សហគមន៍​ព្រៃ​ឡង់: ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន ៤ បាន​រួម​គ្នា​បង្ហាញ​របាយ​ការណ៍​កាប់​បំផ្លាញ​ព្រៃឈើ​កាល​ពី​ដើម​ខែ​មករា​បាន​ឲ្យ​ដឹង​ថា គល់​ឈើ​ដែល​គេ​កាត់​រួច​ចំនួន ៤១ ភាគរយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ទាំង​មូល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ។

ប៉ុន្តែ​អ្នក​នាំពាក្យ​នៃ​ក្រសួង​បរិស្ថាន​បាន​ចាត់​ទុក​របាយ​ការណ៍​នេះ​ជា​ការ​បំពុល​ព័ត៌មាន​ក្រោម​ការ​រៀបចំ​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន។

យោងតាម​សេចក្ដីថ្លែងការណ៍​អំពី​របាយការណ៍​ឃ្លាំមើល​ពី​បច្ចុប្បន្នភាព​ព្រៃ​ឡង់​លើក​ទី ៧ ដែល​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​ប្រមូល​ទិន្នន័យ​ពី​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​និង​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ព្រៃ​ឡង់​ដោយ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​វៃ​ឆ្លាត​ដែល​ហៅថា ព្រៃឡង់​អេប​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​មាន​ចំនួន ៩៩ ភាគរយ​នៃ​សកម្មភាព​ទាំង​អស់ ក្នុង​នោះ​គេ​ឃើញ​គល់​ឈើ​ដែល​កាត់​រួច​ចំនួន ៤១ ភាគរយ និង​គំនរ​ឈើ​ត្រូវ​បាន​ជន​ល្មើស​ប្រមូល​យក​ចេញ និង​ការ​ដឹក​ជញ្ជូន​មាន​ចំនួន ២៤ ភាគរយ​នៃ​ទិន្នន័យ​សរុប ខណៈ​តំបន់​ដែល​បាន​កាប់​ឆ្ការ​មាន​ចំនួន ១១ ភាគរយ​នៃ​ទិន្នន័យ​សរុប។

របាយការណ៍​របស់​ស​មក​ម្មជន​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ប្រមូល​ចេញពី​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​ក្រចេះ កំពង់ធំ ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។

របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើត​មាន និង​មាន​ការ​កើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​តម្រូវ​ឱ្យ​សហគមន៍​សុំច្បាប់​អនុញ្ញាត​មុន​នឹង​ចុះ​ល្បាត ខណៈ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​អាច​ចូល​ព្រៃ​កាប់​ឈើ​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត និង​ផ្លូវ​ជាច្រើន​ដែល​ជា​កត្តា​ជំរុញ​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​បាត់បង់​ជម្រក​សត្វ​និង​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ។

សេចក្ដីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា៖ «ការកាប់​ឈើ​ខុសច្បាប់​កំពុង​កើត​ឡើង​ក្នុង​អត្រា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃឡង់ និង​ទេសភាព​ជុំវិញ»។

លោក ហឿន សុភាព សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់ធំ​បាន​ថ្លែង​ថា របាយ​ការណ៍​នេះ ត្រូវ​បាន​ក្រុម​បណ្ដាញ​សកម្មជន​ព្រៃឡង់​ទាំង ៤ ខេត្ត​រាយ​ការណ៍​មក​ពី​ខេត្ត​នីមួយៗ តាមរយៈ​ការចុះ​ល្បាត​ផ្ទាល់ ហើយ​ពួក​គាត់​បាន​កត់​ត្រា​ទុក​សម្រាប់​បូក​សរុប​រាល់ ២ ឆ្នាំ​ម្ដង​ឬ ១ ឆ្នាំ​ម្ដង។

លោក​អះអាងថា នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​បណ្ដាញ​សហគម​ន៍​ព្រៃ​ឡង់ និង​សាកល​វិទ្យាល័យ ខូប​ផែន​ហាហ្គែន​បាន​សហការ​គ្នា​បង្កើត​អែប (App) ដើម្បី​ប្រមូល​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ការ​បរបាញ់​សត្វ​ព្រៃ និង​ការ​កាប់​ឆ្ការ​ទន្ទ្រាន​ដីព្រៃ។

លោក ឯក សុ​វណ្ណា សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ​បាន​ថ្លែង​ថា ក្រៅ​ពី​ដើម​ឈើ​ប្រណីត​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ ក្នុង​នោះ​ដើម​ច្បោះ​ជ័រ ក៏មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវភាព​រស់​នៅ​របស់​សមាជិក​សហគមន៍​នៅ​ក្នុង​តំបន់​ខេត្ត​ក្រចេះ។

លោកស្រី ថី សមាជិក​គណៈកម្មការ​សម្របសម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ថ្លែង​ដោយ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ភាព​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់។

