ភ្នំពេញៈ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា​បាន​ដាក់​ទិស​ដៅ​លុប​បំបាត់​ភាព​រាំងស្ទះ​ដល់​អ្នក​មាន​បញ្ហា​អូទីស្សឹម និង​ដោនសាំងដ្រូម ឬ​ហៅថា​ជន​ខ្សោយសតិ​បញ្ញា ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ទៅ​ជា​ជន​ឯករាជ្យ​អាច​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន និង​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ពី​សហគមន៍ និង​គ្រួសារ ពិសេស​គ្រូ​ជំនាញ ខណៈ​ការ​ព្យាបាល​ត្រូវ​ប្រើ​ពេល​យូរ។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូចជា​ពិភពលោក​ទាំងមូល​បានកំណត់​យក​ថ្ងៃទី ២ ខែ ​មេសា រៀង​រាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​អូទីស្សឹម និង​ដោន​សាំងដ្រូម ​ឬ​ហៅថា ជន​ខ្សោយ​សតិបញ្ញា ដើម្បី​លើក​ទឹកចិត្ត​ពួកគាត់​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ទូទៅ ក៏​ដូចជា​ការ​លើក​កម្ពស់​ការ​ចូលរួម​សកម្មភាព​សង្គម​ផងដែរ។

នៅ​ឆ្នាំនេះ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​នីតិ​ស​ម្បទា បាន​ប្រារព្ធ​ទិវា​នេះ ជា​លើក​ទី៦ ក្រោម​ប្រធាន​បទ "លុប​បំបាត់​ឧបសគ្គ​រារាំង​ការ​ចូលរួម​ក្នុង​សង្គម​របស់​មនុស​អូទីស្សឹម​និង​ដោន​សាំងដ្រូម" នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុនសែន​ខេត្ត​កណ្តាល ដែល​មាន​អ្នក​ចូលរួម​ជិត ៩០០ នាក់ ជា​អ្នក​ជួប​បញ្ហា គ្រូបង្រៀន និង​មន្ត្រី​រាជការ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន​ថ្លែង​ថា ដើម្បី​ដោះស្រាយ​បញ្ហា អូទីស្សឹម និង​ដោន​សាំងដ្រូម លោក​បាន​ខិតខំ​ជំរុញ​ដោះស្រាយ​ឧបសគ្គ​នានា​ដូចជា​ផ្នែក​សេដ្ឋកិច្ច​សង្គមកិច្ច សិល្បៈ វប្បធម៌​នយោបាយ ដោយ​ធ្វើយ៉ាង​ណា​ឲ្យ​ពួកគេ​អាច​ចៀស​ផុតពី​ការ​រើស​អើង​និង​រស់​នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។

លោក​បញ្ជាក់ថា៖ «ជាមួយនឹង​ការយកចិត្តទុកដាក់​នេះ នៅក្នុង​ឆ្នាំនេះ លោក​ក៏បាន​ណែនាំ​ឲ្យ​បង្កើន​ការ​កសាង​ធនធាន​មនុស្ស ជាពិសេស​គ្រូបង្រៀន​សាស្ត្រាចារ្យ​ឲ្យ​មាន​សមត្ថភាព​ក្នុងការ​បណ្តុះ​បណ្តាល​ជន​ខ្សោយ​សតិ​តាំង​ពី​ថ្នាក់​បឋម​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា​ក្នុង​ទិសដៅ​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ស្មើគ្នា​ក្នុង​វិស័យ​អប់រំ»។

បញ្ហា​អូ​ទី​ស្សឹម ត្រូវបាន​រកឃើញ​តាំងពី​យូរណាស់​មកហើយនៅ​ឆ្នាំ ១៩៣៨ ដោយ​លោក​វេជ្ជបណ្ឌិត Leo Kanner នៃ​មន្ទីរពេទ្យ Jonhs Hopkins សហរដ្ឋ​អាមេរិក ហើយ​លោក​បាន​ណែនាំ​ឱ្យ​ហៅ​ករណី​នេះ​ថា​ជា​អូទីស្សឹម​ដែល​វា​កើត​ឡើង​លើ​មនុស្ស​មាន​វិបត្តិ​នៃ​ការ​លូត​លាស់​ប្រព័ន្ធ​ខួរក្បាល​តាំង​ពី​កំណើត ដោយ​មាន​បញ្ហា​លំបាក​លើ​ញាណ​ដឹង លំបាក​ក្នុងការ​ទំនាក់​ទំនង​ក្នុង​សង្គម​តាមរយៈ​ការ​និយាយ មាន​ឥរិយាបថ​រឹងរូស និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត។

តាម​ការស្រាវជ្រាវ​នៅលើ​ពិភពលោក​ក្នុងចំណោម​កុមារ ១ ០០០ នាក់ គឺមាន​អ្នក​កើត​អូទីស្សឹម​ពី​ម្នាក់​ទៅ ២ នាក់​ហើយ​ភាគ​ច្រើន​តែង​កើត​លើ​កុមារា​ហើយ​កើត​អស់​មួយ​ជីវិត។

លោក ឯម ច័ន្ទ​មករា អគ្គលេខាធិកា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ នៃ​ក្រសួង​សង្គមកិច្ច​បាន​ថ្លែង​ថា ពិត​ណាស់ប្រសិន​បើ​អ្នក​មាន​បញ្ហា​ខ្សោយ​សតិ​បញ្ញា ឬ​អូទីស្សឹម ពេល​នោះ​សង្គម​នឹង​ប្រែជា​ក្រៀម​ក្រំ​ភ្លាម!​ការ​យល់​ដឹង​ពី​បញ្ហា​អូទីស្សឹម​បាន​កើន​ឡើង​ទូទាំង​ពិភពលោក​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ រួម​ទាំង​កម្ពុជា​ផង។

លោក​បញ្ជាក់ថា៖ «ការចូលរួម​របស់​ជន​ខ្សោយសតិ​បញ្ញា និង​អូទីស្សឹម ពិតជា​មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព (SDGs) ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការ​សម្រេច​ឲ្យ​ខាង​តែ​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​មួយ​នេះ»។

បើតាម​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ កុមារ និង​យុវជន​មាន​ពិការភាព​នៅ​កម្ពុជា​ប្រមាណ​ជិត ៥ ម៉ឺន ៥ ពាន់​នាក់​ក្នុង​នោះ​ស្រី​មាន​ប្រមាណ​ជាង ២ ម៉ឺន ២ ពាន់​នាក់​ទទួល​បាន​ការ​អប់រំ និង​បាន​ចូល​រៀន​នៅ​សាលា​ហើយ​បើ​ទោះ​ជា​គ្មាន​តួលេខ​ច្បាស់​លាស់​អំពី​កុមារ​អូទីស្សឹម តែ​គេ​អាច​ប៉ាន់​ស្មាន​ថា ក្នុង​ចំណោម​ជន​មាន​ពិការភាព​ទាំង​នោះ គឺ​មាន​ប្រមាណ ៥​ ០០០ នាក់​ដែលមាន​បញ្ហា​អូទីស្សឹម៕