ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈនាយកដ្ឋានលំនៅឋាន ដែលទើបបង្កើតថ្មី គ្រោងសាងសង់ និងអភិវឌ្ឍលំនៅឋានក្នុងតម្លៃសមរម្យដើម្បីដាក់លក់ និងជួលដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះទូទាំងប្រទេស។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីពិធីប្រគល់វិញ្ញាបនបត្រស្តីពីការអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យ កាលពីម្សិលមិញ លោក ប៉េង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃនាយកដ្ឋានលំនៅឋាន បានឲ្យដឹងថា គម្រោងនៃកម្មវិធីសាងសង់ និងអភិវឌ្ឍន៍លំនៅឋាននេះគឺត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាលំនៅឋានដល់ប្រជាពលរដ្ឋតាមរយៈគម្រោងលំនៅឋានលក់ផ្តាច់ និងគម្រោងលំនៅឋានសម្រាប់ជួល ទៅឲ្យប្រជាពលរដ្ឋដែលស្ថិតក្រោមខ្សែបន្ទាត់ក្រីក្រ ១៨ ភាគរយ នៃពលរដ្ឋកម្ពុជាសរុប។
លោកថា៖ «កម្មវិធីនេះគឺសំដៅធ្វើឡើងសម្រាប់បងប្អូនអ្នកធ្វើចំណាកស្រុករកការងារធ្វើក្នុងរយៈពេលខ្លីនៅកន្លែងណាមួយ គឺគាត់ជួលសម្រាប់អ្នកដែលមានលទ្ធភាពគឺគាត់ទិញក្នុងតម្លៃសមរម្យ»។
លោកបន្តថា ការលក់ និងជួលលំនៅឋាន សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ នឹងត្រូវបានបែងចែកទៅតាមស្តង់ដា និងការវាយតម្លៃទៅតាមបច្ចេកទេសលំនៅឋាន ហើយការអនុវត្តគម្រោងនេះ គឺនឹងប្រើប្រាស់នូវថវិការដ្ឋ ក្រោមកិច្ចសហការពីអង្គការពាក់ព័ន្ធផងដែរ។
លោកថា៖ «យើងបានប្រើប្រាស់នូវថវិកាជាតិ ម្រាប់ផែនការទី ១ គឺការកសាងសមត្ថភាពមន្ត្រីជំនាញ។ យើងមិនដឹងថា ចំណាយប៉ុន្មានទេ តែយើងនឹងអាចដឹងពីចំណាយសរុបបន្ទាប់ពីគម្រោងត្រូវបានរៀបចំរួចរាល់»។
បើតាមលោក ហុងសុជាតិខេមរ៉ូ ដើម្បីសម្រេចបាននូវគោលដៅផ្តល់សេវាលំនៅឋាននេះ នាយកដ្ឋានលំនៅឋាន បានរៀបចំនូវផែនការចំនួន ៤ រួមមាន ទី ១ ការរៀបចំការងារ ពាក់ព័ន្ធនឹងបញ្ញត្តិលំនៅឋាន តាមរយៈការកសាងសមត្ថភាពដល់មន្ត្រី ទី ២ ការបង្កើតមូលនិធិសម្រាប់លំនៅឋាន ទី ៣ ការរៀបចំបទដ្ឋានលំនៅឋាន សម្រាប់ប្រជាពលរដ្ឋ និងទី ៤ ការអនុវត្តគម្រោងសាកល្បង។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា បានទាក់ទាញវិនិយោគិនមកធ្វើការអភិវឌ្ឍផ្នែកអចលនទ្រព្យយ៉ាងច្រើន ប៉ុន្តែការវិនិយោគលើផ្នែកនេះ ច្រើនផ្តោតតែលើលំនៅឋាន សម្រាប់អ្នកដែលមានចំណូលខ្ពស់ ចំណែកការវិនិយោគលើលំនៅឋាន សម្រាប់អ្នកមានចំណូលមធ្យម និងទាបនៅពុំមានសកម្មភាពផុសផុលនៅឡើយ។
លោកថា៖ «ដោយសារកត្តានេះ តម្រូវការចេះតែកើនឡើងនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម ទាបនិងក្រីក្រ ទើបរដ្ឋាភិបាលសម្រេចអនុម័តគោលនយោបាយជាតិនេះ»។
អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត គាំទ្រនូវកម្មវិធីសេវាលំនៅឋាននេះ ដែលជាផ្នែកមួយនៃការជួយដល់ពលរដ្ឋក្រីក្រខ្វះខាតលទ្ធភាពក្នុងការទិញ ឬស្នាក់នៅក្នុងលំនៅឋានសមរម្យ។
លោកថា៖ «កម្មវិធីនេះ អាចជួយឲ្យពលរដ្ឋក្រីក្រទិញផ្ទះក្នុងតម្លៃថោក ឬតាមរយៈការបង់រំលស់ តែខ្ញុំបារម្ភពីដំណើរការនៃការដាក់លក់ ឬជួល ខ្លាចត្រង់ថា អ្នកក្រីក្រពិតប្រាកដមិនអាចរកបាន តែបានតែអ្នកមានលទ្ធភាពអាចរកបានក្នុងតម្លៃថោកទៅវិញ»។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៥ លីកាដូ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយបានរកឃើញថា មានពលរដ្ឋ ១០,៦២៥ គ្រួសារ ដែលបានរងផលប៉ះពាល់ថ្មីដោយសារជម្លោះដីធ្លី ព្រោះយន្តការដោះស្រាយវិវាទដីធ្លីគ្មានប្រសិទ្ធភាព និងការកើតមានអំពើពុករលួយ ជាហេតុនាំឲ្យគ្រួសារខ្លះ បានរងនូវការបណ្តេញចេញ មិនមានលំនៅឋានសមរម្យ ហើយចំនួននេះ មានការកើនឡើង ៣ ដង បើធៀបនឹងឆ្នាំ ២០១៣ ដែលមាន ៣,៤៧៥ គ្រួសារ និងកើនជាង ២ ដង បើធៀបនឹងឆ្នាំ ២០១២ ដែលមានចំនួន ៥,៦៧២ គ្រួសារ។ យ៉ាងណាក្តី ក្រសួងរៀបចំដែនដី បានច្រានចោលរបាយការណ៍នេះ និងបានអះអាងថា វិវាទដីធ្លីទូទាំងប្រទេស បានថយចុះជាង ២០០ ករណីក្នុងឆ្នាំ ២០១៤ បើធៀបនឹងឆ្នាំ ២០១៣៕