ភ្នំពេញៈ ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​គ្រោង​នឹង​ពន្យារពេល​ថ្ងៃ​ឱសាន​វាទ ​សម្រា​ប់​ចូល​រៀន​ច្បាប់​ចរាចរណ៍​ និ​ង​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ ដល់​ក្រុម​អ្នក​បើកបរ​ម៉ូតូស​ណ្ដោង​រ៉ឺម៉ក ​និងម៉ូតូ​កង់​ ៣ រហូត​ដល់​ជា​​ង​​ពាក់​កណ្ដាល​ខែ​សីហា ២០​១​​៩​ ដើម្បី​ផ្ដល់​ឱកាសឲ្យ​ពួក​គេ​បាន​ចូល​រៀន​​ឲ្យ​បាន​គ្រប់គ្នា។​

លោក ឈួន វ៉ន់ អគ្គ​នា​យក ​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​​គោកនៃ​ក្រសួង​សាធារ​ណការ និង​ដឹក​ជញ្ជូន ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ ​កាល​ពីម្សិល​មិញ​​ថា គម្រោង​ពន្យា​រពេល​ដាក់ឱសាន​វាទ សម្រាប់​ការចាត់វិធាន​ការ​ផាក​ពិន័យ​អ្នក​បើកបរម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ និងត្រី​ចក្រ​យាន​យន្ត​គ្រប់​ប្រភេទ ដែល​មិន​​ទាន់​មាន​ប័ណ្ណ​បើកបរ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​បើក​​បរ​​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ និងត្រី​ចក្រ​​យាន​យន្ត​ភាគ​ច្រើន ​បាន​ត្អូញ​​ត្អែរ​អំពីការលំបាក​ក្នុងការ​ចូល​រួម​ប្រឡង​យក​ប័ណ្ណបើក​បរ ដោយ​សារ​តែមិន​ចេះ​អក្សរ និង​សូម​ឲ្យក្រសួង​ មន្ទីរ​ពាក់​ព័ន្ធ​ ជួយ​អន្តរា​គមន៍​ ធ្វើ​យ៉ាងណា​រៀបចំ​មេរៀន​សម្រាប់​ប្រឡង​លើវិញ្ញាសា​ទ្រឹស្ដី​ ទាក់​ទង​ច្បាប់​ និង​ស្លាក​សញ្ញា​ចរាច​រណ៍ ឲ្យមាន​លក្ខណៈ​ងាយ​ស្រួល ​ដល់​ពួកគាត់។

លោក វ៉ន់ ថ្លែង​ថា​៖ «នៅ​ពេល​នេះ ក្រសួង​បាន​រៀបចំ​មេរៀន​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ទ្រឹស្តី​នៃវិធាន​បើកបរ​ ដោ​យ​ដាក់​បញ្ចូល​នូវ​មាត្រា​សំខាន់ៗ​ នៃច្បាប់​ចរាចរណ៍ ​និង​មាន​ដាក់​បញ្ចូល​នូវ​គំនូស និង​ស្លាក​សញ្ញា​ចរាចរណ៍​ ដើម្បី​ឲ្យពួក​គាត់​ងាយ​យល់​ និង​ងាយ​ចងចាំ»។

លោក​បន្ត​ថា​ កាល​ពីថ្ងៃ​ទី ១៧​ ខែ​ ឧសភា ​ក្រសួងបាន​ផ្ដល់​សៀវ​ភៅមេរៀន​ទាំង​នោះ ​​ទៅឲ្យមន្ទីរ​សាធា​រណការ និង​ដឹក​ជញ្ជូន​ និង​អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់ ​នៅ​គ្រប់​តាម​បណ្ដា​រាជ​ធានី​-ខេត្ត​ ទូទាំង​ប្រទេស​យក​ទៅ​បង្រៀន​ពួក​គាត់ដោ​យ​​​រំពឹង​ថា ​ពួក​គាត់​នឹង​ចូល​រួម​រៀន​សូត្រ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ទាំង​អស់​គ្នា។ ​

