ភ្នំពេញ: មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលគ្រោងរៀបចំយុទ្ធនាការ បរិច្ចាគឈាមក្រោមប្រធានបទ «ផ្ដល់ឈាមផ្ដល់ក្ដីស្រឡាញ់» នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំនេះចំថ្ងៃដែលយុវជនតែងចាត់ទុកជាថ្ងៃទិវានៃក្ដីស្រឡាញ់ដើម្បីទាក់ទាញក្រុមយុវជនឲ្យបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលស្ថិតនៅខាងត្បូងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកស្រី មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាមតែងតែជ្រើសរើសយកថ្ងៃសំខាន់ៗធ្វើជាយុទ្ធនាការ។ ក្នុងនោះមានថ្ងៃ ១៤ កុម្ភៈ ថ្ងៃ ១៤ មិថុនាថ្ងៃទិវាផ្ដល់ឈាមពិភពលោក និងថ្ងៃសំខាន់មួយចំនួនទៀត ដើម្បីផ្សព្វផ្សាយលើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមទាំងអស់គ្នា។
លោកស្រីបន្តថា កម្រិតការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមនេះសព្វថ្ងៃនៅទាបនៅឡើយ ដោយអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមមានចំនួនប្រមាណជាង ២២ ភាគរយប៉ុណ្ណោះ នៃប្រជាជនកម្ពុជាដែលក្នុង ១ ថ្ងៃមានចន្លោះពី ៤០ ទៅ ៦០ នាក់។ រីឯតម្រូវការឈាមជួយសង្គ្រោះជនរងគ្រោះគឺក្នុង ១ ថ្ងៃចន្លោះពី ២០០ ទៅ ២៥០ ប្លោក។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៩ មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានផ្គត់ផ្គង់ឈាមប្រមាណ ៦៩ ៧៩៦ ប្លោក ប៉ុន្ដែសព្វថ្ងៃនេះឈាមបានពីអ្នកស្ម័គ្រចិត្តបរិច្ចាគគឺមានត្រឹមតែ ២៧ ភាគរយប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា៖ «ការផ្ដល់ឈាមវាលើសពីការផ្ដល់ក្ដីស្រឡាញ់នៅក្នុងថ្ងៃ ១៤ កុម្ភៈ ប៉ុន្ដែការផ្ដល់ក្ដីស្រឡាញ់មួយចំនួនគឺយើងផ្ដល់ត្រឹមតែថានឹងមាត់ទទេ គ្មានការអនុវត្តពិតប្រាកដ តែបើយើងបានផ្ដល់ឈាម គឺយើងបានអនុវត្តគឺផ្ដល់ក្ដីស្រឡាញ់ពិតប្រាកដ។ ដូច្នេះខ្ញុំសូមអំពាវនាវមានការចូលរួមយ៉ាងសស្រោកសស្រាំថែមទៀត...»។
លោកស្រី សាមាន បន្ថែមថាកន្លងមកមានពលរដ្ឋខ្លះយល់ច្រឡំថា ការបរិច្ចាគឈាមធ្វើឲ្យប៉ះពាល់ដល់សុខភាព ប៉ុន្ដែវាមិនមែនដូចការគិតបែបនេះទេ ព្រោះមុនពេលបរិច្ចាគឈាមគឺគ្រូពេទ្យតែងពិនិត្យសុខភាពអ្នកស្ម័គ្រចិត្តនោះយ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើរកឃើញថា ពួកគាត់មិនអាចផ្ដល់ឈាមបាន គ្រូពេទ្យនឹងមិនទទួលយកឈាមពីគាត់ទេ ហើយពិគ្រោះយោបល់ជុំវិញស្ថានភាពជំងឺគាត់ទៀត។ រីឯអ្នកស្ម័គ្រចិត្តដែលគ្រូពេទ្យរកឃើញថា អាចបរិច្ចាគឈាមបាន គ្រូពេទ្យនឹងទទួលយក ហើយក៏ណែនាំពីការថែទាំសុខភាពផងដែរ។
លោក រ៉ា ណារិទ្ធ យុវជនម្នាក់ដែលធ្លាប់បរិច្ចាគឈាមចំនួន ២ លើករួចមកហើយ បានថ្លែងថាការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ផ្ទុយទៅវិញវាផ្ដល់អត្ថប្រយោជន៍ច្រើន។ មុនពេលបរិច្ចាគឈាម គ្រូពេទ្យបានពិនិត្យសុខភាពថា តើឈាមអ្នកស្ម័គ្រចិត្តនោះអាចទទួលយកបានឬអត់? ប៉ុន្ដែបើសុខភាពមិនល្អ ក៏គ្រូពេទ្យមិនតម្រូវឲ្យបរិចា្ចគដែរ។
លោកបន្តថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមបន្ទាន់ ឬជួយអ្នកដែលគ្មានសាច់ញាតិ។ ការផ្ដល់ឈាមជាការបង្ហាញពីក្ដីស្រឡាញ់ក្នុងសង្គមជាតិ និងការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន។
លោក ណារិទ្ធ បញ្ជាក់ថា៖ «ខ្ញុំសូមជំរុញ និងអំពាវនាវទៅពលរដ្ឋខ្មែរទូទាំងប្រទេសមេត្ដាចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីចែករំលែកក្ដីស្រឡាញ់សម្រាប់មនុស្សជាតិ។ ឈាមរបស់អ្នកពិតជាបានដឹកនាំក្ដីស្រឡាញ់ និងសារធាតុសំខាន់ៗដូចជា អុកស៊ីហ្ស៊ែនជាដើមទៅជួយជីវិតអ្នកជំងឺទាំងឡាយដែលកំពុងរង់ចាំអ្នកជួយសង្គ្រោះ»។
រីឯយុវជនម្នាក់ទៀតឈ្មោះ ចាន់ រស្មី អាយុ ២៥ ឆ្នាំបានឲ្យដឹងថា លោកក៏ធ្លាប់បរិច្ចាគឈាមម្ដងដែរ ដើម្បីចូលរួមចំណែកតូចមួយជួយដល់សង្គមជាតិ។ ការបរិច្ចាគឈាម គឺបង្ហាញពីការយកចិត្តទុកដាក់ជួយដល់ជនរងគ្រោះដែលកំពុងត្រូវការឈាម ដើម្បីសង្គ្រោះជីវិតគាត់។
លោកបញ្ជាក់ថា៖ «ដំបូងឡើយ ខ្ញុំបារម្ភថាពេលបរិច្ចាគឈាមហើយគឺធ្វើឲ្យប៉ះពាល់សុខភាព ហើយខ្ញុំក៏មិនទាន់ហ៊ានដែរទេ តែដល់ពេលសម្រេចចិត្តច្រើនលើកទើបហ៊ាន ហើយក៏ឃើញមិត្តភក្ដិគាត់បរិច្ចាគច្រើននាក់ដែរ។ ពេលបរិច្ចាគរួច អត់មានបញ្ហាអ្វីទេគឺយើងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យពីការថែទាំសុខភាព»៕