ភ្នំពេញៈ ក្រសួងបរិស្ថានបានបញ្ចូនមន្ត្រី ១ ក្រុមឱ្យចុះអង្កេត និងស្រាវជ្រាវលើចំណុចនិយាមកាចំនួន ២ កន្លែងមានផ្ទៃដីជាង ១០០ ហិកតានៅខេត្តកំពង់ស្ពឺពាក់ព័ន្ធនឹងករណីលោក ឈុន ឈៀហេង អតីតនាយករងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចោទប្រកាន់លោក ជា ហ៊ាន ថា ចាប់ទន្ទ្រានដីព្រៃលក់កាលពីឆ្នាំ ២០០៨។
តាមលិខិតបញ្ជាបេសកកម្មចុះហត្ថលេខាដោយលោក ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានពីថ្ងៃទី ២ មេសា បានចាត់ឱ្យមន្ត្រីជំនាញ ៤ រូបដឹកនាំដោយលោក អ៊ា សុខា ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ចុះអង្កេត និងស្រាវជ្រាវរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ មេសា នៅចំណុចកើតហេតុ។
លិខិតនោះបានបញ្ជាក់ថា «សូមក្រសួងស្ថាប័នមានសមត្ថកិច្ចអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដី សហការ និងជួយសម្របសម្រួលបេសកកម្មនេះ ឱ្យសម្រេចបានជោគជ័យ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានកាលពីម្សិលមិញមិនបានបកស្រាយអ្វីទេ ជុំវិញការចុះអង្កេត និងស្រាវជ្រាវនេះដោយគ្រាន់តែអះអាងថា ទុកភារកិច្ចនេះឱ្យមន្ត្រីជំនាញស្រាវជ្រាវជាមុនសិន មុននឹងឆ្លើយតប។
លោកបញ្ជាក់ថា៖ «យើងខ្ញុំមិនទាន់ធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ និងទុកជូនមន្ត្រីជំនាញបំពេញតួនាទីរបស់ខ្លួន»។
កាលពីឆ្នាំ ២០០៨ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) ធ្លាប់បានជាប់ពន្ធនាគារ ៣៤ ខែ និង ១៧ ថ្ងៃ បន្ទាប់ពីលោក ឈុន ឈៀហេង និងមន្ត្រីមួយចំនួនទៀតប្តឹងទៅតុលាការថា បានចាប់ទន្ទ្រានដីព្រៃលក់។ ប៉ុន្តែករណីនេះត្រូវបានលោក ជា ហ៊ាន បដិសេធ និងស្វែងរកកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់។
លោក ឈុន ឈៀហេង អតីតនាយករងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលបច្ចុប្បន្នជាប្រធានការិយាល័យផ្សព្វផ្សាយនៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មិនអាចសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញដោយលោកបានបដិសេធផ្តល់បទសម្ភាស។
លោក ជា ហ៊ាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា លោកបានទទួលព័ត៌មានថា ក្រុមអធិការនៃក្រសួងបរិស្ថានបានចុះមកដល់ខេត្តកំពង់ស្ពឺហើយ និងបានសួរលោក ឈុន ឈៀហេង និងអ្នកពាក់ព័ន្ធពីថ្ងៃចន្ទ។ ចំណែកការសួររូបលោក មន្ត្រីបានឱ្យដឹងថា គឺនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែមេសាមុនក្រុមអធិការកិច្ចចុះទៅទីតាំងដីទាំង ២ កន្លែងនៅថ្ងៃ ៩ មេសា។
លោកថា៖ «ខ្ញុំសង្ឃឹមថា ក្រុមអធិការកិច្ចនេះនឹងស៊ើបអង្កេតឱ្យបានច្បាស់លាស់ដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីឱ្យបានច្បាស់ និងបកស្រាយឱ្យបានចំ ព្រោះនិយាមកា មានហើយ។ អ៊ីចឹងយើងអត់មានអីត្រូវពិបាកកំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើសទេ...»។
លោកថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋមន្ត្រីនឹងដកហូតដីទាំង ២ ទីតាំងនេះ ដែលគេចោទខ្ញុំថា បានចាប់ទន្ទ្រានទុកជាសម្បត្តិរដ្ឋវិញ ហើយត្រូវដាក់ពិន័យមន្ត្រីរូបណាដែលប្រឌិតអង្គហេតុ ចោទប្រកាន់ខ្ញុំយកទៅដាក់ទោសតាមផ្លូវច្បាប់...»។
ក្រៅពីនេះ លោក ជា ហ៊ាន បានអះអាងទៀតថា ពេលក្រុមអធិការកិច្ចនៃក្រសួងបរិស្ថានបិទបញ្ចប់ការចុះអង្កេត លោកនឹងបន្តដាក់សំណើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ រួមទាំងក្រសួងមហាផ្ទៃ ដើម្បីឱ្យចុះអង្កេតទីតាំងដីជាក់ស្តែង និងធ្វើអធិការកិច្ចលើក្រុមអធិការកិច្ចនៃក្រសួងបរិស្ថាននេះ។
លោកបានបន្ថែមថា៖ «ខ្ញុំនៅតែបដិសេធមកលើការចោទប្រកាន់មកលើខ្ញុំ ហើយបើក្រុមអធិការកិច្ចរកឃើញថា ទីតាំងដីដែលប្រឌិតអង្គហេតុដើម្បីចោទខ្ញុំនេះគឺជាដីរបស់ខ្ញុំនោះខ្ញុំនឹងធ្វើលិខិត ១ ច្បាប់ទៅប្រធានរដ្ឋសភាដើម្បីអនុម័តច្បាប់កាត់ទោសខ្ញុំប្រហារជីវិតជាសាធារណៈ ហើយទ្រព្យសម្បត្តិខ្ញុំទាំងអស់ត្រូវរឹបអូសចូលរដ្ឋ»។
តាមលោក ជា ហ៊ាន ទីតាំងដី ២ កន្លែងដែលគេចោទលោកថា លក់នោះគឺ ១ កន្លែងមានទំហំប្រមាណ ១០០ ហិកតានៅខាងលិចស្ទឹងអូរអញ្ចា ភូមិជាំ ឃុំតាសាល១ និង ១ កន្លែងទៀតនៅខាងត្បូងកោះភ្ញៀវ ភូមិច្រកទៀក ឃុំត្រពាំងជោរ មានទំហំក្បាល ៥០ ម៉ែត្រគុណនឹងបណ្តោយ ១៣០ ម៉ែត្រ៕