ភ្នំពេញៈ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​កុយរមាស និង​ភ្លុក​ដំរី​ដោយ​ចាត់ទុក​សកម្មភាព​​នេះ​ថា ខុសច្បាប់ ស្រប​ពេល​ដែល​ក្រសួង​កំពុង​បន្ត​ចេញ​សេចក្ដី​ជូនដំណឹង​ឱ្យ​បញ្ឈប់​ការលក់ដូរ​នៅតាម​រាជធានី និង​ខេត្ត​នានា ខណៈ​មាន​ខេត្ត​ចំនួន​ ២ ​ត្រូវ​បាន​ជូនដំណឹង​រួចហើយ​។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា ការជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍​ទាំងនេះ​នឹង​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​នៅតាម​បណ្ដា​ខេត្ត​នានា ខណៈ​ក្រសួង​ទើបតែ​ជូនដំណឹង​ជា​ជំហាន​ដំបូង​ទៅ​ដល់​ទីតាំង​លក់​វត្ថុ​អនុស្សាវរីយ៍​បាន​ចំនួន​ ៣២ ​កន្លែង​ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ​។

លោក ភក្ដ្រា បាន​អះអាង​ថា​អាជីវកម្ម​លក់​ចម្លាក់​ធ្វើ​ពី​កុយរមាស និង​ភ្លុក​ដំរី និង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ គឺជា​ទង្វើ​ខុសច្បាប់​ព្រៃឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​។ ​ការលើកឡើង​របស់​លោក នេត្រ ភក្ត្រា នេះ បាន​ចុះផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​ ៣០ ខែ ​សីហា​។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ម្ចាស់​អាជីវកម្មដ្ឋាន​មាន​លាក់ទុក​ ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ សូម​ប្រគល់​ជូន​ដល់​សមត្ថកិច្ច​ហើយ​បើ​ប្រសិន​សមត្ថកិច្ច​រក​ឃើញ និង​ចាប់បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាមច្បាប់​ជា​ចាំបាច់​»​។

លោក​បាន​បន្ថែម​ថា​៖ «​ការធ្វើ​ពាណិជ្ជកម្ម​ដូចជា ការលក់ នាំចូល និង​នាំចេញ​នូវ​ទំនិញ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដោយ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ និង​ត្រូវបាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

បើ​តាម​លោក នេត្រ ភក្ត្រា ការចេញ​វិធានការ​នេះ​គឺ​បន្ទាប់ពី​មាន​ការចុះ​ស្រាវជ្រាវ​កាលពីពេល​ថ្មីៗ​របស់​សមត្ថកិច្ច​បាន​រកឃើញ​ថា មាន​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​លក់​គ្រឿង​ចម្លាក់​ដែល​ធ្វើឡើង​ពី​ភ្លុក​ដំរី​ និង​កុយរមាស​ដែល​ច្បាប់​បាន​ហាមឃាត់​។

បុរស​លក់​វត្ថុ​អនុស្សាវរីយ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​​ម្សិលមិញ​ថា វត្ថុ​ធ្វើ​ពី​កុយរមាស និង​ភ្លុក​ដំរី​ដែល​មាន​លក់​នៅតាម​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​គឺជា​វត្ថុ​ដែល​បន្សល់ទុក​តាំងពី​សម័យបុរាណ មិនមែន​ជា​វត្ថុ​ដែល​បង្ក្រាប​ដោយ​មន្ត្រី​គយ​កន្លងមក​ឡើយ​។

លោក​បន្តថា​តាម​អ្នក​ជឿ កុយរមាស និង​ភ្លុក​ដំរី ត្រូវ​បាន​គេ​ឆ្លាក់​ធ្វើជា​ព្រះ​ ឬ​បន្តោង​ផ្សេងៗ​ពាក់​ជាប់​ខ្លួន​ដើម្បី​ការពារ​ពី​គ្រោះថ្នាក់​នានា និង​ដើម្បី​លើករាសី ហើយ​អ្នក​​ខ្លះទៀត គេ​ជឿជាក់​ថា កុយរមាស អាច​ប្រើប្រាស់​ជា​ថ្នាំបន្សាប​ជាតិពុល​ក្នុង​ខ្លួន និង​ជំងឺ​មហារីក​បាន ខណៈ​ភ្លុក​ដំរី​ក៏​អាច​ប្រើប្រាស់​ជា​ថ្នាំ​ត្រជាក់​ដែរ តាមរយៈ​ការ​ដុស​លាយ​ជាមួយ​ទឹក​ផឹក​។

