The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ចាប់ផ្ដើម​ដោះស្រាយ​​ ការតវ៉ា​លទ្ធផល​ប្រឡង​បាក់ឌុប

ក្រសួង​ចាប់ផ្ដើម​ដោះស្រាយ​​ ការតវ៉ា​លទ្ធផល​ប្រឡង​បាក់ឌុប

Content image - Phnom Penh Post
សិស្សានុសិស្សចេញពីមណ្ឌលប្រឡងវិទ្យាល័យបឹងត្របែក កាលពីខែមុន។ រូបថត ហ៊ាន រង្ស៊ី

ក្រសួង​ចាប់ផ្ដើម​ដោះស្រាយ​​ ការតវ៉ា​លទ្ធផល​ប្រឡង​បាក់ឌុប

ភ្នំពេញៈ គណៈកម្មការ​ពិនិត្យ​ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ​នៃ​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​សៅរ៍​បានចាប់ផ្ដើម​ពិនិត្យ​លើ​ពាក្យបណ្ដឹង​របស់​បេក្ខជន​មួយ​ចំនួន​ដែល​មិន​សុខ​ចិត្តនឹង​លទ្ធផល​ប្រឡង ក្រោយពី​ក្រសួង​បានប្រកាស​ជា​ផ្លូវការ​កាលពី​សប្ដាហ៍​មុន​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ក្រសួង​នឹង​ផ្សព្វផ្សាយ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​របស់​បេក្ខជន​នេះ​តាមរយៈ​ហ្វេសប៊ុក​របស់​ក្រសួង​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក រស់ សុវាចា បញ្ជាក់ថា​៖ «​ក្រុម​ការងារ​នៅតែ​បន្ត​​ធ្វើ​កិច្ចការ​នេះ​នៅក្នុង​ការឆ្លើយតប​ [​ចំពោះ​បេក្ខជន​]​។ សូម្បីតែ​ថ្ងៃអាទិត្យ​នេះ ក៏​ក្រុម​ការងារ​នៅ​បន្តធ្វើ​កិច្ចការ​ហ្នឹង​ដែរ​»​។

នៅ​មុនពេល​ចាប់ផ្ដើម​ដោះស្រាយ​នេះ​ក្រសួង​អប់រំ​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើឱ្យ​បេក្ខជន​មាន​ទំនុកចិត្ត​​ក្រោយពី​មាន​អ្នក​តវ៉ា​ប្រមាណ​ជាង​ ១០០ នាក់​កាលពី​ថ្ងៃ​ពុធ​​សប្ដាហ៍​មុន​។ នៅក្នុង​ការតវ៉ា​​នោះ បេក្ខជន​បានដាក់​ញត្តិ​រៀងៗ​ខ្លួន​ឱ្យ​ក្រសួង​ពិនិត្យ​លទ្ធផល​ប្រឡង​ឡើងវិញ​ដោយសារ​លទ្ធផល​មិន​ស័ក្តិសម​នឹង​ការរំពឹងទុក​។

ប៉ុន្តែ​បើតាម​ការអះអាង​របស់​ក្រសួង​អប់រំ បេក្ខជន​មួយ​ចំនួន​តវ៉ា ព្រោះតែ​មិន​សុខ​ចិត្តនឹង​ការប្រឡង​ធ្លាក់ រីឯ​បេក្ខជន​ខ្លះ​ពុំ​សុខចិត្ត​នឹង​ការ​បាន​និទ្ទេស B ឬ C ហើយ​តវ៉ា​ទាមទារ​យក​និទ្ទេស A​។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ការទទួល​ដោះស្រាយ​ការតវ៉ា​នេះ​គឺ​ដើម្បី​ធានា​ឱ្យបាន​នូវ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។ នេះ​បើតាម​រយៈ​ហ្វេសប៊ុក​ក្រសួង​អប់រំ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ប្រសិនបើ​ការប្រកាស​របស់​ក្រសួង​លើ​ការប្រឡង​មាន​តម្លាភាព ឬ​មិន​តម្លាភាព​ជា​រឿង​របស់​ក្រសួង​។ ​ប៉ុន្តែ​ដោយសារ​តែ​ភាពអយុត្តិធម៌​កន្លងមក​ទើប​ធ្វើឱ្យ​សិស្សានុសិស្ស​តវ៉ា​។