លោក​ថ្លែងថា៖ «យើង​ឃើញ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ដែល​អ្នក​កាប់​ឈើ​ខុសច្បាប់​បាន​កាប់​ដើម​ឈើ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ប៉ុន្តែ​ពួកគេ​មិន​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​អាជ្ញាធរ​ទេ។ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ធានា​ថា​អ្នក​កាប់​ឈើ​ខុស​ច្បាប់​នា​ពេល​អនាគត ត្រូវ​បាន​គេ​ដាក់​ទោស​ទណ្ឌ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ»។

លោក ខេង ខូ សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ក៏បាន​បង្ហាញ​ផង​ដែរ​ពី​កង្វល់ ចំពោះ​ស្ថានភាព​ការ​កាប់​ឈើ​នៅ​តែ​បន្ត​កើត​មាន​ព្រោះ​តែ​មាន​ផ្លូវ​ខ្វាត់​ខ្វែង​ជាច្រើន​បាន​សម្រួល​ដល់​ការ​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់ និង​មន្ត្រី​បើក​ដៃ​ឱ្យ​អ្នក​កាប់​ឈើ និង​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​កាប់​និង​ដឹក​ឈើ​ទាំង​នោះ និង​ឃុប​ឃិត​គ្នា​លក់​ដី​ព្រៃ​ផង​ដែរ។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​និង​កំពុង​បំពុល​ព័ត៌មាន​ក្រោម​ការ​រៀបចំ​របស់​អង្គការ​អន្តរជាតិ​ខ្លះ ដើម្បី​គ្រាន់​តែ​ស្វះ​ស្វែងរក​មូលនិធិ​បន្ត​គម្រោង​របស់​ខ្លួន និង​រក​ការងារ​ឱ្យ​ខ្លួន​ឯង​សម្រាប់​ឆ្នាំ ២០១៩ នេះ​តែ​ប៉ុណ្ណោះ។ ពួកគេ​បាន​យក​ទិន្នន័យ​ចាស់​មក​ធ្វើ​ជា​បច្ចុប្បន្ន​ភាព​និង​យក​តែ​ចំណុច​អវិជ្ជមាន​មក​ធ្វើ​ជា​របាយ​ការណ៍​វាយ​តម្លៃ​ទូទៅ​លើ​ស្ថានភាព​ព្រៃឡង់​ទាំង​មូល ក្នុង​ចេតនា​ទុច្ចរិត​មួយ​ដើម្បី​បំផ្លាញ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​រាជ​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​បរិស្ថាន​ជុំវិញ​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​ខ្ចីដៃ​បណ្តាញ​សហគមន៍​ព្រៃឡង់​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន​គឺ​ការ​បន្ត​ទទួល​បាន​នូវ​ការ​គាំទ្រ​ផ្នែក​ថវិកា​សម្រាប់​អង្គការ​របស់​ខ្លួន។ នេះ​គឺជា​ការ​ជួយ​ដោយ​មិន​ស្មោះ​ត្រង់ និង​បង្កប់​ដោយ​ភាព​ពិស​ពុល​ផ្នែក​នយោបាយ។

លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងបរិស្ថាន​បាន​ចាត់​វិធានការ​យ៉ាង​តឹង​រ៊ឹង​បំផុត​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ ហើយ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ត្រូវ​បាន​ការពារ​នៅ​ឆ្នាំ ២០១៨ បទ​ល្មើស​ព្រៃឈើ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ៣០ ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧។

លោក ភក្ត្រា ថ្លែងថា៖ «សមត្ថកិច្ច​របស់​ក្រសួងបរិស្ថាន​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ទាំង ៤ ខេត្ត រួម​មាន​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ធំ បាន​ផ្តល់​កិច្ច​សហការ​ជាមួយ​បណ្តាញ​ព្រៃឡង់ ដើម្បី​ដើរ​ល្បាត​រួម​គ្នា​ព្រមទាំង​ជួយ​សម្រួល​ដល់​ការ​លំបាក និង​ការពារ​សុវត្ថិភាព​ជូន​ដល់​ពួក​គាត់​ទៀត​ផង នៅ​អំឡុង​ពេល​ល្បាត​ព្រោះ​ពេល​ខ្លះ ជន​ល្មើស​មាន​ប្រើ​ប្រាស់​អាវុធ»។

លោក​បន្ថែមថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ឃើញ​ផ្លូវ​ជាច្រើន​នៅក្នុង​តំបន់​នោះ គ្រាន់​តែ​ជា​ទស្សនៈ​ចង្អៀត​ចង្អល់​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ។ រាជ​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​ពិត​ជា​បាន​យល់​ច្បាស់​រវាង​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ ហើយ​ក្រសួង​បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កម្ពុជា​មាន​ឱ្យ​បាន​គង់​វង្ស​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់។

តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦ រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ដែន​ជម្រ​កសត្វ​ព្រៃ “ព្រៃ​ឡង់” ចំនួន ៤៣១- ៦៨៣ ហិកតា ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី៕