កាលពី​ថ្ងៃទី ​៩ ខែ ​មេសា ឆ្នាំ ២០១៩ លោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធា​រណការ ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ទុក​រយៈ​ពេល​ ៣ ​ខែ ដោយដាក់​ឱសានវាទត្រឹមថ្ងៃទី ៩ ខែ​ កក្កដា ​ឆ្នាំ ២០១៩ ​សម្រាប់​អ្នក​បើក​បរ​ម៉ូតូ​កង់​ ៣ ទាំង​អស់​​ទៅ​រៀន​បើក​បរ និងច្បាប់​ចរាចរណ៍ ដើម្បីប្រឡង​យក​ប័ណ្ណបើក​បរ​ម៉ូតូ​កង់​ ៣ ដោយ​​លោក​លើក​ឡើង​​ថា ​៩៨ ភាគ​រយ​ នៃ​អ្នក​បើក​ម៉ូតូ​កង់​ ៣ គឺ​ «ខ្វះការយល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍ និង​គ្មាន​ប័ណ្ណ​បើកបរ»។

លោកបាន​ព្រមាន​ថា ផុត​ថ្ងៃ​ឱសាន​វាទ (ថ្ងៃទី ៩ ខែ កក្កដា​ ២០១៩)​ នេះ​ទៅ ​ក្រសួង​នឹង​ចាប់​ផ្ដើម​រឹត​បន្តឹងការ​អនុ​វត្ត​ច្បាប់​ ចាប់​ផាក​ពិន័យ​ដោយ​បង្ខំ និងដោយ​គ្មាន​ការលើកលែង​ជា​ដាច់​ខាត ចំពោះ​អ្នក​បើក​បរ​ម៉ូតូ​កង់ ៣ ទាំង​ឡាយ​ណា​ដែល​គ្មាន​ប័ណ្ណ​បើកបរ។

បន្ទាប់ពី​មាន​ការ​ប្រកាស​នោះ​ បាន​ ២​ សប្ដាហ៍​ ក្រុម​អ្នក​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ និង​ត្រីចក្រយាន​យន្ត​ជាង ៣ ០០០ ​នាក់​ នៅ​ទូទាំង​ប្រទេស​ បាន​​ចូល​រៀ​ន​ច្បាប់​ចរា​ចរណ៍ហើយ​សិក្ខា​កា​ម​ជាង ​១ ០០០​ នាក់ ​​ក្នុង​ចំណោម​អ្នក​ទាំង​នោះ បាន​ប្រឡង​ជាប់​និង​ទទួល​បាន​ប័ណ្ណ​បើក​បរ​ម៉ូតូ​កង់​ ៣ ​ពីស្ថាប័ន​ជំនាញ។

ទោះជា​បែបណា​ចំនួ​ន​នេះ​ នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ​បើ​ប្រៀប​ធៀបទៅ​នឹង​ចំនួន​អ្នក​ប្រើប្រាស់​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ និងត្រីចក្រ​​​យាន​យន្តនៅ​លើដង​ផ្លូវ​សា​ធា​រណៈ ដែល​ក្រសួង​បាន​ឲ្យ​ដឹង​ថា​ មាន​រហូត​ដល់​ជាង ៣០ ០០០​ គ្រឿង។

អ្នក​បើកបរ​ត្រីចក្រ​យាន​យន្ត (Tuk Tuk) ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​នៅ​មិន​ទាន់​ទទួល​ប័ណ្ណ​បើកបរ​រាប់​ម៉ឺន​នាក់​ទៀត លោក ស៊ុន នី អាយុ ​៤៥​ ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ​ បាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា លោក​បាន​​ទៅ​ចុះ​ឈ្មោះចូល​រៀន​ច្បាប់​ចរាចរណ៍​ម្ដង​រួច​មក​ហើយ​កាល​ពីខែមុន​ ប៉ុន្តែ​លោក​មិន​បាន​ចុះឈ្មោះ​ចូល​រួម​ការ​ប្រឡង​យក​ប័ណ្ណ​​បើកបរ​នោះ​ទេដោយ​សារ​តែ​លោក​មិន​ចេះ​អក្សរ។

