ភ្នំពេញៈ ក្រសួង​ផែនការ​បាន​ចាត់​មន្ត្រី​ជំនាញ និង​មន្ត្រី​តាម​មន្ទីរ​ខេត្ត​/​ក្រុង​ឲ្យ​ធ្វើ​អត្តសញ្ញាណកម្ម​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ដែល​ងាយ​រង​ការប៉ះពាល់​នៅតាម​ជនបទ​ឲ្យ​បាន​ចប់សព្វគ្រប់​មុន​ដំណាច់​ខែ​ឧសភា និង​តាម​តំបន់​ទីប្រជុំជន​ឲ្យ​បាន​មុន​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២០ ដើម្បី​រដ្ឋាភិបាល​ជួយ​សម្រួល​ជីវភាព​ និង​កាត់បន្ថយ​ផលប៉ះពាល់​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​។

លោក​ ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​ថ្លែង​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​តាមរយៈ​វីដេអូ Conference ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ទាំង​ ២៥ ​ខេត្ត​/​ក្រុង​កាលពី​ថ្ងៃទី​ ២៧ មេសា ថា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យ​ផ្តល់​អន្តរាគមន៍​បន្ទាន់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩​។ រដ្ឋាភិបាល​ប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​របស់​ក្រសួង​ផែនការ ជាពិសេស​គ្រួសារ​ក្រីក្រ និង គ្រួសារ​ទទួល​រង​ប៉ះពាល់​ខ្លាំងជាងគេ​។

លោក​ដាក់​វិធានការ​បន្ទាន់​មួយចំនួន​ដល់​គ្រប់​មន្ទីរ​ផែនការ អង្គភាព​ជំនាញ​ទាំងអស់​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ​តាម​តំបន់​ជនបទ​ឲ្យ​បាន​ចប់សព្វគ្រប់​មុន​ដំណាច់​ខែឧសភា និង​តំបន់​ទីប្រជុំជន​ឲ្យ​បាន​មុន​ដំណាច់​ខែ​មិថុនា ឆ្នាំ​ ២០២០​។ ក្រសួង​ប្រើ​យន្តការ​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ និង​ត្រូវ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ភូមិ និង​ឃុំ ករណី​មាន​ការដកចេញ​ចំនួន​គ្រួសារ​ណា​ដែល​មាន​ជីវភាព​លេចធ្លោ​។

លោក​បន្ថែមថា ការធ្វើ​អត្តសញ្ញាណកម្ម​ទិន្នន័យ​គ្រួសារ​ក្រីក្រ​នេះ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាជន និង​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។ រាជរដ្ឋាភិបាល​បានសម្រេច​ជួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​សុទ្ធ​ជូន​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណសមធម៌​រួចហើយ និង​គ្រួសារ​ក្រីក្រ​ខ្លះ​ដែល​បាន​អវត្តមាន​តាម​ជុំ​នៃ​ការប្រមូល​ទិន្នន័យ​។ រីឯ​គ្រួសារ​ខ្លះទៀត​ទើប​ទទួល​រង​ផលប៉ះពាល់​បាត់បង់​ចំណូល​ធ្លាក់ខ្លួន​ក្រីក្រ​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក​ ឆាយ ថន បាន​បញ្ជាក់ថា​៖ «​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នៃ​អគ្គនាយកដ្ឋាន​ផែនការ​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នីតិវិធី​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​គ្រប់​បណ្តា​មន្ទីរ​ផែនការ​ខេត្ត​/​ក្រុង​ទាំងអស់​ក្នុង​ពេល​ឆាប់ៗ​នេះ​តាម​ការសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

នាយករង​ខុទ្ទកាល័យ​ផែនការ​នៃ​ក្រសួង​ផែនការ​លោក​ ណុប កនណាវុឌ្ឍ ថ្លែង​ពី​ម្សិលមិញ​ថា នីតិវិធី​ធ្វើ​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ នីតិវិធី​ក្នុង​ការធ្វើ​គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្ទាល់​ដាក់ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​ភូមិ ឃុំ​តាម​មូលដ្ឋាន ប្រសិនបើ​ពួកគាត់​ពិតជា​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ បាត់បង់​ចំណូល និង​ធ្លាក់ចុះ​នៃ​ជីវភាព​គ្រួសារ​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ ​១៩​។

