ភ្នំពេញៈ ក្រសួងការបរទេស បានចាត់ទុក​ការងារ​ឆ្នាំ ២០១៨ គឺជា​ឆ្នាំ​ដែល​កម្ពុជា បាន ធ្វើការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​តបត​ទៅ​នឹង​ការ​គំរាម​កំហែង​លើ​ឯករាជ​ភាព និង​អធិបតេយ្យ​ភាព​របស់​ខ្លួន តាមរយៈ​ការ​ប៉ុន​ប៉ង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា និង​ការបន្ត​អនុវត្ត​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។ នេះ បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ការបរទេស ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។

ឆ្លើយតប​នឹង​សភាពការណ៍​នេះ ក្រសួងការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​របាយ​ការណ៍ បាន​បញ្ជាក់​ថា ខ្លួន​បាន​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ពហុភាគី ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ អធិបតេយ្យ​ភាព ឯករាជ​ភាព បូរណភាព​ដែនដី​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

បង្កើន​យុទ្ធនាការ​បកស្រាយ​បំភ្លឺ តាមរយៈ​ការជួប​សន្ទនា​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ជាមួយ​ឥស្សរជន​បរទេស សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ការ​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​នូវ​ឯកសារ​ប្រាប់​ពី​ការពិត សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង និង​ឯកសារ​ផ្សេងៗ​ទៀត។

ក្រសួងការបរទេស បញ្ជាក់​ទៀត​ថា ខ្លួន​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​ជិតខាង​ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ ដែលនៅ​សេស​សល់​ដោយ​សន្តិវិធី ​ឈរ​លើ​មូលដ្ឋាន​នៃការ​មិនកែប្រែ​ខ្សែ​ព្រំដែន​ ក្រោយ​ទទួល​ឯករាជ្យ​ពី​អាណានិគម​ និង​ដើម្បី​ប្រែក្លាយ​តំ​បន់​ព្រំដែន​ឲ្យទៅ​ជាតំបន់​សន្តិភាព ​មិត្តភាព ​កិច្ច​សហ​ប្រតិបតិ្តការ​ និង​ការ​អភិវឌ្ឍ។

ក្រសួង​ក៏បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ និង​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រជាពលរដ្ឋ​ខ្មែរ​ ជាពិសេស​ពលករ ពលការិនី​ខ្មែរ ​ដែល​រងគ្រោះ​ពីការ​រំលោភ​បំពាន​នៅ​បរទេស​ចំនួន​ ៨ ៤៨៩ ​នាក់។ ក្រសួង​ការបរទេស​ ​ក៏បាន​បង្ហាញ​ពី​ឯកសារ​ប្រាប់​ពី​ការពិត ​ភាគ ២​ ស្តីពី​ «កម្ពុជា​៖ ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​ជា​អាទិភាព​» ក្នុង​គោលដៅ​បញ្ជាក់​ពី​សោក​នាដកម្ម​ ការបំផ្លិច​បំផ្លាញ ​និង​សង្គ្រាម​អូសបន្លាយ​នៅ​កម្ពុជា ​ដែលបង្ក​ឡើង​ដោយ​ការជ្រៀតជ្រែក​ពី​បរទេស​ក្នុង​អតីតកាល ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កសាង​ជាតិ ​ក៏​ដូចជា​ទប់​ស្កាត់​មិន​ឲ្យ​​ប្រវត្តិសាស្ត្រ​ដ៏ឈឺចាប់​ដដែល​នេះ​កើត​ឡើង​ជាថ្មី។

ឯក​សារនេះ​មានគោលដៅ​អំពាវ​នាវ​ផងដែរ​ឲ្យ​បស្ចិម​លោក​ចៀសវាង​ការប្រព្រឹត្ត​កំហុស​ដូច​កន្លងមក​ ដែល​បាន​ធ្វើឲ្យ​កម្ពុជា​ធ្លាក់​នៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ​និង​រង​ទុក្ខ​វេទនា​ក្រោម​សម្ពាធ​ទណ្ឌកម្ម​ដ៏​អយុត្តិធម៌​រហូត​ដល់​ចុង​ទសវត្សរ៍ ១៩៨០។

