ភ្នំពេញ/រតនៈគិរីៈ ទន្តបណ្ឌិត​ម្នាក់​​និង​គិលានុ​បដ្ឋាយិកា​ម្នាក់​ ត្រូវ​បាន​សាមី​អង្គ​ភាព និង​ក្រសួង​សុខាភិបាល ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យដោយ​ម្នា​ក់​​​ត្រូវ​បាន​បញ្ឈប់​ពីការងារ​ ជា​ទន្ត​បណ្ឌិ​ត ​រយៈ​ពេល ​៦​ ខែ​ ដោយ​ពុំ​មាន​ប្រាក់​ឧបត្ថម្ភ​សេវា និង​ម្នាក់​ទៀតត្រូវ​បាន​ដាក់​ឲ្យនៅ​ក្នុង​​ភាព​ទំនេរ​ពី​ការ​ងារ​រយៈពេល ១ ​ឆ្នាំ ដោយ​គ្មាន​ប្រាក់​បៀ​វត្សរ៍ពាក់​​ព័ន្ធ​នឹង​ការ​យក​លុយ​ក្រៅ​សេវា​ពី​អ្នក​ជំងឺ​ និង​ប្រើហិង្សា​ទះ​កំផ្លៀង​អ្នក​ជំងឺ​។

លោក​ទន្ត​បណ្ឌិត គ្រុយ ភិរក្ស បម្រើ​ការងារ​ផ្នែក​ទន្តវទន​សាស្ត្រ​នៃ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរសូវៀត ត្រូវ​បាន​លោក​សាស្ត្រាចារ្យ ​ងី ម៉េង​ នាយក​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរសូវៀត សម្រេ​ច​ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ ដោយ​បញ្ឈប់​ពីការងារ​ជា​ទន្ត​បណ្ឌិត រយៈ​ពេល​ ៦ ​ខែ​ ដោយ​ពុំ​មាន​ប្រាក់​ឧបត្ថម្ភ​សេវា បន្ទា​​ប់​ពីក្រុម​ប្រឹក្សា​វិន័យ​ នៃមន្ទីរ​ពេទ្យ​នេះ បាន​រក​ឃើញ​កំហុស​ឆ្គង​ដ៏ធំ​មួយ​របស់​គាត់ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​យក​លុយ​ក្រៅ​សេវា​ពីអ្នក​ជំងឺ។ នេះ​បើ​យោង​លិខិត​បង្គាប់​ការ ចុះថ្ងៃ​ទី ​២៣ ​ខែ កក្កដា ឆ្នាំ ២០១៩ ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​​ម្សិល​មិញ​។

ក្នុង​លិខិត​បង្គាប់​ការ​នោះ​ លោក​ ងី ម៉េង បានចាត់​​ទុក​ទង្វើរ​បស់​ទន្ត​បណ្ឌិ​ត គ្រុយ ភិរក្ស​ ដែល​បាន​យក​លុយ​ក្រៅ​សេវា​ពី​អ្នក​ជំងឺ​ ថា ​«ជាការ​អនុវត្ត​ផ្ទុយ​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​មន្ទីរ​ពេទ្យ និង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ ក៏ដូច​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់​ការ​ផ្តល់​សេវា​ជូន​អ្នក​ជំងឺ​»។

ទន្ទឹម​នឹង​នេះ លោក ម៉េង ក៏បានប​ង្គា​ប់​ឲ្យទ​ន្ត​បណ្ឌិ​ត គ្រុយ ភិរក្ស ​មក​បម្រើការ​ងារ​នៅ​ការិ​​​​យា​ល័យ​រដ្ឋ​បាល​រៀង​រាល់​ម៉ោង​ធ្វើ​ការ ដើម្បី​កែ​ប្រែ​កំហុស​ឆ្គង និង​រង់​ចាំ​សេច​​​ក្តី​សម្រេច​ជា​ថ្មី។

ដោយ​ឡែក អ្ន​ក​ស្រី ណុប យ៉ុម គិលា​នុ​បដ្ឋា​យិកា [មធ្យម] ផ្នែក​ចក្ខុរោគ​ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតនគិរី ត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង ប្រកាស​ដាក់​ទណ្ឌ​​កម្ម​ផ្នែក​វិន័យ ឲ្យ​ស្ថិត​នៅ​ភាព​ទំនេរ​ គ្មាន​ប្រាក់​បៀវ​ត្ស​រ៍រយៈ​ពេល ​១​ ឆ្នាំ ដោយ​ចាប់​​ផ្ដើម​អនុវត្តពី​ថ្ងៃ​ទី​ ១​ ខែ ​សីហា ឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ៣១ ខែ​ កក្កដា ឆ្នាំ ២០២០ ដោយ​សារ​តែ​គាត់​បាន​ប្រើ​អំពើ​ហិង្សា​ទះ​កំផ្លៀង​ស្ត្រី​អ្នក​ជំងឺ​ ​វ័យ​ចំណាស់​ម្នាក់​ ដែល​​ជា​ជន​ជាតិ​ភាគ​តិច​គ្រឹង​។

ក្នុង​សេចក្ដី​ប្រកាស​ចុះថ្ងៃ​ទី ​២៥ ខែ​ កក្កដា ឆ្នាំ ២០១៩ និង​ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍ទើ​ប​តែ​ទទួល​បាន​ កាល​ពី​ម្សិល​មិញ លោក ម៉ម ប៊ុនហេង បាន​តម្រូវ​ឲ្យអ្នក​ស្រី ណុប យ៉ុម ត្រូវ​ដាក់​ពាក្យ​សុំ​ចូល​បម្រើការ​ងារ​របស់​ខ្លួន​ឡើង​វិញ​ ឲ្យ​បាន​ ២ ខែ​មុន​ពេល​ផុត​កំណត់​ នៃ​រយៈពេល​ទំនេរ​គ្មាន​បៀវត្សរ៍។

