ភ្នំពេញៈ គិតមកទល់ពេលនេះមានម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ចំនួន ៥៩ ហើយស្ថិតក្នុងខេត្តសៀមរាប ព្រះសីហនុ និងភ្នំពេញត្រូវបានក្រសួងបរិស្ថានចេញលិខិតជូនដំណឹងឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការលក់ចម្លាក់ធ្វើពីកុយរមាស ភ្លុកដំរី និងការធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀត។
ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានកាលពីថ្ងៃទី ១៣ ខែកញ្ញា បានចេញលិខិតជូនដំណឹងឱ្យបញ្ឈប់ការលក់ចម្លាក់ធ្វើឡើងពីកុយរមាស និងភ្លុកដំរីទៅដល់ម្ចាស់អាជីវកម្មចំនួន ២៧ កន្លែងស្ថិតក្នុងទីក្រុងភ្នំពេញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា តាមការស៊ើបអង្កេតរកឃើញថា កន្លែងលក់វត្ថុអនុស្សាវរីយ៍ទាំង ៥៩ ដែលទទួលបានលិខិតជូនដំណឹងនេះ គឺក្រសួងបានសង្ស័យអំពីការលួចលាក់លក់គ្រឿងចម្លាក់ពីកុយរមាស និងភ្លុកដំរីដែលច្បាប់ហាមឃាត់។
លោកព្រមានថា ម្ចាស់ទីតាំងទាំងនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដោយមិនលើកលែងឡើយ ប្រសិនសមត្ថកិច្ចរកឃើញភ័ស្ដុតាងគ្រប់គ្រាន់។ លោកថា៖ «ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូល និងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្មដូចមានចែងនៅក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
លោកបញ្ជាក់ថា៖ «ការកើតមាននូវសកម្មភាពទាំងនេះនៅលើទឹកដីកម្ពុជានឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកនៃអនុញ្ញាស្ដីពីការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់»។
បើតាមលោក នេត្រ ភក្ត្រា ថ្វីដ្បិតមានម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ត្រូវបានសង្ស័យអំពីការលួចលក់គ្រឿងចម្លាក់ខុសច្បាប់ក្ដី ប៉ុន្តែពួកគេទាំងនោះមិនទាន់មានការប្រគល់វត្ថុទាំងនោះមកឱ្យសមត្ថកិច្ច និងក្រសួងតាមការជូនដំណឹងនាពេលកន្លងមកនៅឡើយទេ។
របាយការណ៍ក្រសួងបរិស្ថានបញ្ជាក់ថាចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ នេះសំណាកភ្លុកដំរី និងកុយរមាសរាប់ពាន់ដុំ និងមានទម្ងន់ជាង ៥ តោនត្រូវសមត្ថកិច្ចបង្ក្រាបបាន ខណៈសំណាកសត្វទាំងនេះរួមទាំងសំណាកសត្វកម្រៗជាច្រើនទៀតត្រូវបានរក្សាទុកសម្រាប់តាំងពិព័រណ៍ និងការសិក្សាស្រាវជ្រាវ។
ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងនៅផ្សារទួលទំពូងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថាលោកមិនបានទទួលលិខិតជូនដំណឹងពីក្រសួងបរិស្ថាននៅឡើយទេ ប៉ុន្តែបានដឹងអំពីការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុកក្រសួងដែលហាមឃាត់កុំឱ្យលក់ចម្លាក់ដែលធ្វើឡើងពីកុយរមាស និងភ្លុកដំរីនេះ។
លោកបានបន្តថា ហាងវត្ថុអនុស្សាវរីយ៍នៅភ្នំពេញភាគច្រើនដូចជានៅផ្សារទួលទំពូង និងផ្សារថ្មីជាដើមគឺលក់វត្ថុអនុស្សាវរីយ៍ដែលឆ្លាក់ឡើងពីឈើ ប្រាក់ ស្ពាន់ និងទង់ដែង និងមានការទទួលស្គាល់ស្របច្បាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ អតិថិជនដែលទិញវត្ថុអនុស្សាវរីយ៍ទាំងនេះភាគច្រើនជាភ្ញៀវទេសចរបរទេស និងខ្លះគឺជាមន្ត្រីរដ្ឋាភិបាលដែលពួកគេទិញសម្រាប់ប្រគល់ជូនជាវត្ថុអនុស្សាវរីយ៍ទៅមន្ត្រីបរទេស។
លោកថា៖ «អាកុយរមាស និងភ្លុកដំរី អត់មានផង ហើយតាមដឹងដូចអត់សូវមានផង ហើយមិនដឹងរកនៅណាមានទៀតហ្នឹង»។
អ្នកមានជំនឿមួយចំនួនបានលើកឡើងថា កុយរមាស និងភ្លុកដំរីដែលត្រូវបានគេឆ្លាក់ជារូបព្រះធ្វើជាបន្ដោងពាក់ជាប់នឹងខ្លួនគឺអាចការពារពីគ្រោះថ្នាក់ផ្សេងៗ ហើយម្យ៉ាងទៀតពួកវាក៏ត្រូវបានគ្រូពេទ្យបុរាណខ្លះ និងពលរដ្ឋរស់នៅតាមតំបន់ព្រៃភ្នំ ប្រើប្រាស់ជាថ្នាំបន្សាបជាតិពុលក្នុងខ្លួន ព្យាបាលជំងឺមហារីក និងប្រើជាថ្នាំត្រជាក់ជាដើម។
លោក ប្រង់ ណុប ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រៅពីធ្វើជាឱសថ កុយរមាស និងភ្លុកដំរីត្រូវបានជនជាតិដើមព្នង កាលពីជំនាន់ដើមយកច្នៃជាក្រវិលចោះត្រចៀកពាក់ និងធ្វើខ្សែអង្កាំពាក់ក ដោយសារពួកគេយល់ថា គឺជាការអនុវត្តតាមជំនឿសាសនា និងអត្តសញ្ញាណនិងប្រពៃណីរបស់ជនជាតិដើម។ «ប៉ុន្តែមកដល់សម័យខ្ញុំនេះ ដូចជាមិនសូវឃើញពាក់ដូចចាស់ៗសម័យដើមទេ ហើយឥឡូវហ្នឹង យើងក៏កំពុងព្រួយបារម្ភថា បាត់បង់អត្តសញ្ញាណជនជាតិដើមរបស់យើងដែរ»។
យ៉ាងណាក្តីលោក ណុប បង្ហាញការគាំទ្រចំពោះការទប់ស្កាត់កុំឱ្យមានលក់វត្ថុអនុស្សាវរីយ៍ដែលធ្វើពីកុយរមាស និងភ្លុកដំរីនេះ៕