តាមរយៈ​ឯកសារនេះ​ ក្រសួង​ការបរទេស​គូស​បញ្ជាក់ថា​ ការយក​ទម្រង់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ជឿនលឿន​មក​អនុវត្ត​ទាំង​ស្រុង​ក្នុងរដ្ឋ​អធិបតេយ្យ​មួយ​ ដោយមិន​បាន​គិត​ពី​បរិបទ​ដោយឡែក ​និង​ភាព​ជាក់ស្តែង​នៃ​រដ្ឋនោះ ​មិនត្រឹមតែ​មិនបាន​ជោគជ័យ​ទេ ​តែវា​ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ដល់​ស្ថិរភាព​នយោបាយ ​សណ្តាប់​ធ្នាប់​សង្គម ​និង​សន្តិភាព​ ដូច​ដែល​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​មក​ហើយ។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​ឯកសារ​ថា​៖ «កម្ពុជា​បានមើល​ឃើញ​ពី​ការបន្ត​ប៉ុនប៉ង​ជំរុញ​ឥត​ឈប់ឈរ​នូវ​ចលនា​បដិវត្ត​ន៍ទាមទារ​ការផ្លាស់​ប្តូរ​ក្រោម​លេស​ លទ្ធិ​ប្រជាធិបតេយ្យនិង​សិទ្ធិ​មនុស្ស ​តាម​រយៈ​ការលូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ពីសំណាក់​បរទេស​ ដែល​គោលដៅ​ពិត ​គឺ​ដើម្បី​តែ​សម្រេច​បាន​នូវ​មហិច្ឆតា​ពង្រីក​ភូមិ​សាស្ត្រ​នយោបាយ​របស់​គេ ​ដោយ​មិនគិត​ពី​ផល​ប៉ះពាល់ ​និង​ការរង​គ្រោះ​របស់​ប្រជាជន​កម្ពុជា​ឡើយ»។

ក្រសួង​បរទេស​សង្កត់ធ្ងន់​ថា​៖ «​ខណៈ​ដែល​ប្រជាជន​កម្ពុជា​កំពុង​រីក​រាយ​នឹង​ជីវភាព​រស់នៅ​ ក្នុង​សន្តិភាព​ពេញលេញ​ និង​​សម្រេច​បាន​សមិទ្ធផលនិង​ការរីកចម្រើន​យ៉ាង​ធំធេង ​រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ដាច់ខាត​ការពារ​ឯករាជ្យ ​និង​អធិបតេយ្យភាព​ រក្សា​ឲ្យបាន​ដាច់ខាត​ទោះជា​ក្នុង​តម្លៃ​ណា​ក៏ដោយ​នូវ​សន្តិភាព ​ស្ថិរភាព​និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ដើម្បី​ឲ្យ​កម្ពុជា​កាន់​តែ​មាន​វិបុលភាព​​រឹងមាំ​ខ្លាំង​ឡើង»។

ចំណុច​ទាំងអស់​ខាងលើ​នេះ ​គឺជា​ការងារ​ធំ​ទី១ ​ក្នុង​ចំណោម​ការងារ​ធំៗ​ទាំង ៥ របស់​ក្រសួង​ការបរទេស ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ​២០១៨។ ការងារ​ធំៗ​ ៤ ទៀត ​ដែលជា​ផ្លែផ្កា​របស់​ក្រសួង​នោះ ​រួមមាន​ ការងារ​ទី២ គឺ​ការអនុវត្ត​នូវ​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​ភាព​បត់បែន​ វាងវៃ ​តបទៅ​នឹង​សម្ពាធ​ភូមិសាស្រ្ត​នយោបាយ។

