ជិន ចាន់វាសនា នាយកប្រតិបត្តិនៃអង្គការ Education Partnership បានថ្លែងថាក្នុងចំណោមសាលាមត្តេយ្យដែលមានមូលដ្ឋាននៅតាមសហគមន៍ ក្រសួងគ្រោងបញ្ចូលប្រមាណ ៦០០ ឬប្រហែល ២០ ភាគរយនៃចំនួននោះនឹងត្រូវដាក់បញ្ចូលទៅក្នុងក្រសួងនាឆ្នាំនេះ។
ជាមួយគ្នានេះក្រសួងនឹងបង្កើនចំនួនមត្តេយ្យតាមសហគមន៍ដែលខ្លួនបញ្ចូលជារៀងរាល់ឆ្នាំផងដែរ។
អនុក្រឹត្យនេះត្រូវបានរៀបចំឡើងដើម្បីកែលម្អសមត្ថភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃមតេ្តយ្យសម្រាប់ក្មេងៗអាយុ ៣ ឆ្នាំទៅ ៦ ឆ្នាំទូទាំងប្រទេស។ នេះបើតាមច្បាប់ចម្លងនៃអនុក្រឹត្យនោះ។
បើតាម លោក ជិន ចាន់វាសនា ថវិកាសម្រាប់អង្គការក្រៅរដ្ឋាភិបាលពេលខ្លះអាចប៉ះពាល់ដល់និរន្តរភាពនៃមត្តេយ្យនៅតាមសហគមន៍ដែលពួកគេគាំទ្រ ហើយក្រុមប្រឹក្សាឃុំ-សង្កាត់អាចនឹងពិបាកជាមួយនឹងធនធានដែលនៅមានកម្រិត។
លោកបានបន្តថា៖ «សូម្បីតែឥឡូវនេះមានក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនដែលមិនបានផ្តល់អាទិភាពចំពោះការអប់រំ»។
ក្នុងអំឡុងឆ្នាំសិក្សា ២០១៥‑២០១៦ ការអប់រំថ្នាក់មត្តេយ្យក្នុងប្រទេសកម្ពុជាគឺមានចំនួន ៦៤,៧ ភាគរយ។ ទោះយ៉ាងណាក្តីមានតែ ១១ ភាគរយនៃកុមារនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលមានលទ្ធភាពទទួលបានសេវាបែបនេះ។
លោក ចាន់វាសនា បានបន្តថាក្រសួងអប់រំគ្រោងសម្រេចឲ្យបាននូវគោលដៅចុះឈ្មោះឲ្យបានមួយរយភាគរយចំពោះកុមារអាយុ ៥ ឆ្នាំត្រឹមឆ្នាំ ២០៣០។
ក្រសួងក៏សង្ឃឹមថានឹងសម្រេចឲ្យបានគោលដៅស្រដៀងគ្នាសម្រាប់កុមារអាយុ ៣ ឆ្នាំ និង ៤ ឆ្នាំនៅពេលក្រោយទៀត។
លោក រម៉ាម សុខុន មេឃុំស៊ើង ស្រុកបកែវ ខេត្តរតនាគិរី បានថ្លែងថាឃុំរបស់លោកមានមត្តេយ្យចំនួន ៤។
លោកថ្លែងបន្តថា៖ «សាលា ៣ គ្រប់គ្រងដោយឃុំ និងមួយទៀតគ្រប់គ្រងដោយអង្គការ Plan International»។
លោក សុខុន បានថ្លែងថាលោកបានឮថាបន្ទាប់ពីមត្តេយ្យត្រូវដាក់បញ្ចូលទៅក្នុងប្រព័ន្ធសាលារដ្ឋប្រាក់ខែរបស់គ្រូនឹងកើនឡើងផងដែរហើយលោកថា វាជាភាពវិជ្ជមានពីព្រោះវាជួយកែលម្អគុណភាពអប់រំ។
លោកបានថ្លែងបន្តថា៖ «ក្នុងមួយខែយើងចំណាយ ៣០០០០០ រៀល [៧៥ ដុល្លារ] សម្រាប់ប្រាក់ខែគ្រូ។ ប៉ុន្តែខ្ញុំឮថា [ឆ្នាំនេះ] ពួកគេនឹងចំណាយ ៦០០០០០ រៀល [១៥០ ដុល្លារ]»។
លោក ចាន់វាសនា បានថ្លែងថាក្រសួងមិនទាន់បានបង្ហាញថវិកាសម្រាប់ការដាក់បញ្ចូលសាលា ៦០០ នាឆ្នាំនេះនៅឡើយទេ ហើយក៏មិនមានក្របខ័ណ្ឌពេលវេលាច្បាស់លាស់សម្រាប់ការបញ្ចប់ការបញ្ចូលសាលាមត្តេយ្យទាំងអស់ដែរ។ ទោះយ៉ាងណាក្តីលោកបានបន្ថែមថាសាលាមតេ្តយ្យនឹងត្រូវ «បង្កើនសមត្ថភាព» ដើម្បីឲ្យក្រសួងបញ្ចូលពួកគេ» ទៅក្នុងប្រព័ន្ធសាលារដ្ឋនេះ៕ PS