លោក ស៊ុន នី បាន​និយាយ​ថា​៖ «ខ្ញុំពិតជាចង់​ចូលរួមប្រឡង​យ​កប័ណ្ណ​បើកបរ​ត្រីចក្រ​យានយន្ត ឬ Tuk Tuk ណា​ស់ ព្រោះ​ខ្ញុំ​ជាអ្នក​រក​ស៊ី​លើ​វិស័យ​ដឹក​ជញ្ជូន​នេះ។ ប៉ុន្តែ​ខ្ញុំ​មិន​​ចេះ​អក្សរ ដែល​មិន​អាច​ចូលរួម​ប្រឡង​លើ​វិញ្ញាសា​ទ្រឹស្តី​បាន។ ខ្ញុំចង់​ឲ្យ​មានការ​សម្រប​សម្រួល​សម្រាប់​អ្នក​មិន​ចេះ​អក្សរ បាន​ចូលរួម​ប្រឡង​យក​ប័ណ្ណ​​បើកបរ ​ដូច​អ្នក​ដទៃ​ទៀត​បាន»។

បើតាម លោក ឈួន វ៉ន់ កម្មវិ​ធី​មេរៀនសម្រាប់​ការ​បណ្ដុះបណ្ដាល និងសម្រាប់​ការ​ប្រឡ​ង​​លើវិញ្ញាសាទ្រឹ​ស្ដី​ថ្មី​នេះ មាន​បញ្ចូល​សំឡេង​សម្រាប់​ជា​ជំនួយ​ដល់​អ្នកដែល​មិនចេះ​អក្សរ អាច​ឆ្លើយ​បាន ដោយគ្រាន់​តែពិនិត្យ​ទៅ​លើ​ស្លាក​សញ្ញា ឬ​គំនូស​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​ច្បាស់ ដើម្បី​គូស​ទៅ​ក្នុង​ប្រអប់​ចម្លើយ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ការ​ស្រេច។

ដោយ​ផ្អែក​តាម​កម្មវិធី​ថ្មី​នេះ លោក ឃួង ស្រេង អភិបា​ល​​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី​ ១៦ ខែ ឧសភា បាន​ចេញ​​សេច​ក្ដី​​ជូន​ដំណឹង​មួយ ​ស្ដី​ពី​​ការ​​បន្​ត​បើក​​វគ្​គ​បណ្ដុះ​បណ្ដាល​ច្បាប់​ចរាចរណ៍ ផ្លូវគោក ចំនួន​ ៣ ខែ​បន្ថែមទៀតដល់​អ្នកបើកបរ​ម៉ូ​តូ​សណ្ដោងរ៉ឺម៉ក ត្រីចក្រ​យាន​យន្ត និងទោចក្រ​យានយន្ត ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ១២៥ CC ឡើង​ទៅឬម៉ូតូដែ​ល​ប្រើថាម​ពល​អគ្គិសនី​លើសពី​ ១១KW ដើម្បីឲ្យពួកគេ​បាន​ចូល​រួមរៀន​ប្រឡង​យក​ប័ណ្ណ​បើកបរ​​ឲ្យ​បាន​គ្រប់គ្នា។

យោង​តាមលិខិត​ជូន​ដំណឹ​ងនោះ ​មន្ទីរ​សាធា​រណការ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញបា​ន​បើកវគ្គ បណ្ដុះ បណ្ដាល​ចំនួន ៩ វគ្គ​រួចមក​ហើយ និងមាន​សិក្ខា​កាមចូលរួមសរុប ៦ ៤៣​៥​ នាក់​ស្មើនឹង ៣០ ភាគ​​រយ ​នៃ​ចំនួន​អ្នកបើ​កបរ​ត្រី​ច​ក្រ​យានយន្ត ​ក្នុង​រាជធានី​ភ្នំពេញ៕