ការងារ​ទី៣ ​គឺការ​អនុវត្ត​ការងារ​ការទូត ​សេដ្ឋកិច្ច ​និង​វប្បធម៌ ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ជាតិ។ ការងារ​ទី៤ ​គឺការ​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត ​ដល់​បុព្វហេតុ​សន្តិ​ភាព ​ស្ថិរភាព ​និង​ការប្រយុទ្ធ​នឹង​ការ​ប្រឈម​​នានា​នៃ​ពិភពលោក ​និង​ការងារ​ទី៥ ​គឺការ​បន្ត​ការដ្ឋាន​កំណែ​ទម្រង់​ស្ថាប័ន​នៅ​ក្នុង​ក្រសួង​ដើម្បី​រៀបចំ​អង្គ​អ្នក​ការទូត​ប្រកប​ដោយ​វិជ្ជាជីវៈ​ ស្នេហា​ជាតិ ​សកម្ម​និង​មាន​សមត្ថភាព។

របាយ​ការណ៍បញ្ជាក់ថា ​ការងារ​គន្លឹះ​ធំៗ​ទាំង ៥ ​ដែលដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​សហប្រតិបតិ្តការ​ អន្តរជាតិ ​លោក​ ប្រាក់ សុខុន ​គឺបាន​ត្រួសត្រាយ​រៀបចំ​ជាផែនទី​បង្ហាញ​ផ្លូវ​ក្នុង​ការអនុវត្ត​នៅលើ​សមរ​ភូមិ​ការទូត ​ត្រូវបាន​យក​មក​អនុវត្ត​ប្រកប​ដោយ​ស្មារតី​ច្នៃ​ប្រឌិត​ ទទួល​ខុស​ត្រូវ​ខ្ពស់ ​និង​ទទួល​បាន​លទ្ធផល​ជាទី​មោទនៈ។

របាយ​ការណ៍នេះ ​ក៏បាន​រំលេច​ពី​កិច្ចខិតខំ​ប្រឹងប្រែង ​និង​សមិទ្ធផល​សំខាន់ៗ ​ដែលសម្រេចបាន​នៅ​ឆ្នាំ ២០១៨ ​ក្នុង​ការអនុ​វត្ត​គោល​នយោបាយ​ការបរទេស​ប្រកប​ដោយ​ភាពបត់បែន​ វាងវៃ ​តបទៅ​នឹង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ ​និង​ការប្រកួត​ប្រ​ជែង​ដ៏តានតឹង​របស់​មហា​អំណាច​នានា​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​​អព្យាក្រឹត្យ ​មិនចូល​បក្ស​សម្ព័ន្ធ​ សន្តិ​សហ​វិជ្ជមាន​ និង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ដទៃ។

តាម​របាយការណ៍​បង្ហាញថា ​ក្រសួង​ការបរទេស ​មាន​ផែនការ​ និង​ទិសដៅ​ អនុវត្ត​ការទូត​សេដ្ឋកិច្ច ​និង​វប្បធម៌​ ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​កម្ពុជា ​ជាមួយ​សហគមន៍​អន្តរជាតិ ​សំដៅ​ជំរុញ​ការផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍ ​និង​បង្កើន​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​បុព្វហេតុ​សន្តិភាព​ និង​វិបុលភាព​ពិភពលោក។

លោក​ គិន​ ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ថ្លែង​ថា ​ប្រទេស​មហា​អំណាច​​កំពុង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​តូចៗ​រួម​មាន​ទាំង​កម្ពុជា​ផង។

លោក​លើក​ឡើង​ជា​ឧទាហរណ៍​ថា​ អាមេរិក​បានព្យាយាម​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​នយោបាយ​កម្ពុជា​តាម​រយៈ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រឿង​ដោះ​លែង​អ្នក​នយោបាយ​ ឬ​ឲ្យ​កម្ពុជា​ធ្វើ​អ្វី​មួយ ​ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។ លោក​បន្ថែមថា​ ការ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង ​១ ​ទៀត​គឺ​ពី​សំណាក់​សហភាព​អឺរ៉ុប​តាម​រយៈ​ការ​ដាក់​លក្ខខណ្ឌ​​​​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA។

