ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ចំនួន ៣ ទីតាំង មាន​សិទ្ធិ​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩។

យោង​តាម​សេចក្តី​ជូន​ដំណឹង​នៅ​យប់​ថ្ងៃ​អង្គារ ទី ០៤ ខែ​ឧសភា​នេះ បាន​ឱ្យ​ដឹង​ថា សេវា​សុខាភិបាល​ឯកជន​ចំនួន ៣ ទីតាំង ដែល​ក្រសួង​អនុញ្ញាត​សិទ្ធិ​ក្នុង​ការ​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ មាន​មន្ទីរពេទ្យ សង់ត្រាល់ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និង​មន្ទីរ​ពហុព្យាបាល​វិសាលសុខ។

លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់​ថា៖ «សេវា​សុខាភិបាល​ឯកជន​ចំនួន ៣ កន្លែង​នេះ ក៏​បាន​ទទួល​សិទ្ធិ​ធ្វើ​តេស្ក​រក​អង់ទីហ្សែន​កូវីដ ១៩ ផង​ដែរ»។

មន្ទីរពេទ្យ សង់ត្រាល់ មាន​អាសយដ្ឋាន​នៅ​ផ្ទះលេខ ៨២A ផ្លូវ​លេខ ១៥៤ សង្កាត់​ផ្សារថ្មី​ទី៣ ខណ្ឌ​ដូនពេញ, មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មាន​អាសយដ្ឋាន ផ្ទះលេខ ៨៨៨ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ និង​មន្ទីរពហុព្យាបាល​វិសាលសុខ មាន​អាសយដ្ឋាន​ផ្ទះលេខ ៨០ ផ្លូវ​មុនីរ៉េត សង្កាត់​ទួលស្វាយព្រៃ ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី ២២ ខែ​មេសា របស់​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ស្រប​ច្បាប់​ក្នុង​នោះ​មាន​មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុព្យាបាល មន្ទីរ​សម្រាកព្យាបាល និង​សម្ភព ប្រើប្រាស់ Rapid Antigen Test Covid-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។ បន្ទាប់​មក​ក្រសួង​ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃទី ២៥ ខែ​មេសា អនុញ្ញាត​ឱ្យ​ម្ចាស់​សេវាព្យាបាល​ឯកជន និង​សម្ភព​ស្រប​ច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​អស់ អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ ដោយ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​មក​ក្រសួង​សុខាភិបាល​សិន៕