លោក​ថា​៖ «​នៅក្នុង​ស្រុក​ព្រៃភ្នំ​អី គេ​ប្រើ​ភ្លុក​ដំរី ធ្វើ​ថ្នាំ​ត្រជាក់​ និង​ថ្នាំកែរោគ ហើយ​គ្រូខ្មែរ​មួយ​ចំនួន​យក​ឆ្អឹង​សត្វ ដូចជា ភ្លុក ខ្នាយ ចង្កូមខ្លា កុយរមាស អីហ្នឹង ដើម្បី​យកមក​ព្យាបាល​ជំងឺ​មួយ​ចំនួន​ដែល​គ្រូពេទ្យ​វិទ្យាសាស្ដ្រ​ព្យាបាល​អត់​ជា ប៉ុន្តែ​គ្រូខ្មែរ​យើង​គាត់​អាច​ព្យាបាល​ជា​តាមរយៈ​អាឆ្អឹង​សត្វ​ទាំងអស់​ហ្នឹង​»​។

កាលពី​ឆ្នាំ​ ២០១៧ បុរស​ម្នាក់​ជា​ម្ចាស់​ហាង​លក់​ឱសថ​បុរាណ​មួយកន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ចុះបង្ក្រាប និង​រកឃើញ​ប្រភេទ​សត្វព្រៃ​មួយចំនួន​នៅ​ទីតាំង​លក់​ឱសថ​បុរាណ​របស់គាត់ ដូចជា ពង្រូល ទន្សោង អណ្ដើក សំពោច និង​សំណាក​សត្វ​មួយ​ចំនួន​ទៀត រួមមាន ក្បាល​ប្រើស​ជាប់​ស្នែង ឆ្អឹង​ក្បាល​កេងកង សាច់ និង​ឆ្អឹង​ឈ្លូស ក្រចក​ខ្លាឃ្មុំ ខ្នាយ​ជ្រូកព្រៃ និង​ចង្កូម​ឆ្កែព្រៃ ជាដើម​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ (Birdlife) ប្រចាំ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការប្រកាស​ហាម​លក់​វត្ថុ​ច្នៃ​ពី​សត្វ​ព្រៃរបស់​ក្រសួង​បរិស្ថាន​នេះ ដោយ​លោក​យល់​ថា គឺជា​ការចូលរួម​​ចំណែក​របស់​កម្ពុជា​ជាមួយ​ពិភពលោក​ដើម្បី​បង្ក្រាប​ការរត់ពន្ធ​ផលិតផល​ពី​សត្វព្រៃ​។

លោក​ថា​៖ «​កន្លងមក យើង​ធ្លាប់​បង្ក្រាប​ចាប់​បាន​ភ្លុក​ដំរី​មួយចំនួន​អី​ដែរ ហើយ​បើ​យើង​គ្មាន​ចំណាត់ការ យើង​មិន​បានរួម​ដៃ​ក្នុងការ​កាត់បន្ថយ​ការរត់ពន្ធ​ផលិតផល​ពី​សត្វព្រៃ​»​។

កាលពី​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨ កម្ពុជា​បង្ក្រាប​បាន​ភ្លុក​ដំរី​ជាង​ ១ ​ពាន់​ដុំ​ ទម្ងន់​ជិត ៣ ៥០០ ​គីឡូក្រាម​ ពី​ក្នុង​ទូ​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។ បើតាម​ក្រសួង​បរិស្ថាន សំណាក​ភ្លុកដំរី កុយរមាស រាប់ពាន់​ដុំ មាន​ទម្ងន់​ជាង​ ៥ ​តោន ត្រូវ​បាន​បង្ក្រាប​ពី​ឆ្នាំ​ ២០១៦ ​ដល់​ ឆ្នាំ​ ២០១៨ ហើយ​កុយរមាស ភ្លុក​ដំរី និង​សំណាក់​សត្វ​កម្រៗ​ជាច្រើន​ទៀត ដែល​បង្ក្រាប​បាន​នេះ គឺ​កំពុង​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​បំផុត ហើយ​លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​កាលពី​ឆ្នាំ​ ២០១៧ ​ថា សំណាក​សត្វ​ដែល​បង្ក្រាប​ទាំងនោះ​នឹង​មិន​ដុតចោល​ឡើយ ប៉ុន្តែ​នឹង​ទុក​សម្រាប់​តាំងពិព័រណ៍ និង​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ​ជាដើម​៕