ភ្នំពេញៈ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋត្រៀមខ្លួន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ ដែលអាចនឹងកើតមាននៅពេលខាងមុខ ក្រោយការប្រែប្រួលអាកាសធាតុ ខណៈក្រសួងធនធានទឹក ប្រកាសពីការធ្លាក់ភ្លៀង ដែលអាចកើតមានពីកម្រិតមធ្យម ទៅខ្លាំង ពេញ ១ សប្តាហ៍។
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញបានឲ្យដឹងថា ជ្រលងសម្ពាធទាប ដែលកំពុងអូសបន្លាយលើកម្ពុជាភាគខាងលើ គួបផ្សំនឹងខ្យល់មូសុងនិរតី ដែលមានឥទ្ធិពលកើនឡើងវិញ ធ្វើឲ្យស្ថានភាពអាកាសធាតុមានលក្ខណៈអំណោយផលល្អ ដល់កម្ពុជា។
ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី ៥-១១ ខែ មិថុនា ភ្លៀងនឹងធ្លាក់រាយប៉ាយក៏កាន់តែបានធំទូលាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ខណៈកន្លែងខ្លះអាចខ្លាំងមានភ្លៀងកើតមានឡើងដោយសារឥទ្ធិពលផ្ទាល់នៃទីតាំងនិងទីកន្លែងនីមួយៗតែម្តងដែលវាខុសពីភ្លៀងដែលកើតឡើង។ ចំណែកបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ក៏នៅតែបន្តកើតមានជាញឹកញាប់ផងដែរ។
សេចក្តីប្រកាសឲ្យដឹងថា៖ «ឆ្នាំ ២០១៩ ជាឆ្នាំ El Nino។ កម្ពុជាយើងក៏បាននិងកំពុងទទួលរងនូវឥទ្ធិពលនេះផងដែរ។ រហូតដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បានបញ្ចប់នៅឡើយទេ។ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះសូមសាធារណជនជ្រាប និងបន្តមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតអវិជ្ជមានដូចបានជម្រាបជូន»។
ក្រសួងសុខាភិបាល បានណែនាំឲ្យពលរដ្ឋត្រៀម និងឆ្លើយតបឲ្យបានទាន់ពេល នៅពេលមានគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង ដើម្បីចូលរួមកាត់បន្ថយឲ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិត និងទ្រព្យសម្បត្តិនៅតាមមូលដ្ឋាន ដោយអះអាងថា ការប្រែប្រួលអាកាសធាតុ តែងតែធ្វើឲ្យមានការផ្លាស់ប្តូររដូវកាល និងបង្កឲ្យកើតមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកម្តៅ ផ្គររន្ទះ ខ្យល់ព្យុះខ្យល់កន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។
ក្នុងលិខិតនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ចូលរួមត្រៀមខ្លួន ក្នុង ៣ ដំណាក់កាល គឺមុនពេលទឹកជំនន់ ក្នុងអំឡុងពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់ ដោយត្រូវតាមដានពីស្ថានភាពទឹកជំនន់ និងត្រៀមទីទួលសុវត្ថិភាព ស្បៀងអាហារ ខណៈត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងៗ មនុស្សចាស់ ជាពិសេសប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស ដូចជាពស់ជាដើម។
លោក ម៉ម ប៊ុនហេង ក៏ណែនាំឲ្យពលរដ្ឋ ត្រូវមានអនាម័យជាប់ជាប្រចាំ ដូចជាការបរិភោគស្អាត រស់នៅស្អាត ប្រើប្រាស់ទឹកប្រកបដោយអនាម័យ ជាពិសេសអនាម័យលើខ្លួនប្រាណ និងជុំវិញខ្លួន មិនថា ស្ថិតក្នុងដំណាក់កាលណានោះទេ ដើម្បីចៀសវាងជំងឺនានា ដែលអាចបង្កឡើងដោយសារទឹកជំនន់។
លិខិតក្រសួងបញ្ជាក់ថា៖ «ទាំងមុនពេល អំឡុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត»។
ក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ទីរក្រោមឱវាទទូទាំងប្រទេស ឲ្យត្រៀមលក្ខណៈរួចជាស្រេចនូវឱសថ បរិក្ខារពេទ្យសេរ៉ូប្រឆាំងពិសពស់សម្រាប់ជួយអន្តរាគមន៍នៅពេលដែលមានពស់ចឹក ព្រមទាំងត្រៀមក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពឲ្យបានល្អប្រសើរ និងទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវផងដែរ។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បាននិយាយថាការជូនដំណឹងដល់ប្រជាពលរដ្ឋជាទៀងទាត់អំពីការប្រែប្រួលអាកាសធាតុ គឺពលរដ្ឋមានការត្រៀមខ្លួនទាន់ពេលវេលា។
ការដឹងជាមុនពីការប្រែប្រួលអាកាសធាតុ ទោះរយៈពេលខ្លី ឬវែង គឺរឹតតែសំខាន់ទៅទៀត ដែលអាចឲ្យប្រជាពលរដ្ឋ ឬស្ថាប័នពាក់ព័ន្ធ បានត្រៀមខ្លួនជាមុន ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនានាបានទាន់ពេលវេលា ទោះក្នុងកម្រិតតិច ឬច្រើនក្តី។
សូមឲ្យដំណើរការនៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ គួរផ្តល់ការកសាងសមត្ថភាព និងផ្តល់បច្ចេកទេសឲ្យបានច្រើនបន្ថែមទៀត ជាពិសេសប្រមូលថវិកាជាតិជំរុញឲ្យបានច្រើន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីពួកគាត់ អាចមានលទ្ធភាព សមត្ថភាពក្នុងការឆ្លើយតប នឹងគ្រោះមហន្តរាយដែលនឹងអាចកើតឡើងនៅក្នុងតំបន់របស់ពួកគាត់៕