លោក​ថា​៖ «នៅ​ក្នុង​នីតិវិធី​សិក្សា​ឈាន​ទៅ​ដល់​ការ​ផ្អាក​ EBA ពី​កម្ពុជា​មាន​​លក្ខ​ខណ្ឌ​ជា​ច្រើន​ដែល​លក្ខខណ្ឌ​ទាំង​នោះ​មាន​លក្ខណៈ​ជ្រៀត​ជ្រែក​ឬ​បំពាន​លើ​អធិបតេយ្យ​នៃ​រដ្ឋ​ឯករាជ្យ​មួយ​ដែល​មាន​លក្ខណៈ​ជា​ការ​បង្គាប់​​បញ្ជា​ ហាក់​បី​ដូច​ជា​គាត់​ជា​ម្ចាស់​អាណា​និគម ​ហើយ​បង្គាប់​ឲ្យ​ប្រទេស​ក្រោម​អាណា​និគម​របស់​ខ្លួន​ធ្វើ​នេះ​ធ្វើ​នោះ​ទៅតាម​របៀប​វារៈ ឬ​គោលដៅ​នយោបាយ​របស់​ខ្លួន»។

ប៉ុន្តែ​លោក​មាស នី​ អ្នក​វិភាគ​ពី​បញ្ហា​សង្គម​ និង​នយោបាយ​ មិន​ចាត់ទុក​ការលើកឡើង​របស់​បរទេស​ពាក់ព័ន្ធ​នឹង​សភាព​ការណ៍​បច្ចុប្បន្ន​ជាការ​ជ្រៀត​ជ្រែក​នោះទេ​ ដោយសារថា​ កិច្ចព្រមព្រៀង​នោះ​ហើយ ​ដែលធ្វើឲ្យ​ប្រទេស​ហត្ថលេខី​មាន​សិទ្ធិ​និយាយ​ ដូច្នេះមិនមែន​ជាការលូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ទេ។

លោក​ថ្លែង​ថា​ ភាព​ស្មុគ​ស្មាញ​សម្រាប់​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​មិន​មែន​ជា​រឿង​ពិបាក​យល់​ទេ។ បើ​រដ្ឋាភិបាល​បាន​សម្រេច​ដើរ​លើ​ផ្លូវ​ប្រជាធិប​តេយ្យ ​ប្រៀប​ដូច​ជា​កម្ពុជា​អូស​រទេះ​ចុះ​ភ្នំប៉ុន្តែ​ការ​សម្រេច​​ចិត្ត​របស់​រដ្ឋាភិបាល​​កន្លង​ទៅ​រួមមាន​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ធ្វើ​ឲ្យ​រដ្ឋាភិ​បាល​ធ្វើ​ដំណើរ​លើ​ផ្លូវ​លំបាក​ដូច​អូស​រទេះ​ឡើង​ភ្នំ។

លោក​ថ្លែងថា​៖ «យើង​ដឹង​ហើយ​ថា ​កម្ពុជា​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​បន្ត​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ ​អ៊ីចឹង​ដំណើរ​ការ​នៅ​កម្ពុជា​ខុស​ពី​ប្រទេស​ដទៃ​ដូច​រដ្ឋាភិបាល​បាន​ប្រៀប​ធៀប​ជាមួយ​សិង្ហបុរី​ វៀតណាម​ ឡាវ។ កម្ពុជា​មិន​ដូច​ប្រទេស​ទាំង ៣ ​ទេ​ដោយ​សារ​តែ​យើង​បាន​ចុះ​ហត្ថលេខាហើយ​ទទួល​បាន​សន្តិភាព​តាមរយៈ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស»៕