កំពង់ចាម-ត្បួងឃ្មុំៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ​ដែល​ឆ្លងកាត់​ទន្លេមេគង្គ​ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ពលរដ្ឋ ជាពិសេស​ក្នុងអំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។

ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពី​ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖ «​ពេល​យើង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ​នេះ​នឹង​មាន​ការកកស្ទះ​ (​ឆ្លង​ស្រឡាង​) ​យើង​មិន​ចង់ឱ្យ​គាត់​ប្រើ​ស្រឡាង​ទៀត​ទេ​គឺ​ពលរដ្ឋ​អាច​ប្រើ​ស្ពាន​នេះ​បាន​អ៊ីចឹង​សម្តេច​តេជោ លោក​បាន​ឯកភាព​ថា​​ឱ្យ​បើក​ស្ពាន​នេះ​ធ្វើដំណើរ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ​»​។

លោក​ឱ្យដឹង​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​ស្ពាន​នេះ​នៅពេល​វេលា​សមស្រប​ណាមួយ​។

បើតាម​លោក ស៊ុន ចាន់ថុល គម្រោង​ស្ពាន​នេះ​ត្រូវ​បញ្ចប់​នៅ​ខែឧសភា ​ឆ្នាំ ២០២១ ប៉ុន្តែ​ដោយសារ​​ក្រុមហ៊ុន​ពន្លឿន​ការសាងសង់​ក៏បាន​បញ្ចប់​មុន​កាលកំណត់ ដែល​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លងកាត់​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​ខិតជិត​ចូលមក​ដល់​។ ចំពោះ​ស្រឡាង​ដែល​ធ្លាប់​ចម្លង​នៅ​ស្ទឹងត្រង់-ក្រូចឆ្មារ​នឹង​បង្វែរ​ទៅ​ចម្លង​នៅ​ខេត្តកំពង់ឆ្នាំង ដែល​ពុំទាន់​មាន​ស្ពាន​ឆ្លងកាត់​វិញ​។

អភិបាលខេត្ត​កំពង់ចាម​លោក លោក អ៊ុន ចាន់ដា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា ស្ពាន​ចម្លង​ស្ទឹងត្រង់-ក្រូចឆ្មារ​នេះ​ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​តំបន់​ទាំង​ ២ ជាពិសេស​រួមចំណែក​​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។

លោក​ថា​៖ «​ស្ពាន​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត គឺជា​ប្រវត្តិសាស្ត្រ​​សម្រាប់​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ការផ្សារភ្ជាប់​នូវ​សេដ្ឋកិច្ច​ក៏ដូចជា​គមនាគមន៍​ដែល​នឹង​បង្ក​នូវ​លក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​»​។

ស្ពាន​ឆ្លងទន្លេ​ស្ទឹងត្រង់-ក្រូចឆ្មារ​ដែល​ទើប​បើក​ឱ្យ​ឆ្លង​កាលពី​ម្សិលមិញ​។ រូបថត ក្រសួង​សាធារណការ

លោក​ឱ្យដឹង​ដែរ​ថា ចំពោះ​ស្រឡាង​ (២ ​គ្រឿង​) ​ដែល​ធ្លាប់​ចម្លង​ប្រចាំថ្ងៃ​​ត្រូវ​បាន​បញ្ឈប់​សកម្មភាព​ដឹកជញ្ជូន​​ពី​ពេលនេះ​ផងដែរ នៅពេល​ដាក់ឱ្យ​ដំណើរការ​ស្ពាន​បណ្តោះអាសន្ន ខណៈ​ពលរដ្ឋ​បាន​ងាក​មក​ប្រើប្រាស់​ស្ពាន​នេះ ដោយសារ​ចំណេញ​ពេលវេលា ថវិកា ការដឹកជញ្ជូន​កសិផល​​បាន​ច្រើន​ និង​ទាន់​ចិត្ត​។

ជាមួយ​គ្នា​នេះ​លោក អ៊ុន ចាន់ដា បាន​គូសបញ្ជាក់ថា ដើម្បី​ចូលរួម​ថែរក្សា​ស្ពាន​ថ្មី​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ប្រើប្រាស់​បានយូរ អធិការ​ស្រុក​ស្ទឹងត្រង់​នឹង​ដាក់​កម្លាំង​សន្តិសុខ​នៅ​ទីនោះ​ដើម្បី​ឃ្លាំមើល​រថយន្ត​ដឹក​លើស​ទម្ងន់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​គុណភាព​ស្ពាន​។

លោក​បាន​ថែ្លង​ថា​៖ «​កម្លាំង​សន្តិសុខ​របស់​ស្រុក​នៅ​ទីនោះ​នឹង​ពិនិត្យមើល​រាល់​ការធ្វើ​ដំណើរ​គ្រប់​ប្រភេទ​យានយន្ត​ទាំងអស់ ហើយ​បើ​ពិនិត្យឃើញ​ថា មាន​យានយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ស្ពាន​នេះ យើង​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ឆ្លងកាត់​ស្ពាន​ទេ​»​។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ក្នុង​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ស្ពាន​នេះ​មាន​ប្រវែង​សរុប ១ ១៣១ ​ម៉ែត្រ និង​ទទឹង​ ១៣,៥០ ​ម៉ែត្រ​ ជា​ប្រភេទ​ស្ពានបេតុង​អាមេរិច​ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១ ខែ ធ្នូ ឆ្នាំ​ ២០១៧ ​ជា​គម្រោង​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​ ដែល​តាម​គម្រោង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៥៦,៩៩៨ ​លាន​ដុល្លារ​៕

វីដេអូ៖