ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ជំរុញ​ការងារ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រភេទ​ហ្វាល់ស៊ីប៉ារ៉ូម​ (​គ្រុនសន្ធំ​) ​សម្រាប់​ជំហាន​ចុងក្រោយ​នៃ​គោលដៅ​​ឆ្នាំ​​ ២០២០ ​នេះ ដើម្បី​ឈាន​ទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​តាម​ផែនការ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​ ២០២៥ បើ​ទោះ​ជា​ជំងឺគ្រុនចាញ់​មាន​ការចុះថយ​យ៉ាងគំហុក​ក៏ដោយ​។

ការប្រកាស​ជំរុញ​បែបនេះ​បាន​​ធ្វើឡើង​នៅក្នុង​អង្គប្រជុំ​មួយ​​កាល​ថ្ងៃទី​ ៦ ខែតុលា ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ​ (​ម.គ.ច) ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​បច្ចេកទេស និង​ថ្នាក់ដឹកនាំ ម.គ.ច រួមទាំង​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង និង​ពោធិ៍សាត់ និង​មន្ត្រី​ជំនាញ អង្គការ​សុខភាព​ពិភពលោក (WHO) ជិត ២០ ​នាក់ ។

លោក ហ៊ុយ រ៉េកុល ប្រធាន​ ម.គ.ច បាន​ថ្លែងថា អង្គប្រជុំ​​បាន​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធភាព និង​សកម្មភាព​សំខាន់ៗ​​សំដៅ​កំណត់​យុទ្ធសាស្ត្រ​បន្ថែម​លើ​កិច្ចការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ក្នុង​ខេត្ត​ដែល​នៅមាន​​អត្រា​ឈឺ​នៅឡើយ​។

លោក​បន្តថា ក្រោយ​ការពិនិត្យ និង​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស​ពី​គ្រប់ភាគី កិច្ចប្រជុំ​នេះ​បាន​កំណត់​នូវ​ចំណុច​សំខាន់ៗ​សម្រាប់​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក្នុង​នោះ​រួមមាន ត្រូវ​កំណត់​ចំនួន​ខេត្ត​ដែល​នៅ​មាន​ជំងឺគ្រុនចាញ់ ផ្តល់​ជំនួយ​បច្ចេកទេស​បន្ថែម​ពី​អង្គការ​សុខភាព​ពិភពលោក​ត្រូវ​ធានា​ឱ្យ​​មាន​លក្ខណៈ​បច្ចេកទេស​សមស្រប ដើម្បី​ជំរុញ​ឱ្យ​មាន​លទ្ធផល​ល្អប្រសើរ​សម្រាប់​សម្រេច​គោលដៅ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​។

តាម​របាយការណ៍​ក្រសួង​សុខាភិបាល​ពី​ខែកក្កដា​ឱ្យដឹងថា ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​នេះ​កម្ពុជា​មាន​ជំងឺ​គ្រុនចាញ់​​សរុប​ ៤៥៤ ​ករណី ថយចុះ​ ៧០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន តែ​ពុំមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា ទោះបី​ជា​ជំងឺ​គ្រុនចាញ់​ថយចុះ​ខ្លាំង​ក៏ដោយ ក៏​កម្ពុជា​មិន​ត្រូវ​ស្កប់ស្កល់​នឹង​ជោគជ័យ​នេះដែរ​។

លោកស្រី​ថា កម្ពុជា​ត្រូវ​តែ​ធ្វើ​ការងារ​ឱ្យបាន​ខ្លាំងក្លា​ថែម​ទៀត​ក្នុង​ជំហាន​ចុងក្រោយ​នៃ​ឆ្នាំ​ ២០២០ ​នេះ​សំដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​តាម​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​​គ្រុនចាញ់​ឆ្នាំ​ ២០១៦-២០២៥​។

លោកស្រី​បាន​សង្កត់ធ្ងន់​ថា​៖ «​យើង​ត្រូវ​ពិនិត្យ ពិភាក្សា និង​កំណត់​នូវ​យុទ្ធសាស្ត្រ​ថ្មី​ដែល​មាន​​ប្រសិទ្ធភាព​បន្ថែមទៀត ដោយ​ត្រូវ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​​ទាំង​បច្ចេកទេស និង​ការអនុវត្ត​ជាក់ស្តែង​ដើម្បី​ចៀសវាង​មាន​បញ្ហា​ និង​ការយល់ច្រឡំ​»​។

ជាមួយ​គ្នា​នេះ​លោកស្រី​បាន​ជំរុញ​ឱ្យ​ពិចារណា​ដោយ​លក្ខណៈ​បច្ចេកទេស​ក្នុង​ការប្រើ​វិធីសាស្ត្រ​លេបថ្នាំ​ការពារ និង​ព្យាបាល​ប៉ារ៉ាស៊ីត គ្រុនចាញ់​ជាមុន បន្ថែម​លើ​ការប្រើ​មុង និង​ថ្នាំលាប​ការពារ​មូស មុន​នឹង​បុគ្គល​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​មាន​ហានិភ័យ​ឆ្លង​ជំងឺគ្រុនចាញ់​។

លោកស្រី លី អាយលែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​គាំទ្រ​ដល់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​នេះ​ដោយ​លោកស្រី​បាន​ជំរុញ​ឱ្យ​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ពិសេស​តាម​ខេត្ត​ដែល​នៅមាន​ករណី​គ្រុនចាញ់​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ជំហាន​ចុងក្រោយ​នេះ​ដោយ​ត្រូវមាន​ភាពច្បាស់លាស់​ទាំង​បច្ចេកទេស​កម្រិត​ហានិភ័យ បញ្ហា ដែល​នឹង​អាច​ជួបប្រទះ​នាពេល​ខាងមុខ និង​ធនធាន​ថវិកា​គឺអាច​នឹង​កៀរគរ​ជំនួយ​ថវិកា​បន្ថែម​ទៀត ប្រសិន​បើ​អាច​កំណត់​បាន​ច្បាស់​នូវ​សកម្មភាព​ចាំបាច់​ដែល​ត្រូវធ្វើ​ក្នុង​ត្រីមាស​ទី​ ៤ ​នៃ​ឆ្នាំ​ ២០២០ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ​នា​ដំណាច់​ឆ្នាំ​ ២០២០ ​នេះ​» ។

បើ​តាម​ក្រសួង​សុខាភិបាល​ខេត្ត​ដែល​នៅ​ប្រឈម​ជំងឺ​គ្រុនចាញ់​រួមមាន ខេត្ត​កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ និង​ខេត្តស្ទឹងត្រែង​ដោយ​ភាគច្រើន​នៅក្នុង​ភូមិសាស្ត្រ​ដែល​​ជា​តំបន់​មានព្រៃ និង​ភ្នំ​៕