ភ្នំពេញៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចពិន័យសិប្បកម្មឡឥដ្ឋឈ្មោះ លាង ស្រ៊ុន និងបានសម្រេចប្ដឹងម្ចាស់សិប្បកម្មឡឥដ្ឋនេះពីបទព្រហ្មទណ្ឌទៅតុលាការពាក់ព័ន្ធនឹងករណីប្រើប្រាស់ពលកម្មកុមារីម្នាក់រហូតរងគ្រោះដាច់ដៃខាងស្ដាំដោយសារម៉ាស៊ីនផលិតឥដ្ឋ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១១ មីនា។
ក្រសួងការងារលើកឡើងថា ក្រុមអធិការកិច្ចការងាររបស់ក្រសួង មន្ត្រីបេឡាជាតិរបបសន្ដិសុខសង្គម (បសស) និងមន្ត្រីមន្ទីរការងារខេត្តកណ្ដាលបានចុះអង្កេតសិប្បកម្មឡឥដ្ឋដែលមានម្ចាស់ឈ្មោះ លាង ស្រ៊ុន ស្ថិតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោយមានកុមារីឈ្មោះ ឆេង ស្រីភ័ក្រ អាយុ ១០ ឆ្នាំ ជាកូនរបស់កម្មករឡឥដ្ឋបានជួបគ្រោះថ្នាក់ដាច់ដៃក្នុងសិប្បកម្មផលិតឥដ្ឋនេះកាលពីថ្ងៃទី ៩ ខែ មីនា។
ក្រោយចុះអង្កេតផ្ទាល់ក្រសួងបានសម្រេចចាត់វិធានចំពោះសិប្បកម្មផលិតឥដ្ឋនេះតាមមាត្រា ៣៦៨ នៃច្បាប់ស្ដីពីការងារដែលផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣០ ទៅ ៦០ ថ្ងៃនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃចំពោះនិយោជកប្រើប្រាស់ក្មេងអាយុតិចជាង ១៨ ឆ្នាំ និងបានកសាងសំណុំរឿងបណ្ដឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មនេះពីករណីប្រើប្រាស់ពលកម្មកុមារ និងខ្វះវិធានការការពារសុវត្ថិភាពកុមារមិនឱ្យចូលជិតទៅកន្លែងខ្សែចង្វាក់ផលិតកម្ម។
ចំណែកកុមារីរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានឹងទទួលបានការគាំទ្រពីរបបសន្ដិសុខសង្គមដូចជា ការព្យាបាលរហូតជាសះស្បើយមិនបង់ប្រាក់ ទទួលសេវាស្ដារនីតិសម្បទាឡើងវិញ ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្រៃ្តយ៍ ១ ជីវិត និងប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យាបាលរបួស។
លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្ដាលបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញបន្ថែមថា កន្លងមក ការចុះទៅអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការហាមឃាត់មិនឱ្យប្រើប្រាស់កម្លាំងពលកម្មកុមារនៅតាមគ្រប់ឡឥដ្ឋទាំងអស់ចំនួន ៦៨ ក្នុងខេត្តកណ្ដាលគឺពុំធ្លាប់ឃើញមានការប្រើប្រាស់កម្លាំងពលកម្មកុមារទេ។
ប៉ុន្តែលោកថា ដោយសារសិប្បកម្មឡឥដ្ឋមួយនេះ ផ្ដល់កន្លែងរស់នៅជាលក្ខណៈគ្រួសារសម្រាប់កម្មករ ទើបធ្វើឱ្យកុមារី ឆេង សុភ័ក្រ អាចចេញទៅជួយការងារឪពុកម្ដាយនិងបានជួបគ្រោះថ្នាក់បែបនេះ។
លោកថា៖ «ឥឡូវក្រសួង បានចេញសេចក្ដីជូនដំណឹងហើយ ហើយយើងនឹងចាត់ចែងតាមនីតិវិធី។ការប្ដឹងដោយសារយើងផ្អែកទៅតាមច្បាប់ពីការងារ ដែលយើងរកឃើញថា ឡឥដ្ឋហ្នឹង មានក្មេងកំពុងធ្វើការងារនៅអាយុចន្លោះហាមឃាត់»។
ចំណែកលោក ប៉េង លាង អ្នកគ្រប់គ្រងសិប្បកម្មឡឥដ្ឋ លាង ស្រ៊ុន បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ដែរថា លោកមិនដែលអនុញ្ញាតឱ្យកុមារអាយុក្រោម ១៥ ឆ្នាំចូលធ្វើការក្នុងឡឥដ្ឋឬមកជិតម៉ាស៊ីនកិនដីផលិតឥដ្ឋជាមួយឪពុកម្ដាយពួកគេឡើយ។ ផ្ទុយទៅវិញ មានតែឪពុកម្ដាយទេដែលតែងលួចប្រើប្រាស់ពលកម្មកូនៗរបស់ខ្លួនក្នុងការឱ្យជួយលើកឥដ្ឋដាក់រទេះ ឬជួយអូសរទេះដឹកឥដ្ឋទៅហាលថ្ងៃ។
លោកថា៖ «ជាទូទៅនៅពេលខ្ញុំមិននៅពួកគេតែងតែលួចប្រើកូនៗពួកគេឱ្យជួយការងារដោយមិនគិតពីគ្រោះថ្នាក់ដល់កូនៗឡើយ ដោយពួកគេឆ្លើយដោះសាថា ត្រូវការរកលុយឱ្យបានច្រើនដើម្បីដោះបំណុលឱ្យបានឆាប់។ ខ្ញុំមានការសោកស្ដាយនិងអាណិតអាសូរក្មេងស្រីរងគ្រោះជាខ្លាំង ហើយសិប្បកម្មផលិតឥដ្ឋយើងនឹងជួយផ្គត់ផ្គង់ថ្លៃព្យាបាលនាងរហូតដល់ជាសះស្បើយ ព្រោះវាក៏ជាការទទួលខុសត្រូវមួយផ្នែករបស់យើងដែរ ដែលបណ្ដោយឱ្យមានករណីនេះកើតឡើង»។
លោក ប៉េង លាង បន្ថែមថា សិប្បកម្មឡឥដ្ឋរបស់លោកមាន ៨ គ្រួសារកំពុងរស់នៅ ក្នុងនោះ ១៨ នាក់មានអាយុលើស ១៨ ឆ្នាំជាកម្លាំងពលកម្ម ចំណែក ១៦ នាក់ទៀតមានអាយុក្រោម ១៥ ឆ្នាំជាកុមារមិនធ្វើការទេ។
ក្រៅពីការចាត់វិធានការច្បាប់ចំពោះម្ចាស់សិប្បកម្មឡឥដ្ឋ លាង ស្រ៊ុន ក្រសួងការងារក៏បានរំឭកដល់សិប្បកម្មផលិតឥដ្ឋ សហគ្រាស និងគ្រឹះស្ថានទាំងអស់ មិនត្រូវប្រើប្រាស់កម្លាំងពលកម្មឡើយ ហើយចំពោះការប្រើប្រាស់ពលកម្មកុមារអាយុក្រោម ១៨ ឆ្នាំនៅតាមមណ្ឌលហប់ [ខ្វះខ្យល់] ទៅទីទួល និងកន្លែងមានប្រើប្រាស់សារធាតុគីមីត្រូវបានហាមឃាត់ រីឯចំពោះទីតាំងដែលល្មើសនឹងត្រូវក្រសួងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕
រាយការណ៍បន្ថែមដោយ ឃុត សុភចរិយា