ភ្នំពេញៈ មួយថ្ងៃ​បន្ទាប់ពី​បាន​ចាត់តាំង​មន្ដ្រី​ឲ្យ​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​ ១ ​ទៀត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់ រាជធានី-ខេត្ដ ទាំងអស់​ត្រូវ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​សំណង់ និង​លិខិតបទដ្ឋាន​គតិយុត្ដ​នានា​ដែល​ចូល​ជា​ធរមាន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។

តាម​សេចក្តី​ណែនាំ​ថ្មី​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រសួង​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់​ត្រួតពិនិត្យ និង​ហាម​អនុវត្ដ​ការងារ​មួយ​ចំនួន​ក្នុង​វិស័យ​សំណង់ រួមមាន ហាម​ដាច់ខាត ការសាងសង់​សំណង់​ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ជួសជុល​ ឬ​រុះរើ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​។ ​

ការអនុវត្ត​ការងារ​សាងសង់​ ឬ​រុះរើ​ដោយ​អ្នក​សាងសង់​គ្មាន​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ការអនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ផ្ដល់​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។ ​ការដ្ឋាន​សំណង់​ដែល​ដំណើរការ​សាងសង់ ឬ​រុះរើ​ដោយ​គ្មាន​វិស្វករ​ប្រចាំ​ការដ្ឋាន​ជា​អ្នកទទួល​ខុសត្រូវ​។

ក្រសួង​បាន​ហាម​ដាច់ខាត​​ចំពោះ​ «​ការស្នាក់​នៅក្នុង​អគារ​ដែល​កំពុង​សាងសង់ ទោះបីជា​លក្ខណៈ​បណ្តោះអាសន្ន​ក៏ដោយ និង​ហាម​ដាច់ខាត​អ្នក​គ្មាន​ភារកិច្ច​ចូលក្នុង​ការដ្ឋាន​សំណង់​។

ហាម​ការប្រើប្រាស់​សំណង់​គ្រប់​ប្រភេទ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​ ឬ​លិខិត​បិទ​ការដ្ឋាន​ផ្តល់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។

ក្រសួង​បញ្ជាក់ថា ក្នុងករណី​ពិនិត្យឃើញ​អំពើ​ល្មើស​នឹង​បម្រាម​ខាងលើ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចេញ​លិខិត​ផ្អាក​ការសាងសង់​ជាបន្ទាន់ ហើយ​​បើ​នៅតែ​បន្ត​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ជា​ធរមាន​។

ទាក់ទង​នឹង​ការធានា​សន្ដិសុខ និង​សុវត្ថិភាព​នៃ​ការដ្ឋាន​សំណង់ ក្រសួង​នេះ​បាន​ឲ្យ​សមត្ថកិច្ច​យក​ចិត្ដ​ទុកដាក់​អនុវត្ដ​គោលការណ៍ និង​វិធានការ​មួយចំនួន​ទៀត​ក្នុង​នោះ​មាន​ពិនិត្យ​លិខិត​អនុញ្ញាត​សាងសង់ ជួសជុល និង​រុះរើ​, លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់​,​ការរៀបចំ​ការដ្ឋាន​, ដំណើរ​ការដ្ឋាន​សាងសង់ និង​ការងារ​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​ផងដែរ​។

ជុំវិញ​បញ្ហា​សំណង់​នេះដែរ​កាលពី​ថ្ងៃ​ ៩ ខែ​មករា ពោលគឺ​ ១ ​ថ្ងៃ ​មុន​ពេលចេញ​សេចក្ដី​ជូនដំណឹង​ថ្មី​នេះ ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​សេចក្ដី​សម្រេច​ចាត់តាំង​មន្ដ្រី​ត្រួតពិនិត្យ​សំណង់​​តាម​បណ្ដា​រាជធានី-ខេត្ដ​ទាំងអស់​ផងដែរ ដោយ​ក្រសួង​បានចាត់​ទុក​ការសម្រេច​នេះ​ថា ជាការ​ចាំបាច់​បន្ទាប់ពី​មាន​ករណី​​បាក់​រំលំ​អគារ​ជា​បន្តបន្ទាប់ ។

នៅក្នុង​សេចក្ដី​សម្រេច​នោះ​បាន​ចាត់តាំង​លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និង​លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ជា​អនុប្រធាន​ត្រួតពិនិត្យ​សំណង់​ដោយ​ទទួល​បន្ទុក​ការងារ​រួម​។

លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិនអាច​​សុំ​ការបកស្រាយ​បន្ថែម​ជុំវិញ​ការជូនដំណឹង និង​ការចាត់តាំង​មន្ដ្រី​ត្រួតពិនិត្យ​សំណង់​នេះ​បន្ថែម​បានទេ​កាលពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្ដែ​លោក​មិនបាន​ឆ្លើយតប​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​បន្ថែម​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​លើ​ការពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​សំណង់​ និង​ការពង្រឹង​ការត្រួតពិនិត្យ​គុណភាព​សំណង់​តាម​រាជធានី-ខេត្ដ​នេះ​។ ប៉ុន្តែ​លោក​ស្នើឱ្យ​មានការ​អនុវត្ដ​លើ​សេចក្ដី​ជូន​ដំណឹង​នេះ​ឱ្យបាន​ហ្មត់ចត់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្កេតឃើញ​​ថា សមត្ថកិច្ច​បានចាប់ផ្ដើម​ផ្អាក​អគារ​ដែល​គ្មាន​គុណភាព​មួយចំនួន​នៅតាម​ខេត្ដ​ដូចជា​អគារ​រោងចក្រ​នៅ​ខេត្ដ​កំពង់ស្ពឺ​ និង​សណ្ឋាគារ​កម្ពស់​ ១១ ​ជាន់​នៅ​ខេត្ដ​បន្ទាយមានជ័យ​ក្នុង​ពេល​ថ្មីៗ​ជាដើម​។ ​សកម្មភាព​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពេលនេះ​មាន​ការ​ផ្លាស់ប្ដូរ និង​កំពុង​បំពេញ​ចន្លោះ​កន្លែង​ដែល​ខ្វះខាត​ក្នុង​វិស័យ​សំណង់​នេះ​កាលពី​ពេល​កន្លងមក​»​។

ទោះជា​យ៉ាងណា​លោក សុខ គីន បាន​អះអាង​ថា​លោក​នៅ​​មិនទាន់​មាន​ជំនឿ​ ១០០ ​ភាគរយ​លើ​ចំណាត់ការ និង​សេចក្ដី​ជូនដំណឹង​នេះ​ទេ ព្រោះ​កន្លងមក​ក៏​ធ្លាប់​មាន​ការជូនដំណឹង​បែបនេះ​ដែរ ប៉ុន្ដែ​នៅ​ខ្វះចន្លោះ​ចំពោះ​ការអនុវត្ដ​របស់​មន្ដ្រី ៕