បន្ទាប់ពី​អាជ្ញាធរ​បាន​ឯកភាព និង​ពិនិត្យ​ឃើញ​ថា ពួកគាត់​ពិតជា​អ្នក​ងាយ​រងគ្រោះ​ពិតប្រាកដ​មែន មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ផែនការ​នឹង​ចេញ​បណ្ណសមធម៌​ជូន​ពួកគាត់ ហើយ​ពួកគាត់​អាច​ទទួល​ជំនួយ​ជា​សាច់ប្រាក់​ពី​រដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

លោក​បន្ថែមថា​៖ «​នៅ​គ្រប់​មន្ទីរ​តាម​រាជធានី​ខេត្ត​ទាំងអស់​ចាប់ផ្ដើម​ធ្វើ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​តាម​ការកំណត់​របស់​ក្រសួង​ផែនការ​ជា​កំហិត​ដោយ​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ចាប់ពី​ខែ​ឧសភា​តទៅ​រហូត​ដល់​ថ្ងៃ​កំណត់ ដើម្បី​យើង​ដឹង​ពី​ចំនួន​គ្រួសារ​ងាយ​រងគ្រោះ​ និង​កំណត់​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ផ្ដល់ជូន​ពួកគាត់​។ កន្លងមកនេះ​យើង​បាន​ចែក​ប័ណ្ណ​ចំនួន​ ៤ ​ម៉ឺន​ប័ណ្ណ​ ជូន​ពលរដ្ឋ​ក្រីក្រ​ដើម្បី​ប្រើប្រាស់ សេវាសាធារណៈ​មួយចំនួន​»​។

លោក​ សន ជ័យ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ​គាំទ្រ​ការធ្វើ​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​ដែល​ងាយរងគ្រោះ​នេះ​។ ប៉ុន្ដែ​លោក​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​មន្ត្រី​ថ្នាក់ជាតិ​បង្ហាញ​ចំនួន ឬ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ឲ្យ​បាន​ទូលំទូលាយ តម្លាភាព ដើម្បី​ឲ្យ​រដ្ឋាភិបាល​រិះរក​មធ្យោបាយ​ជួយ​ដោះស្រាយ​ជីវភាព​ពួកគាត់​ក្នុង​អំឡុងពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ នេះ​។

លោក​ថា កន្លងមក​មាន​ការសង្ស័យថា អាជ្ញាធរ​លាក់បាំង​ព័ត៌មាន​ទាក់ទង​នឹង​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ក្នុង​មូលដ្ឋាន​ខ្លួន​។ ព្រោះ​ពួកគាត់​ខ្លាច​មាន​ការស្ដីបន្ទោស​ពី​មន្ត្រី​ថ្នាក់ជាតិ ឬ​រដ្ឋាភិបាល​ដែល​ថា​ពួកគាត់​មិនសូវ​យកចិត្ត​ទុកដាក់​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​។

លោក​ សន ជ័យ ថ្លែងថា​៖ «​ភាពក្រីក្រ​មួយចំនួន​មិនមែន​មកពី​មនុស្ស​ទេ តែ​វា​អាចមកពី​កាលៈទេសៈ ឬ​កិច្ចការ​សាធារណៈ​មិនអាច​ជួយ​ពួកគាត់​បាន​។ អ៊ីចឹង​យើង​គួរតែ​រក​មធ្យោបាយ​ជួយ​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ​ហ្នឹង​។ ដូច​ខ្ញុំ​បានលើក​ឡើង​ខាងដើម​អ៊ីចឹង​គឺ​បើ​មាន​ការលាក់បាំង ព័ត៌មាន​ពី​គ្រួសារ​ក្រីក្រ​គឺជា​កំហុស​មួយ​ធំ ដែល​មិន​អាចជួយ​ពលរដ្ឋ​ក្រីក្រ​បាន​គ្រប់​ជ្រុងជ្រោយ​»៕