លោក​​គូស​បញ្ជាក់​ទៀត​ថា​៖ «ក្នុង​ករណីហួស​​កាល​បរិច្ឆេទ​នេះ ត្រូវ​ចាត់​ទុក​ជាការ​បោះបង់​ការងារ​ចោល»។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ប្រព្រឹត្ត​ទង្វើ​អសី​លធម៌​ដោយ​ទះកំផ្លៀង​ និង​ជេរ​ប្រមាថ​ទៅ​​លើ​ស្ត្រី​អ្ន​កជំងឺ​ឈ្មោះ ប៉ះ ពាល​ អាយុ​ ៥៦ ​ឆ្នាំ ជាជន​ជាតិ​គ្រឹង កាល​ពីថ្ងៃ​ទី ២២ ខែ​ កក្កដា ឆ្នាំ​ ២០១៩ រួច​មក អ្នក​គ្រូពេទ្យ ណុប យ៉ុម ​បាន​រង​ការ​រិះគន់​ខ្លាំងៗ​ពី​មហា​ជ​ន​ទូទៅថា​ជា​គ្រូពេទ្យ ​«គ្មាន​សីល​ធម៌​»។

ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ «ដើម្បី​ប្រជា​ជន​​​កម្ពុជា​» បាន​សរសេរ​រៀប​រាប់​អំពី​ព្រឹត្តិ​ហេតុ​ដែល​បាន​កើត​ឡើង ​នៅថ្ងៃ​នោះ​ថា អ្នក​ស្រី ​ប៉ះ ពាល គឺ​ជា​ជន​ពិការ គថ្លង់ និងមាន​បញ្ហា​ងងឹត​ភ្នែក ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​វះ​កាត់​ភ្នែក។ ប៉ុន្តែ នៅ​ពេល​កូនៗ​របស់​គាត់​ នាំ​គាត់​ទៅ​ដល់​អគារ​ផ្នែក​ភ្នែក បាន​ជួប​នឹង​អ្នក​គ្រូ​ពេទ្យ[ណុប យ៉ុម] ដែ​ល​មាន​សម្តីសំដៅ​គ្មាន​សីលធម៌ វិជ្ជា​ជីវៈ​ជាពេទ្យ​ទាល់​តែសោះ​។

​ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏បាន​ពណ៌​នាអំពើ​លក្ខណសម្បត្តិ​​របស់​អ្នក​គ្រូពេទ្យ​ ណុប យ៉ុម ​ថា​៖ «​អ្នក​គ្រូព្រទ្យ​គ្មាន​សីលធម៌​ម្នាក់​នេះ មាឌ​ល្អិត ស្គម តែ​ថ្លើម​ធំណាស់​ ហ៊ាន​តិះ​ដៀល​ប្រមា​ថ​មាក់​ងាយ​ [អ្នក​ជំងឺ] ជា​ជន​ជាតិ​ភាគ​តិច​ថា ល្ងី​ល្ងើ ភ្លី​ភ្លើ និង​ហ៊ាន​លើក​ដៃ​ទះ​កំផ្លៀង​ឆ្វេង​ស្តាំ និង​វាយ​ដៃ ចាប់​ទាញ​ជើង ​[អ្នក​ជំងឺ] ដូច​ទាញ​អុស ខណ:​កំពុង​ពិនិត្យ​អ្នកជំងឺ»។

ប៉ុន្តែ​ក្រោយ​មកអ្ន​ក​គ្រូពេទ្យ ណុប យ៉ុម​ ក៏បាន​ចេញ​មុខ​បក​ស្រាយ​ថា ខណៈ​​ដែល​កំពុង​ពន្យល់​ពីនីតិវិធី​ពិនិត្យ​ជំងឺ​ អ្នក​ស្រី​​បាន​ប្រើ​កាយ​វិការ​ដោយ​យក​ដៃ​ទៅ​គោះ​ដៃ​អ្នក​ជំងឺ​ឲ្យ​ដាក់​ចុះ និ​ងឲ្យ​អង្គុយ​ដាក់​ជើង​ត្រង់​ចុះក្រោម​ ហើយ​ការ​យក​ដៃទៅ​គោះ​ថ្ពាល់​ស្ត្រី​ជាអ្នក​ជំងឺ​នោះ គឺចង់​ប្រាប់​គាត់​កុំឲ្យ​យក​ដៃ​ច្រត់​ថ្ពាល់​ចង្កា និង​ប្រាប់​ឲ្យ​គាត់​មើល​ទៅផ្ទាំង​អក្សរ​គំរូ។

អ្នក​គ្រូ​ពេទ្យ ណុប យ៉ុម ត្រូវ​បាន​គេហ​ទំព័រ​ខ្មែរ​ណូត ដក​សម្រង់​សម្ដី​មក​បញ្ជាក់​ថា​៖ «ខ្ញុំ​ដឹង​ថា​កាយ​វិការ​របស់​ខ្ញុំបាន​ធ្វើ​ឲ្យអ្នក​ជំងឺ​ និង​កូនៗ​របស់​គាត់​មិន​យល់ ហើយ​មាន​ការ​ភាន់​ច្រឡំ​ និង​ភាសា​កាយវិការ​ផង​នោះ​ ទើប​ពួក​គេគិត​ថា ខ្ញុំ​បាន​ទះ​កំផ្លៀង​ស្ត្រីជា​អ្នក​ជំងឺ តែ​តាម​ការ​ពិត​គឺ​មិន​ដូច្នោះ​ទេ»៕