ក្រសួង​ក៏ត្រូវ​ទទួល​យក​នូវ​អ្វីដែល​បេក្ខជន​មិន​សប្បាយចិត្ត​ទៅលើ​លទ្ធផល​ប្រឡង​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​ថា យុត្តិធម៌ អីអី កូនសិស្ស​ម៉េច​ទៅ​តវ៉ា​។ បើ​យើង​មើលឃើញ​ថា​ ២ ​ឆ្នាំ​ហើយ​ដែល​សិស្សានុសិស្ស​គាត់​តវ៉ា​​តែ​រហូត​។ ​បើ​សុក្រឹត​ហើយ អីហើយ​តម្លាភាព​ហើយ សិ​ស្សានុសិស្ស​គាត់​គ្មាន​អី​ត្រូវ​តវ៉ា​ទេ​។ អ៊ីចឹង​ត្រូវតែ​យកចិត្ត​ទុកដាក់​​ឱ្យបាន​ខ្ពស់​ដើម្បីឱ្យ​សិស្សានុសិស្ស​គាត់​អស់ចិត្ត​»​។

ការប្រឡង​បាក់ឌុប​នៅក្នុង​​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​ជាប់ជាង ៧៩ ០០០ នាក់​​ ស្មើនឹង​​ប្រមាណ​ ៦៨ ​ភាគរយ​ ក្នុង​ចំណោម​បេក្ខជន​សរុប​ចំនួន​ជាង​ ១១ ៧០០០ នាក់ ​គឺ​កើនឡើង​ជាង​ ១ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែលមាន​ប្រមាណ ៦៧ ​ភាគរយ​។ ក្នុង​នោះ​បេក្ខជន​មកពី​ ២១ ​រាជធានី-ខេត្ត​ចំនួន​ ៤៤៣ នាក់​ ទទួល​បាន​និទ្ទេស A កើនឡើង​ ៣៥ នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​មាន​តែ​ ៤០៨ ​នាក់​។

កាលពី​ប្រឡង​បាក់ឌុប​ឆ្នាំមុន ក្រសួង​បាន​ប្រកាស​ថា ដំណើរការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស​លើ​វិញ្ញាសា​គណិតវិទ្យា​នៃ​ថ្នាក់​វិទ្យាសាស្ត្រ​ដោយសារ​មិន​បាន​បូក​ពិន្ទុ​របស់​បេក្ខជន​ ៧៤០ ​បន្ទប់​។

ប៉ុន្តែ​ក្រសួង​អប់រំ​បានប្រកាស​សុំទោស​ និង​សម្ដែង​ការ​សោកស្តាយ​ចំពោះ​កំហុស​អចេតនា​​នោះ​។ ​បន្ទាប់មក​ក្រសួង​ក៏បាន​ប្រកាស​លទ្ធផល​ថ្មី​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​។

ទាក់ទង​នឹង​អ្នកទទួល​លទ្ធផល​ល្អ​ក្នុង​ការប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​លោក ហង់ជួន ណារ៉ុន បាន​ប្រគល់​ម៉ូតូ​ថ្មី និង​អំណោយ​មួយ​ចំនួន​ទៀត​ដល់​​សិស្ស​ឆ្នើម​នៅ​វិទ្យាល័យ​ចំនួន​ ៣ ​ក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម ដើម្បី​លើក​ទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ពួកគេ​។

ដោយឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ជួប​សិស្ស​ជាប់​និទ្ទេស​ A ​ទាំង​ ៤៤៣ នាក់ ​នៅ​ថ្ងៃទី​ ៧ ​ខែ​ តុលា ​ដែល​លោក​នឹង​ផ្តល់ Ipad ដល់​សិស្ស​ជាប់​និទ្ទេស A ក្នុង​ម្នាក់ៗ​ចំនួន​ ១ ​គ្រឿង​។ នេះ​បើ​យោង​តាម​ក្រសួង​អប់រំ​៕

អត្ថបទគួរចាប់អារម្មណ៍